សារអេឡិចត្រូនិច
រឿង​ខ្លី​៖ ជូនពរ​អ្នក​ដែល​បាន អាន​អត្ថបទ​នេះ​ហើយ សូម​អោយ​ជួប​ប្រទះ​ស្នេហា​ពិត​!!!


ជា​យូរលង់​ណាស់​មក​ហើយ មាន​បុរស​ម្នាក់​ស្រលាញ់​នារី​ម្នាក់​។ ប៉ុន្តែ​ឪពុក​ម្តាយ​ខាង​ស្រី​មិនសូវ​ជា ពេញចិត្ត​ចិត្តថ្លើម​ចំពោះ​បុរស​ប៉ុន្មាន​ទេ ក៏​ព្រោះតែ​គាត់​ជា​អ្នកក្រ​។ បុរស​កំសត់​ព្យាយាម​លន់តួ​សុំ​ការ​អនុញ្ញាត​ពី​ឪពុក​ម្តាយ​របស់​នាង ដើម្បី​អោយ​ពួក​គាត់​យល់​ព្រមអោយ​ពួក​គេ​ទាំង​ពីរ​ស្រលាញ់​គ្នា​។ ដោយសារ​តែ​មើលឃើញ​ពី​ភាព​អំនត់ និង​សេចក្តី​តស៊ូ​ព្យាយាម​របស់​បុរស ដែល​ខំប្រឹង​អស់​រយៈកាល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​, ឪ​ពយ​ក​ម្តាយ​របស់​នាង​ក៏​យល់ព្រម​អោយ​ពួក​គេ​ទាំង​ពីរ​ស្រលាញ់​គ្នា​។

មិនយូរ​ប៉ុន្មាន​, បុរស​ក៏​ត្រូវ​ចាកចេញ​ទៅ​ឆ្ងាយ​ពី​នារី​ជាទី​ស្រលាញ់ ដោយសារ​តែ​គាត់​ត្រូវ​បំពេញ​តួនាទីរ​ក្នុង​ការ​ការពារ​ទឹកដី ព្រោះ​គាត់​ជា​ទា​ហ៊ាន​។ បុរស​ត្រូវ​បាន​គេ​តំរូវ​អោយទៅ​សមរភូមិ​រយៈពេល ១ ឆ្នាំ​។ មួ​យស​ប្តា​ហ៍​មុន​គាត់​ចាក់ចេញ​ទៅ​, បុរស​បាន​លត់​ជង្គង់ ហើយ​សុំ​នាង​ថា​, «​តើ​អូន​ព្រម​រៀប​ការ​ជាមួយនឹង​បង​ទេ?​» នាង​ជូត​ទឹកភ្នែក ហើយ​និយាយ​ថា​, «​អូន​យល់ព្រម​»​។ បុរស​ក៏​បាន​បំពាក់​ចិញ្ចៀន​អោយ​នាង ជា​តំណាង​នៃ​ការ​កិច្ច​ព្រម​ព្រៀម​របស់​ពួក​គេ​។ ពួក​គេ​យល់ព្រម​នឹង​គ្នា​ថា នឹង​រៀប​ការ​នៅ​ពេល​ដែល​បុរស​ត្រប់​មក​វិញ​នៅ​ឆ្នាំ​ក្រោយ​។

ប៉ុន្មាន​ក្រោយ​បន្ទាប់​ពី​បុរស​ចាកចេញ​ទៅ​, នារី​ជា​គូ​ដ​ណ្តឹ​ម​ក៏​បាន​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ដែល​នាង​កំពុង​ជិះ​កង់​។ នាងរង​របួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ​។

ក្រោយ​ពី​សន្លប់​ជា​ច្រើន​ស​ប្តា​ហ៍​, នាង​ក៏​ដឹងខ្លួន​ឡើង​វិញ ហើយ​នាង​បានឃើញ​ឪពុក​ម្តាយ​របស់​នាង​កំពុង​បង្ហូរទឹកភ្នែក​។ ភ្លាម​ៗ​នោះ​នាង​មាន​អារម្មណ៍​ដឹង​ថា ច្បាស់​ជា​មាន​អ្វី​កើតឡើង​ចំពោះ​នាង​ជា​មិន​ខាន​ឡើយ​។

ពេល​រក​ឃើញ​ថា​នាងរង​របួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ​។ ផ្នែក​ខួរក្បាល​មួយ​ចំហៀង​ដែល​គ្រប់គ្រង​សាច់ដុំ​មុខ​របស់​នាង​ត្រូវ​បាន​ខូច​។ មុខមាត់​ដ៏​គួរ​អោយ​ស្រលាញ់​របស់​នាង បាន​ប្រែ​ក្លាយទៅជា​គួរ​ខ្ពើមរអើម​។ នាង​យំ​ជា​ខ្លាំង​នៅ​ពេល​ដែល​នាង​បានឃើញ​រូបរាង​របស់​នាង នៅ​ក្នុង​កញ្ចក់​។ នាង​បាន​និយាយ​តែ​ម្នាក់ឯង​ថា​, «​ពី​ម្សិល​, ខ្ញុំ​គឺជា​មនុស្ស​ស្រី​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​ណាស់​។ ថ្ងៃនេះ​, ខ្ញុំ​បាន​ប្រែ​ក្លាយទៅជា​សត្វ​ចម្លែក​»​។ រូបរាង​របស់​នាង​គ្រប់​ដណ្តប់​ទៅ​ដោយ​ស្លាក់ស្នាម​ជា​ច្រើន ដែល​គួរ​អោយ​ខ្ពើម​។

នាង​ចាប់ផ្តើម​ស្អប់​ខ្លួន​នាង ហើយ​នាង​ក៏​បាន​សំរេចចិត្ត​ថា នឹង​ផ្តាច់​ពាក្យ​ជាមួយនឹង​គូ​ស្នេហា​របស់​នាង​ហើយ​។ នាង​ដឹង​ថា​បុរស​ជាទី​ស្រលាញ់​ច្បាស់​ជា​ស្អប់ខ្ពើម​នាង ហើយ​លែង​ស្រលាញ់​នាង​ដូច​មុន​ហើយ​។

ក្នុង​រយៈពេល​មួយ​ឆ្នាំ​, ទា​ហ៊ាន​ចិត្ត​ស្មោះ បាន​សរសេរ​សំបុត្រ​ជា​ច្រើន​ច្បាប់​មក​កាន់​គូ​ដណ្តឹង ប៉ុន្តែ​នាង​មិន​បាន​ឆ្លើយ​តប​នឹង​គាត់​វិញ​ទេ​។ គាត់​ខំព្យាយាម​ទូរស័ព្ទ​មក​នាង​ជា​ច្រើន​ដង ប៉ុន្តែ​នាង​ក៏​មិន​ទទួល​ដែរ​។

មួយ​ឆ្នាំ​ក្រោយមក​, ម្តាយ​របស់​នារី​កំសត់​បាន​ដើរ​ចូល​ក្នុង​បន្ទប់​កូនស្រី ហើយ​ប្រាប់​នាង​ថា​, «​បុរស​ម្នាក់​នោះ​ត្រលប់​មក​វិញ​ពី​ធ្វើសង្គ្រាម​វិញ​ហើយ​»​។

ពេល​ដែល​នាង​លឺ​ហើយ នាង​មាន​អារម្មណ៍​ឈឺចាប់​ជា​ខ្លាំង ហើយ​បាន​និយាយ​ប្រាប់​ទៅ​ម្តាយ​ថា​, «​សូមកុំ​ប្រាប់​គាត់​អំពី​រឿង​របស់ខ្ញុំ​។ កុំ​ប្រាប់​គាត់​ថា​ខ្ញុំ​នៅ​ទី​នេះ​!»

ម្តាយ​របស់​នាង​ប្រាប់​នាង​ថា​, «​គាត់​រៀប​ការ​ហើយ​, ហើយ​គាត់​ក៏​បាន​ផ្ញើរ​ធៀប​ការ​មក​ដើម្បី​អញ្ជើញ​នាង​ផង​ដែរ​»​។

នាង​រលីងរលោង​ទឹកភ្នែក​ពេល​ដែល​លឺ​បែប​នេះ ព្រោះ​នាង​ដឹង​ច្បាស់​ថា នាង​នៅ​តែ​ស្រលាញ់​បុរស​ម្នាក់​នោះ​។ លាយឡំ​ជាមួយនឹង​អារម្មណ៍​ទុក្ខសោក នាង​ក៏​បាន​បើក​ធៀប​ការ​មើល តែ​នាង​បានឃើញ​ឈ្មោះ​កូនក្រមុំ​ជា​ឈ្មោះ​របស់​នាង​។ នាង​ក៏​សួរ​ទៅ​កាន់​ម្តាយ​នាង​ថា​, «​នេះ​ជា​អ្វី? ហេតុ​អ្វី​បានជា​មានឈ្មោះ​ខ្ញុំ​នៅ​លើ​នេះ?​»

ម្តាយ​នាង​ចង្អុល​ទៅ​កាន់​មាត់ទ្វារ​, ពេល​ដែល​នាង​ក្រ​ឡែក​មើល​ក៏​ប្រទះ​ឃើញ បុរស​មាឌធំ​មាំ​ម្នាក់​កំពុង​ដើរ​ចូល​មក ជាមួយនឹង​បាច់ផ្កា​យ៉ាង​ធំ​មួយ ដើរ​សំដៅ​មក​រក​នាង​។ បុរស​ម្នាក់​នោះ​លុតជង្គង់​នៅ​ចំពោះ​មុខ​នាង ហើយ​សុំ​នាង​រៀប​ការ​ជា​ផ្លូវការ​។

ដោយ​ក្តី​អៀនខ្មាស់​, នាង​ក៏​យកដៃ​ខ្ទប់​មុខ​របស់​នាង ហើយ​និយាយ​ថា​, «​ខ្ញុំ​អាក្រក់​ខ្លាំង​ណាស់​!»

បុរស​និយាយ​ទៅ​កាន់​នាង​ថា​, «​បង​បានដឹង​រឿង​របស់​អូន​ហើយ​។ ម៉ាក់​អូន​បាន​ផ្ញើរ​រូបថត​របស់​អូន​អោយ​បង​មើល​។ ពេល​ដែល​បង​បានឃើញ​រូប​របស់​អូន​ហើយ​, បង​បានដឹង​យ៉ាង​ច្បាស់​ថា គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ​។ អូន​នៅ​តែ​ជា​មនុស្ស​ដែល​បង​ស្រលាញ់​។ អូន​នៅ​តែ​ស្រស់​ស្អាត​សំរាប់​បង​។ ព្រោះតែ​បង​ស្រលាញ់​អូន​»​។

ជូនពរ​អ្នក​ដែល​បាន​អាន​អត្ថបទ​នេះ​ហើយ សូម​ជួប​ប្រទះ​តែ​រឿង​ល្អ​ៗ​ក្នុង​ជីវិត និង​បាន​ជួប​មនុស្ស​ដែល​ស្រលាញ់​អ្នក​ពិតប្រាកដ​៕