សារអេឡិចត្រូនិច
អ្នកជំនាញ អះអាង​ថា វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា មិន​មានការ​ធ្លាក់​ចុះ​ទេ នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ


ភ្នំពេញ ៖ ខណៈ​ដែល​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​ឈាន​មក​ដល់​នា​ពេល​ខាង​មុខ អ្នកជំនាញ​ខាង​អចល​ទ្រព្យ ធ្វើការ​អះអាង​ថា នៅ​ឆ្នាំ​២០១៧ ក៏​ដូច​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ចរន្ត​នៃ​ការ​ធ្លាក់​ចុះ​វិស័យ​អចលនវត្ថុ នៅ មិន​ទាន់​មានការ​ធ្លាក់​ចុះ​នោះ​ទេ គ្រាន់តែ​មាន​សភាព​នៅ​ទ្រឹង​ប៉ុណ្ណោះ​។

នៅ​រសៀល​ថ្ងៃ​ទី​១១ មក​រា ឆ្នាំ​២០១៧ ម្សិលមិញ​នេះ លោក​ឧកញ៉ា សៀ ឬ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើ​ល​ប្រ៊ិ​ដ៍ ឡេ​ន ខេ​ម​បូ​ឌា បាន​មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​២០១៧ វិស័យ​អចលនវត្ថុ​អាច​នៅ​ទ្រឹង ក៏​ប៉ុន្តែ​មិន​អាច​មាន​ចរន្ត​មួយ​ណា​អាច​ធ្វើ​ឲ្យ​មានការ​ធ្លាក់​ចុះ​នោះ​ដែរ ពីព្រោះ​ទីផ្សារ​មួយ​នេះ នៅ​កម្ពុជា គឺ​ផ្អែក​ទៅ​លើ​លំហូរ​នៃ​ការ​វិនិយោគ​ចូល​ពី​ក្រៅប្រទេស ដែល​បច្ចុប្បន្ន​យើង​នៅ​តែ មាន​លំហូរ​ច្រើន​មក​អភិវឌ្ឍន៍​លើ​វិស័យ​អចលនវត្ថុ​។

លោក​ឧកញ៉ា បាន​បន្ត​ថា សម្រាប់​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ដែល​ជា​ឆ្នាំ​បោះ​ឆ្នោត​ដ៏​ធំ​នោះ កាលណា​ការ​បោះ​ឆ្នោត​ខិតចូល​មក​ដល់ គឺ​មាន​ភាព​ទ្រឹង​បន្តិច​។ ប៉ុន្តែ​ក្រោយ ពេល​បោះ​ឆ្នោត វិស័យ​នេះ នឹង​ត្រឡប់​មក​វិញ​នូវ​អ្នក​វិនិយោគ​ហើយ នឹង​ធ្វើ​ឲ្យ​វិស័យ​អចលវត្ថុ​កើនឡើង​ដដែល​។

ឆ្លៀត​ក្នុង​ឱកាស​នោះ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើ​ល​ប្រ៊ិ​ដ៍ ឡេ​ន រូប​នេះ បាន​ប្រកាស​លក់​ផ្ទះ ចំនួន​៣១ កម្ពស់​២​ជាន់ និង​តូប​លក់ទំនិញ​នានា​ដែល​ស្ថិត​នៅ​អគារ ឌឹ​ប្រ៊ិ​ដ ដែល​មា​នទី​តាំងនៅ​ក្បែរ​ស្ពាន​ហង្ស កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ ដែល​ក្នុង​នោះ​តម្លៃ​ផ្ទះ​១​ល្វែង មាន​តម្លៃ​ចាប់ពី ១​លាន​ដុល្លារ​អា​មេ​រិ​ក​ឡើង​ទៅ ដោយឡែក តម្លៃ​តូប​មាន​ចាប់ពី ១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

លោក​ឧកញ៉ា បញ្ជាក់ បន្ថែម​ថា សម្រាប់​អតិថិជន  ដែល​មាន​បំណង​ចង់​ប្រកប​របរ​រកស៊ី​ក្នុង​ផ្សារ​នៃ​អគារ​នេះ ក្រុមហ៊ុន​មានការ​ធានា រយៈពេល​៥​ឆ្នាំ​ដំបូង ចំនួន ៦% ក្នុង​មួយ​ឆ្នាំ​។ ពោល​គឺ​ក្រុមហ៊ុន​នឹង​ផ្តល់​ឲ្យ​អតិថិជន​មានការ​ចំណេញ ៦% ពី​ការ​លក់​។

គួរ​រម្លឹក​ថា អគារ ឌឹ ប្រ៊ិ​ដ ជា​អគារ​ភ្លោះ​ដ៏​អស្ចារ្យ​មួយ​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​កម្ពស់​រហូត​ដល់ ៤៥​ជាន់ និង​ជា​គម្រោង​សាងសង់​ដែល​ជា​ការ​បណ្តាក់ទុន​រួម​គ្នា រវាង​ក្រុមហ៊ុន​មក​ពី​ប្រទេស​សិង្ហ​បុរី Oxley Holdings Limited ជាមួយ នឹង​ក្រុមហ៊ុន World Bridge Land Co., Ltd របស់​អ្នក​វិនិយោគ​កម្ពុជា ដោយ​មាន​ទុន​វិនិយោគ​សរុប​ចំនួន ៣០០​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​គ្រោង​បញ្ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​៕

ប្រភព​ពីៈ ទូរទស្សន៍​បាយ័ន