ក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជា មានកំណើនខ្ពស់កាលពីឆ្នាំមុន
ថ្ងៃ ព្រហស្បត្ត៏ ទី ១២ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៤:៥១
ភ្នំពេញ ៖ ក្រុមហ៊ុនជប៉ុនដែលបានវិនិយោគនៅកម្ពុជា បានកើនឡើងខ្ពស់ដោយ គិតត្រឹមដំណាច់ឆ្នាំ២០១៦ កន្លងមកនេះ មានក្រុមហ៊ុនជប៉ុន ទាំងតូចទាំងធំ ដែលបានវិនិយោគនៅកម្ពុជា មានចំនួន រហូត ដល់៩៧៧ក្រុមហ៊ុន។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអ៊ិលស៊ី ដែលជា ធនាគារដើរតួនាទីជាអ្នកផ្តល់សេវាកម្មទូទាត់សាច់ប្រាក់ ជាមួយក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជា បានឲ្យដឹងតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១១ មករា កន្លងមកថា គិតត្រឹមដំណាច់ឆ្នាំមុន ក្រុមហ៊ុនសាជីវកម្មជប៉ុនធំៗ ចំនួន២៨៩ ក្រុមហ៊ុន កើនឡើង១៧ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ ដែលមានក្រុមហ៊ុន សាជីវកម្មជប៉ុនធំៗ វិនិយោគនៅកម្ពុជាចំនួន២៤៧ក្រុមហ៊ុនប៉ុណ្ណោះ។ ចំណែកក្រុមហ៊ុនតូចៗជាលក្ខណៈឯកត្តជន បានកើនពី៣៦៩ក្រុមហ៊ុនកាលពីឆ្នាំ២០១៥ ដល់ចំនួន៦៧៨ក្រុមហ៊ុននៅដំណាច់ឆ្នាំមុន ស្មើនឹងកំណើន៨៣.៧៣ភាគរយ។
លោក អ៊ិន ចាន់នី បានបន្តថា “នៅឆ្នាំ២០១៧នេះ លោករំពឹងថា អ្នកវិនិយោគជប៉ុននឹងចូលមកកាន់កម្ពុជា កាន់តែច្រើនជាងមុន ដោយសារកម្ពុជា រក្សាបានកំណើនសេដ្ឋកិច្ចរឹងមាំ ក្នុងកំណើន ៧ភាគរយប្រចាំឆ្នាំ និងការរក្សាបាននូវស្ថិរភាពនយោបាយ និងស្ថិរភាពសង្គមរបស់កម្ពុជា”។លោកបន្តថា “ការភ្ជាប់ជើងហោះហើរត្រង់របស់ជប៉ុនកាលពីចុងឆ្នាំមុន ក៏ជាការជំរុញកំណើន ពាណិជ្ជកម្ម ទេសចរណ៍ នឹងវិនិយោគជប៉ុនកាន់តែច្រើនមកកម្ពុជា”។
ក្រុមហ៊ុនជប៉ុន ដែលមកវិនិយោគនៅកម្ពុជាបានផ្តោតលើសេវាកម្មចម្រុះដូចជា អចលនទ្រព្យ សណ្ឋាគារ ភោជនីយដ្ឋាន សេវាកម្ម គ្រឿងបន្លាស់ គ្រឿងសម្អាង និងផលិតផលជាច្រើនទៀត។នេះបើតាមការបញ្ជាក់របស់លោក អ៊ិន ចាន់នី។
លោក បន្តថា ការមកដល់របស់ក្រុមហ៊ុនផ្សារទំនើប AEON Mall បានទាក់ទាញក្រុមហ៊ុនវិនិយោគជប៉ុនតូចៗ ជាច្រើនទៀត ចូលមកកាន់កម្ពុជា ព្រោះក្រុមហ៊ុនផ្សារទំនើបនេះ ជាក្រុមហ៊ុនធំមួយ និងមានដៃគូជាច្រើន ដែលបានប្រើប្រាស់សេវាកម្មរបស់ពួកគេ។ សេដ្ឋវិទូកម្ពុជា បានសម្តែងការស្វាគមន៍ផងដែរ ចំពោះការវិនិយោគរបស់អ្នកវិនិយោគជប៉ុននៅកម្ពុជា។
លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងថា តាមព័ត៌មាន លោកទទួលបាន អ្នកវិនិយោគជប៉ុនមកវិនិយោគនៅកម្ពុជា មិនសូវមានចំនួនច្រើននោះទេកាលពីឆ្នាំមុន ប៉ុន្តែពួកគេនៅតែចូលមក ដោយសារការមកដល់ នៃអាកាសចរណ៍ជប៉ុន ព្រោះការភ្ជាប់ជើងហោះហើររបស់ក្រុមហ៊ុនANA របស់ជប៉ុន ជាការផ្លាស់ប្តូរប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងជាមួយជប៉ុន លើវិស័យ ពាណិជ្ជកម្ម។
លោក បន្តថា “អ្នកវិនិយោគជប៉ុនមុនមកវិនិយោគនៅប្រទេសណាមួយ ពួកគេសិក្សាច្បាស់លាស់ណាស់ មុនពួកគេសម្រេចចិត្តចូលមក ហើយពេលពួកគេចូលមក គឺពួកគេផ្តោតលើការវិនិយោគរយៈពេលវែងនៅកម្ពុជា”។លោក បន្តថា “បច្ចុប្បន្នជប៉ុនមានមូលដ្ឋានគ្រប់គ្រាន់ហើយ សម្រាប់ផ្តល់ឲ្យពួកគេរស់នៅ និងវិនិយោគរយៈពេលវែងនៅទីនេះ”៕
ប្រភពពីៈ ទូរទស្សន៍បាយ័ន