សារអេឡិចត្រូនិច
គយ​ប្រមូល​ចំណូល​បាន​ចំនួន​១.៧៤៥​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦


ភ្នំពេញ​: នៅ​ថ្ងៃ​ទី​១១​ខែមករា​ឆ្នាំ​២០១៧​នៅ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ កម្ពុជា បាន​រៀបចំ​កិច្ចប្រជុំ​បូក​សរុប​ការងារ​គយ​និង​រដ្ឋាករ​ប្រចាំឆ្នាំ​២០១៦​ក្រោម​អធិបតីភាព​បណ្ឌិត​ទេស​រដ្ឋមន្ត្រី​អូន​ព័ន្ធ​មុនី​រ័​ត្ន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ដើម្បី​ធ្វើការ​បូក​សរុប​ការងារ​គយ​និង​រដ្ឋាករ​ប្រ ចាំ​ឆ្នាំ​២០១៦ និង​ដាក់​ទិស​ដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៧​។

បណ្ឌិត​គុណ ញឹ​ម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​ថ្លែង​អោយ​ដឹង​ថា​នៅ​ខែធ្នូ​ឆ្នាំ​២០១៦​កន្លង​មកនេះ​គយ​ប្រមូល​បាន​ចំណូល​ពន្ធ គយ​សរុប​មាន​ប្រមាណ​៦១៤​ពាន់​លាន​រៀល​ឬ​(១៥១,៧​លាន​ដុល្លារ​អា​មេ​រិ​ក​) កើនឡើង​ប្រមាណ​ជាង​១១,២%​ធៀប​នឹង​ខែវិច្ឆិកា​ឆ្នាំ​២០១៦​ប៉ុន្តែ​បាន​ថយ ចុះ​ប្រមាណ​៥,៨%​ធៀប​នឹង​ខែធ្នូ​ឆ្នាំ​២០១៥​។​លោក​បាន​បញ្ជាក់​ថា​ប៉ុន្តែ​ជា​រួម​ចំណូល​សរុប​ដែល​ប្រមូល​បាន​ក្នុង​ឆ្នាំ​២០១៦​សម្រេច​បាន​ជាង​៧.០៧៦​ពាន់​លាន រៀល​ឬ​ប្រមាណ​ជា​១.៧៤៥​លាន​ដុល្លារ​អា​មេ​រិ​ក​មាន​កំណើន​ប្រមាណ​១០,៥%​ធៀប​នឹង​ចំណូល​ឆ្នាំ​២០១៥​។​លទ្ធផល​ចំណូល​នេះ​ត្រូវជា​ប្រមាណ ១០៦,២៥% បើ​ប្រៀបធៀប​នឹង​ផែនការ​ដែល​កំណត់​ដោយ​ច្បាប់​ថវិកា​ឆ្នាំ​២០១៦​។​ក្រៅពី​នេះ​គយ​កម្ពុជា​សម្រេច​បានការ​ងារ​ធំ​ៗ​ច្រើន​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៦​គឺ​នោះ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​និង ការ ងារ​គយ​ផ្សេង​ៗ​ទៀត​។ 

បណ្ឌិត​គុណ​ញឹ​ម​បានអោយ​ដឹង​ថា​ចំពោះ​ផែនការ​សកម្មភាព​ឆ្នាំ​២០១៧​ដោយ​ផ្តោត​លើ​៥​គោលដៅ​៖​ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​នីតិវិធី​គយ ពង្រឹង​ប្រសិទ្ធភាព​ការងារ​បង្ការ​និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ  ពង្រឹង​អនុលោម​ភាព ការងារ​បច្ចេកទេស​គយ ធ្វើ​វិចារណ​កម្ម​គោលនយោបាយ​គយ និង​ពង្រឹង​អភិ បាល​កិច្ច​អង្គភាព​គយ​ដែល​ក្នុង​ចំណោម​គោលដៅ​ទាំង​៥​នេះ​មាន​២១​សកម្មភាព​ត្រូវ​អនុវត្ត​។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ​បណ្ឌិត​ទេស​រដ្ឋមន្ត្រី​អូន​ព័ន្ធ​មុនី​រ័​ត្ន​បាន​សំដែង​អំណ រ​សរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី ទទួល ខុស​ត្រូវ​និង​ការ​លះបង់​របស់​មន្ត្រី​គយ​និង​រដ្ឋាករ​គ្រប់​រូប​។​បណ្ឌិត​ទេស​រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ធ្វើការ​ណែនាំ​សម្រាប់​ជា​ទិស​ដៅ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​២០១៧ ដោយ​សង្កត់ធ្ងន់​លើ​ការងារ​ចំនួន​០៧​ចំណុចរួម​មាន​៖ បន្ត​ពង្រឹង​អភិបាលកិច្ច​ល្អ​ក្នុង​អង្គភាព​និង​ក្រមសីលធម៌​វិជ្ជាជីវៈ​។ ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​វាយតម្លៃ​លទ្ធផល​ការងារ​ដែល​សម្រេច​បាន​។​ស្វះ​ស្វែងរក​ប្រភព​ចំណូល ដែល​នៅ​សេសសល់​ដើម្បី​កៀរគរ​ចំណូល​ចូល​ថវិកាជាតិ​បន្ថែម​ទៀត​។​បន្ត​ការ​អនុវត្ត​ឲ្យ​បាន​នូវ​ការ​សម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​ការ​នាំ​ចូល​ផលិតផល​តេ​ល​សិលា​ដោយ​បាន​លុប​ចោល​ទាំងស្រុង​ការ​នាំ​ចូល​តាម​ផ្លូវគោក​។ បន្ត​អនុវត្ត​ជា​ប្រចាំ​នូវ​វិធានការ​នានា​ដូច​ជា​ការ​ពង្រឹង​រដ្ឋបាល​គយ​គោលនយោបាយ​គយ​ពាក់ព័ន្ធ​នឹង​ពន្ធ​អាករ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​និង​ការងារ​បច្ចេកទេស​គយ​ពាក់ព័ន្ធ​នឹង​តម្លៃ​គិត​ពន្ធគយ​យ​ថា​ប្រភេទ​ដើម​កំណើត​និង​បរិមាណ​ទំនិញ​ជាដើម​។​បន្ត​ពង្រឹង​កិច្ចសហការ​ផ្ទៃក្នុង​អង្គភាព​គយ​និង​រដ្ឋាករ​និង​អង្គភាព​ពាក់ព័ន្ធ​ផ្សេង​ទៀត​ជា​ពិសេស​អគ្គនាយកដ្ឋាន​ពន្ធដារ​។​ពង្រឹង​ប្រសិទ្ធ​-​ភាព​ការងារ​បង្ការ ទប់​ស្ត់​និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​ដែល​ជា​ការងារ​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​អនុ លោម ភាព​សារពើពន្ធ​។

ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នេះ​បណ្ឌិត​ទេស​រដ្ឋមន្ត្រី​ក៏​បាន​បំពាក់​គ្រឿង​ឥស្សរិយយស ជូន​ដល់​មន្ត្រី​គយ​និង​រដ្ឋាករ​មាន​ស្នាដៃ​មួយ​ចំនួន​ផង​ដែរ​។

ព័ត៌មានថ្មីៗ