សារអេឡិចត្រូនិច
ហេតុ​អី​បានជា​ល្បែងស៊ីសង នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង បង្ក្រាប​មិន​ចេះ​អស់


កំពង់ឆ្នាំង​: កម្លាំង​នគរបាល​ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ​កំលាំង​ការិយាល័យ​ជំនាញ កាលពី​វេលា​ម៉ោង​ប្រមាណ ២:៣០ រសៀល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧​នេះ បាន​ចុះ​បង្ក្រាប ករណី​ល្បែងស៊ីសង (​កត់​កន្ទុយលេខ​) មួយ​កន្លែង ឃាត់ខ្លួន​ស្ត្រី​អ្នក​កត់​ឆ្នោត​បាន​ម្នាក់ នៅ​មុខ​រោងចក្រ​អឹ​ម​វី (M.V) ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​អ្នក​កត់​កន្ទុយលេខ​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ ឈ្មោះ វ៉ា​ន់ ស៊ី អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង​។ ក្នុង​ពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​មួយ​ចំនួន រួម​មាន​ក្រដាស​កត់​កន្ទុយលេខ​៣​ដុំ​, លុយ​អា​មេ​រិ​ក ១២៥​ដុល្លារ​, លុយ​ខ្មែរ ៣៦ ម៉ឺន​រៀល​, ទូរស័ព្ទ​៣​គ្រឿង​, ម៉ាស៊ីន​គិត​លេខ ២​គ្រឿង និង​សៀវភៅ​កត់ លេខ​៤​ក្បាល​។

មជ្ឈដ្ឋាន​នានា​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​លើក​ជា​សំណួរ​សួរ​ថា ហេតុ​អី​បានជា​ល្បែងស៊ីសង​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​បង្ក្រាប​មិន​ចេះ​អស់ មក​ពី​អ្នកលេង​មុខ​ដដែល​ៗ​នោះ មិន​ខ្លាច​ច្បាប់ ឬ​មក​ពី​សមត្ថកិច្ច​ចាប់​បាន​អ្នក​ប្រព្រឹត្ត បាន​ហើយ​ដោះ​លែងយក​តែ​លុយ  មិន​អនុវត្តន៍​ទៅ​តាម​ច្បាប់?

ព័ត៌មានថ្មីៗ