សារអេឡិចត្រូនិច
អូ​បា​ម៉ា ថ្លែង​សារ​លា​ប្រជាជន​អា​មេ​រិ​ក ក្រោយ​កាន់​តំណែង អស់ពីរ​អាណត្តិ


លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ថ្លែង​សារ​លា ទៅ​ដល់​ប្រជាជន​អា​មេ​រិ​ក​ទាំងអស់ នៅ​ថ្ងៃនេះ បន្ទាប់​ពី​កាន់​តំណែង ជា​ប្រធានាធិបតី​អា​មេ​រិ​ក អស់ពីរ​អាណត្តិ (៨​ឆ្នាំ​) កន្លង​មក​។ 

នៅ​ក្នុង​ស​ន្ទ​រក​ថា ដែល​ធ្វើ​ឡើង​នៅ​រដ្ឋ​ឈី​កា​ហ្គោ (Chicago) លោក​បាន​សរសើរ​អា​មេ​រិ​កថា ល្អ​ជាង​មុន និង​ខ្លាំង​ជាង​កាលពី ៨ ឆ្នាំ​មុន ក្រោម​ការ​ដឹកនាំ​របស់​លោក ជា​ប្រធានាធិបតី​។

អូ​បា​ម៉ា គឺជា​ជនជាតិ​ស្បែក​ខ្មៅ​ទី​១  ដែល​បាន​ក្លាយជា​ប្រ​ធា​ធិ​បតី មហាអំណាច​មួយ​នេះ​។ អូ​បា​ម៉ា សព្វថ្ងៃ អាយុ​៥៥​ឆ្នាំ ត្រូវ​បាន​បោះ​ឆ្នោត អោយ​ជាប់​ជា ប្រធានាធិបតី ក្នុង​ឆ្នាំ ២០០៨​។

លោក​អូ​បា​ម៉ា និយាយ​ថា លោក​មិន​ថ្លែង​សារ​ចុង​ក្រោយ នៅ​សេត​វិមាន​ទេ ព្រោះ​គាត់​និយាយ​ថា គាត់​ចង់​ត្រឡប់​ទៅ​កន្លែង​ដើម ដែល​អ្វី​ៗ បាន​ចាប់ផ្តើម ដោយ​សំដៅលើ​រដ្ឋ​ឈី​កា​ហ្គោ (Chicago) កន្លែង​ដែល​គាត់ ត្រូវ​បាន​ប្រកាស​ថា ឈ្នះ​ការ​បោះ​ឆ្នោត ជា​ប្រធានាធិបតី កាលពី​ឆ្នាំ ២០០៨ ។

លោក​នឹង​ផុត​អាណត្តិ នៅ​ថ្ងៃ​ទី ២០ ខែមករា នេះ ខណៈ​ពេល​ដែល ប្រធានាធិបតី​ថ្មី ដូ​ណា​ល់ ត្រាំ នឹង​ត្រូវ​ស្បថ ចូល​កាន់​តំណែង​ជា ប្រធានាធិបតី​អា​មេ​រិ​ក ទី​៤៥ នៅ​ថ្ងៃ​ដដែល​។

អូ​បា​ម៉ា បាន​និយាយ​ថា ការ​ផ្ទេរអំណាច ដោយ​សន្តិវិធី រវាង​ប្រធានាធិបតី គឺជា​សញ្ញា​សំគាល់ អំពី​ប្រជាធិបតេយ្យ​អា​មេ​រិ​ក​។

កាលពី​ពេល​ថ្មី​ៗ​នេះ អូ​បា​ម៉ា ក៍បាន​ណែនាំ​ដល់​អ្នក​ស្នង​តំណែង របស់​លោក កុំអោយ​យក​សេត​វិមាន ធ្វើ​ជា​កន្លែង​ជំនួញ​គ្រួសារ និង​អោយ​គាត់ ត្រូវ​តែ​គោរព រដ្ឋធម្មនុញ្ញ ជា​ដាច់ខាត ព្រោះ​គាត់​នឹង​គ្រប់គ្រង​ស្ថាប័ន មួយ​ដ៍​ធំ​បំផុត នៅ​លើ​ពិភពលោក ៕