សារអេឡិចត្រូនិច
Bosco Wong តារា​សម្តែង​ហុងកុង​ដ៏​ល្បី កំពុង​ត្រៀម​បង្ហាញខ្លួន ជា​លើក​ដំបូង នៅ​ភី​អិន​អិន


ភ្នំពេញ​: តារា​សម្តែង​ដ៏​ល្បី​ប្រចាំ ទូរទស្សន៍​ហុងកុង TVB និង​ជាតា​រា​ក្នុង​ដួងចិត្ត របស់​ប្រិ​យ​មិត្ត​កម្ពុជា ជា​ច្រើន​ផង​នោះ គឺ​លោក Bosco Wong ត្រៀម​នឹង​បង្ហាញខ្លួន នៅ​ស្ថានីយ ទូរទស្សន៍ ភី​អិន​អិន ជា​លើក​ដំបូង ក្នុង​ខ្សែភាពយន្ត​ភាគ រឿង​ហុងកុង «​មិត្តភាព​ប្រែ​ឫស្យា​»​។ 

«​មិត្តភាព​ប្រែ​ឫស្យា​» ជា​ភាពយន្ត​ដែល​ល្បី និង​ទទួល​បាន​ជោគជ័យ​មួយ នៅ​ហុងកុង ជា​ពិសេស សម្រាប់​អ្នក​ដែល​ធ្វើការ ផ្នែក​ទំនាក់ទំនង ព្រោះតែ​ខ្សែភាពយន្ត​នេះ បង្ហាញ​អំពី​ឧបសគ្គ និង​យុទ្ធសាស្ត្រ​ផ្សេង​ៗ ក្នុង​ការ​ដោះស្រាយ​បញ្ហា ដែល​កើត​មាន​។ 

ក្រៅពី Bosco Wong (Sheldon) ក៏​នៅ​មាន​តារា​ល្បី​ៗ ផ្សេង​ទៀត ដូច​ជា Edwin Siu (Sean) និង Louis Cheung (Tim) ជាដើម ដោយ​តម្រូវ​អោយ​ពួក​គេ ទាំង​បី​នាក់ ធ្វើ​ជា​មិត្ត​ជិត​ស្និទ្ធ តស៊ូ​ក្នុង​មុខ​ជំនួញ​ជាមួយ​គ្នា​។ Sheldon គឺជា​មនុស្ស ដែល​មាន​មហិច្ឆតា Sean គឺជា​មនុស្ស​សុទិដ្ឋិនិយម Tim គឺជា​មនុស្ស​ពូកែ​ខាង​វោហា​ស័ព្ទ​។ ពួក​គេ​ទាំង​បី​នាក់ បាន​ប្រើប្រាស់​ជំនាញ ពិសេស​របស់​ខ្លួន ដើម្បី​ធ្វើការ​ទំនាក់ទំនង ក្នុង​សង្គម​។ ដើរ​លើ​វិស័យ​ទំនាក់ទំនង​សាធារណៈ ពួក​គេ​បាន​បង្កើត​ភាព​អស្ចារ្យ ដែល​មិន​គួរ​អោយ​ជឿ ជា​ច្រើន ប៉ុន្តែ​សំណាង​មិនល្អ កិច្ចការ​របស់​ពួក​គេ ក៏​ត្រូវ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ដោយសារ​តែ ទំនាក់ទំនង​របស់​ពួក​គេ ទាំង​បី​នាក់ ត្រូវ​បាន​ប្រេះឆា​។  

តើ​មូលហេតុ​អ្វី ទើប​បណ្តាល​អោយ​ពួក​គេ ជួប​វិបត្តិ​បែប​នេះ?  បើ​ចង់​ជ្រាប​ច្បាស់ សូមកុំ​ភ្លេច​រង់ចាំ តាមដាន​ទស្សនា ខ្សែភាពយន្ត​ដ៏ ល្អ​ឥត​ខ្ចោះ​មួយ​នេះ ដែល​នឹង​ចាក់​ផ្សាយ នៅ​ថ្ងៃ​ទី ១៧ ខែមករា រៀងរាល់ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​ពុធ វេលា​ម៉ោង ១១:០០-១៣:០០ បន្ទាប់​ពី​រឿង «​សង្សារ​ខ្ញុំ​មនុស្ស​ក្រៅ​ភព​»៕