សារអេឡិចត្រូនិច
គ​.​ជ​.​ប​. ដាស់តឿន​ប្រជាពលរដ្ឋ ឲ្យ​ទៅ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះ​បោះ​ឆ្នោត


ភ្នំពេញ​: គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​.) បាន​ចេញ​សេចក្តី​ប្រកាស ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​អញ្ជើញ​ទៅ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះ ក្នុង​បញ្ជី​បោះ​ឆ្នោត ដែល​បិទ​ផ្សាយ នៅ​តាម​សាលាឃុំ​សង្កាត់ និង​នៅ​ទីប្រជុំ​ណាមួយ ក្នុង​ឃុំ​សង្កាត់​ទូ​ទាំង​ប្រទេស ឬ​តាម​រយៈ​វេ​ប​សាយ​របស់ គ​.​ជ​.​ប​. www.voterlist.org.kh​។

តាម​សេចក្តី​ប្រកាស របស់​អ្នកនាំពាក្យ​គ​.​ជ​.​ប​. ចុះ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ ថា គ​.​ជ​.​ប​. បាន​ចាប់ផ្តើម​បិទ​ផ្សាយ បញ្ជី​បោះ​ឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ អ្នក​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​បោះ​ឆ្នោត តាម​សាលាឃុំ​សង្កាត់ និង​នៅ​ទីប្រជុំជន​មួយ​កន្លែង​ទៀត ក្នុង​ឃុំ​សង្កាត់ តាំងពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៧​។ ការ​បិទ​ផ្សាយ​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ពិនិត្យ​មើល​ឈ្មោះ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់​ខ្លួន និង​ធ្វើការ​ប្តឹង​តវ៉ា ឬ​ប្តឹង​ជំទាស់​។

ការ​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល ត្រូវ​លុប​ចេញពី​បញ្ជី​បោះ​ឆ្នោត និង​ការ​ប្តឹង​តវ៉ា ឬ​ប្តឹង​ជំទាស់ លើ​បញ្ជី​បោះ​ឆ្នោត​ដំបូង នឹង​ត្រូវ​បញ្ចប់ នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៧ នេះ​។

គ​.​ជ​.​ប​. ក៏​បាន​ធ្វើការ​អំពាវនាវ​ជា​ថ្មី​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ចុះ​ឈ្មោះ​ហើយ សូម​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ឈ្មោះ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ របស់​ខ្លួន ក្នុង​បញ្ជី​បោះ​ឆ្នោត​ដំបូង ដោយ​ផ្ទាល់ ឬ​អាច​ចាត់​ឲ្យ​សមាជិក​ណា​ម្នាក់ ក្នុង​គ្រួសារ ឲ្យ​ទៅ​ពិនិត្យ​មើល ដើម្បី​ឲ្យ​ប្រាកដ​ថា ឈ្មោះ​របស់​ខ្លួន មាន​ក្នុង​បញ្ជី​បោះ​ឆ្នោត និង​មាន​ទិន្នន័យ និង​រូបថត​ត្រឹមត្រូវ​ប្រាកដ​មែន​។ ក្នុង​ករណី​បាត់ឈ្មោះ ឬ​មានឈ្មោះ ឬ​ទិន្នន័យ ឬ​រូបថត​មិន​ត្រឹមត្រូវ សូម​សាមីខ្លួន ឬ​តំណាង មេត្តា​រួសរាន់​ប្តឹង​តវ៉ា ទៅ​ក្រុមប្រឹក្សា ឃុំ​សង្កាត់ យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៧ នេះ ដើម្បី​សុំ​ធ្វើការ​កែតម្រូវ ជា​បន្ទាន់​”​។

 គ​.​ជ​.​ប​. បាន​ប្រកាស​ថា កាលពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៧ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ការ​បិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល នឹង​ត្រូវ​លុប​ចេញពី បញ្ជី​បោះ​ឆ្នោត តាម​ឃុំ​សង្កាត់ ទូ​ទាំង​ប្រទេស ចំនួន​ឈ្មោះ​ក្នុង បញ្ជី​បោះ​ឆ្នោត​ដំបូង ដែល​ត្រូវ​បិទ​ផ្សាយ​សរុប ចំនួន ៧.៨៦៤.៥២៩ នាក់​។

ចំណែក​ចំនួន​ឈ្មោះ ដែល​នឹង​ត្រូវ​លុប​ចេញពី បញ្ជី​បោះ​ឆ្នោត សរុប ៨.៣៤៦ នាក់ និង​ឈ្មោះ​ដែល​បាន លុប​ចេញ​រួច​ហើយ មាន​ចំនួន ២.៧៣៧ នាក់ ដោយសារ​ទិន្នន័យ​នេះ សល់​ពី​ការ​ចុះ​ឈ្មោះ​សាកល្បង និង​ការ​ផ្ទេរ​ការិយាល័យ ក្នុង​ឃុំ​សង្កាត់​៕