សារអេឡិចត្រូនិច
អង្គការ​ណា​សា​បង្ហាញ​ទិន្នន័យ​ថា​ព្រៃឈើ​នៅ​កម្ពុជា​កំពុង​ហិនហោច​លឿន​ខ្លាំង


ទិន្នន័យ​របស់​អង្គការ​ណា​សា (NASA) ដែល​ទើប​ចេញផ្សាយ​បង្ហាញ​ថា ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា កំពុង​បាត់បង់​លឿន​ខ្លាំង ហើយ​កម្ពុជា ស្ថិត​ក្នុង​ក្រុម​ប្រទេស​ដែល​មាន​អត្រា​ការ​កាប់​ព្រៃឈើ​លឿន​ជាងគេ​បំផុត​ក្នុង​ពិភពលោក​។ ទោះជា​យ៉ាងណា ក្រសួងបរិស្ថាន​កម្ពុជា ថ្លែង​ថា រដ្ឋាភិបាល​កំពុង​ទប់ស្កាត់​ការ​កាប់​ព្រៃឈើ​ដោយ​យន្តការ​ម៉ឺងម៉ាត់​។

អង្គការ​ណា​សា នៅ​សហរដ្ឋអាមេរិក ដែល​ជំនាញ​ខាង​ផ្នែក​លំហ​អាកាស បាន​បោះពុម្ពផ្សាយ​រូបភាព​ដែល​ថត​ដោយ​ផ្កាយ​រណប ដោយ​បច្ចេកវិទ្យា​លែ​ន​សា​ដ (Landsat)​។ រូបភាព​បាន​បង្ហាញ​ពី​ទិដ្ឋភាព​ព្រៃឈើ​ដែល​គ្របដណ្ដប់​នៅ​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០០០ និង​ឆ្នាំ​២០១៥​។

តាម​រយៈ​រូបភាព​នេះ កម្ពុជា បាន​បាត់បង់​ព្រៃឈើ​ចំនួន ១៤,៤% ឬ ១,៤៤​លាន​ហិ​កតារ​ក្នុង​មួយ​ឆ្នាំ​ៗ​។

ណា​សា ឲ្យ​ដឹង​ថា ព្រៃ​ការពារ​ក៏​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ដែរ​ក្នុង​រយៈពេល​ជាង​មួយ​ទស​វត្ស​មកនេះ​។ ព្រៃឈើ​ភាគច្រើន ត្រូវ​គេ​កាប់​ដើម្បី​រាន​ធ្វើ​ចម្ការ​កៅស៊ូ និង​ដើម្បី​យក​ឈើប្រណិត​។

អ្នក​ស្រាវជ្រាវ​ដែល​បាន​ប្រើ​ទិន្នន័យ​ពី​រូបភាព​ផ្កាយ​រណប និង​ទិន្នន័យ​វិភាគ​ផ្នែក​សេដ្ឋកិច្ច​ដទៃ​ទៀត​គូសបញ្ជាក់​ថា បម្រែបម្រួល​តម្លៃ​ជ័រកៅស៊ូ​លើ​ទីផ្សារ​អន្តរជាតិ និង​ការ​កើនឡើង​ឆាប់រហ័ស​នៃ​ការ​ផ្តល់​ដី​សម្បទាន ជា​មូលហេតុ​ចម្បង​ព​ន្លឿ​ន​ការ​បាត់បង់​ព្រៃឈើ​នៅ​កម្ពុជា​។

រដ្ឋាភិបាល​កម្ពុជា ផ្តល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក និង​បរទេស ដើម្បី​ធ្វើ​ចម្ការ​កសិកម្ម​ការ​ផលិត​ឈើប្រណិត ជាដើម​។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ព្រៃឈើ​នៅ​ក្នុង​ដី​សម្បទាន​បាត់បង់​លឿន​ជាង​ព្រៃឈើ​ដែល​នៅ​ក្រៅ​ដី​សម្បទាន ចន្លោះ​ពី ២៩ ទៅ ១០៥​ភាគរយ​។

របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​សង្គម​ស៊ី​វិល​កម្ពុជា បាន​រក​ឃើញ​ថា គិត​ត្រឹម​ចុងឆ្នាំ​២០១៥ ផ្ទៃដី​ទំហំ​ជាង ១​លាន ៥​សែន​ហិ​កតារ (១.៥៣២.៧៨៣​ហិ​កតារ​) នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ២៦៧ ដោយ​លាតសន្ធឹង​លើ​ខេត្ត​ចំនួន​១៨​។

ក្រុមហ៊ុន​១២៨ ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​មាន​ទីតាំង​ត្រួតស៊ីគ្នា​លើ​តំបន់​ព្រៃស្រោង និង​ព្រៃ​ពាក់កណ្ដាល​ស្រោង ហើយ​ក្រុមហ៊ុន​៧២ ទទួល​បាន​ដី​សម្បទាន​ដែល​ត្រួត​លើ​តំបន់​ការពារ និង​ព្រៃ​ការពារ​។

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក សៅ សុភាព ឲ្យ​ដឹង​ថា លោក​មិន​ទាន់​បានឃើញ​ទិន្នន័យ​របស់​ណា​សា​នេះ​ទេ​។ ក៏​ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ម៉ឺងម៉ាត់​។ លោក សៅ សុភាព លើក​ពី​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ដូច​ជា​ការ​ដកហូត​ដី​សម្បទាន ការ​ចេញ​បទបញ្ជា​លេខ​០១ សារាចរ​លេខ​៥ ការ​បង្កើត​គណៈកម្មការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ការ​រៀបចំ​វេទិកា​ថ្នាក់​ជាតិ និង​ការ​ដាក់​ពង្រាយ​មន្ត្រី​បរិស្ថាន ដើរ​ល្បាត​ព្រៃ និង​អនុវត្ត​ច្បាប់​ព្រៃឈើ​៖ «​យើង​មាន​គោលការណ៍​ច្បាប់​។ អ្នក​ណា​ប្រព្រឹត្ត​ខុសច្បាប់ នឹង​ត្រូវ​ទទួលទោស​តាម​ច្បាប់​។ ដូច្នេះ​យើង​មានច្បាប់​ត្រូវ​តែ​ពង្រឹង​។ ធ្វើ​សកម្មភាព​ការពារ និង​អភិរក្ស​។ អនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់​»​។

អង្គការ​ណា​សា បញ្ជាក់​ថា បើ​ទោះជា​ប្រទេស​ជា​ច្រើន​ទៀត​កំពុង​បាត់បង់​ព្រៃឈើ​ជា​ច្រើន​ហិ​កតារ​ជាង​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្តី ក៏​ប៉ុន្តែ​ការ​កាប់​ព្រៃឈើ​នៅ​កម្ពុជា មាន​សភាព​ខ្លាំងក្លា​ជាង​។

ក្នុង​មួយ​ឆ្នាំ​ៗ ប្រទេស​សេ​រ៉ា​ឡេ​អូន បាត់បង់​ព្រៃឈើ ១២,៦​ភាគរយ ម៉ា​ដា​ហ្គា​ស្កា ៨,៣​ភាគរយ អ៊ុយ​រ៉ា​ហ្គា​យ ៨,១​ភាគរយ និង​ប៉ា​រ៉ា​ហ្គា​យ ៧,៧​ភាគរយ​៕

ប្រភពពីៈ rfa

ព័ត៌មានថ្មីៗ