សារអេឡិចត្រូនិច
មន្ត្រី​៖ ជា​បទ​ពិសោធន៍​អាក្រក់ គួរ​អោយ​ខ្លាច​មួយ ករណី​រថយន្ត​២៤​កៅអី ដឹក​ភ្ញៀវ​បរទេស ឆ្លងភ្លើង​ឆេះ​ខ្ទេច


: ករណី​រថយន្ត ២៤​កៅអី ដឹក​ភ្ញៀវ​ទេសចរ​បរទេស ត្រូវ​ជួប​ឧបទ្ទវហេតុ ឆ្លងភ្លើង​ឆេះ​ខ្ទេច សល់​តែ​ឆ្អឹង​ដែក ត្រូវ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​វាយតម្លៃ​ថា ជា​បទ​ពិសោធន៍​ដ៏​អាក្រក់ និង​គួរ​អោយ​ខ្លាច​មួយ ដែល​ម្ចាស់​ឬ​ក្រុមហ៊ុន​រថយន្ត​ទេសចរ និង​អ្នកបើកបរ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន បង្ការ​ទ​វប់​ស្កាត់​។

លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ ទទួល​វិស័យ​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​ដូច្នេះ នៅ​ថ្ងៃ​ទី​១២ មក​រា ដូច​ខាងលើ បន្ទាប់​ពី​មាន​ករណី​ទុ​ស្សេ​ឆ្លង​ឆេះ រថយន្ត​ចំណុះ​២៤​កៅអី ដឹក​ភ្ញៀវ​ទេសចរ​បរទេស​១​គ្រឿង កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី ល្ងាច​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្បែរ​សាលា​អ៊ិ​ន​តាំ ស្ថិត​ក្នុងភូមិ​-​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​។

ចំណែក​លោក ចាន់ តារា ស្នងការ​រង​ទទួល​ផែន​អគ្គិភ័យ បង្ការ​ពន្លត់ និង​អាវុធ​ជាតិ​ផ្ទុះ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ បានអោយ​ដឹង​ដែរ​ថា​: កន្លង​មក មាន​តែ​ករណី​រថយន្ត​តូច ប្រើ​ហ្គា​ស​ផ្ទុះ​ឆេះ ដោយសារ​បុក​គ្នា ដោយសារ​គ្រោះថ្នាក់​នានា តែ​លើក​នេះ​គឺ រថយន្តក្រុង​ដឹក​ភ្ញៀវ​បរទេស សុខ​ៗ​ឆ្លង​ចរន្ត​ភ្លើង ហើយ​ឆាបឆេះ​។ ហេតុនេះ អាជ្ញាធរ និង​ជំនាញ សូម​អំពាវនាវ​ដល់​ម្ចាស់ ឬ​ក្រុមហ៊ុន និង​អ្នកបើកបរ​យានយន្ត ពិសេស​យានយន្ត​ដឹក​អ្នកដំណើរ និង​ដឹក​ភ្ញៀវ​ទេសចរ ទាំង​ជាតិ និង​អន្តរជាតិ មេត្តា​បង្ការ ទប់ស្កាត់ ត្រួតពិនិត្យ​លក្ខណ​: បច្ចេកទេស​យានយន្ត​របស់​ខ្លួន អោយ​បាន​ម៉ត់ចត់ និង​ជា​ប្រចាំ ដើម្បី​កុំអោយ​មាន​ឧបទ្ទវហេតុ​ដូច្នេះ​។

សូម​រំលឹក​ថា :​នៅ​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​១០ មក​រា ២០១៧  រថយន្តក្រុង​ចំណុះ​២៤​កៅអី​១​គ្រឿង ម៉ាក​ហ៊ី​យាន់​ដាយ ពាក់​ស្លាក​លេខ​សៀមរាប​៣A១១៦៩ អ្នកបើកបរ​មិន​ស្គាល់ អត្តសញ្ញាណ បាន​ដឹក​ភ្ញៀវ​ទេសចរ​បរទេស ១៤​នាក់ ពី​ខេត្តសៀមរាប ឆ្ពោះទៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ហើយ​បាន​ទុ​ស្សេ ឆ្លង​ឆេះ នៅ​លើ​កំណាត់ ផ្លូវជាតិ​លេខ​៥ ក្បែរ​សាលា​អ៊ិ​ន​តាំ ស្ថិត​ក្នុងភូមិ​-​សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​។

លោក​ឆេ​ង​អ៊ី សុខា អធិការ​នគរបាល ស្រុក​អូរ​ជ្រៅ ដែល​នាំ​កម្លាំង​សហការ​នឹង នគរបាល​ក្រុង​សិរី​សោភ័ណ នគរបាល​ចរាចរណ៍ និង​នគរបាល​អគ្គិភ័យ​ខេត្ត បាន​ស្រង់​ប្រភព​អ្នកបើកបរ​អែប (​ព្រូ​) ឡាន​នោះ ដូចដែល​និយាយ​ថា​: រថយន្ត​នោះ គ្មាន​បញ្ហា​អ្វី​ពី​មុន​មក​ទេ​។ តែ​មក​ដល់​ចំណុច​ខាងលើ ក៏​គាំងម៉ាស៊ីន (​គុ​ប៉េ​ម៉ាស៊ីន​) ហើយ​មាន​ផ្សែងហុយ និង​ឈ្ងៀម ចេញពី​ផ្នែក​ខាង​មុខ​។ រថយន្ត​ក៏​ឈប់ ហើយ​ជា​បន្ទាន់ គឺ​គិត​សុវត្ថិភាព​ភ្ញៀវ​បរទេស ដោយ​អោយ​ពួក​គេ ចុះ​ជាមួយ​ឥ​វ៉ា​ន់ សម្ភារ​:​។ តម​ក​ផ្សែងហុយ​នោះ បាន​ក្លាយជា​អណ្តាតភ្លើង ហើយ​ឆេះ​រាល​សន្ធោសន្ធៅ ពេញ​រថយន្ត​តែ​ម្តង​។ ពោល​គឺ​ទោះបី​យក បំពង់​ពន្លត់​អគ្គិភ័យ ក្នុង​រថយន្ត​បូក​នឹង​រថយន្ត​ពន្លត់​អគ្គិភ័យ​ខេត្ត ទៅ​ជួយ ក៏​ពន្លត់​មិន​បាន​ដែរ​។ រថយន្ត​ត្រូវ​ឆេះ​ខ្ទេច សល់​តែ​គ្រោងឆ្អឹង​ដែក ។ សមត្ថកិច្ច និង​សេវា​រថយន្ត​ស្ទូច ត្រូវ​ចំណាយពេល​ដល់​យប់​ជ្រៅ ទើប​ស្ទូច​ខ្មោច​ឡាន​រង​គ្រោះ មក​ទុក​នៅ​ការិយាល័យ នគរបាល​អគ្គិភ័យ​ខេត្ត​បាន​៕