សារអេឡិចត្រូនិច
បុរស​ចំណាស់ និង​ថូ​ប្រេះស្រាំ


បុរស​ចំណាស់​ជនជាតិ​ចិន​ម្នាក់​មាន​ថូ​ពីរ​ធ្វើ​ពី​ដីឥដ្ឋ​ដែល​គាត់ ប្រើ​សម្រាប់​រែក​ទឹកជា​រៀងរាល់ថ្ងៃ​។ ថូ​មួយ​មាន​សភាព​ប្រេះ ស្រាំ ហើយ​ថូ​មួយទៀត​មាន​លក្ខណៈ​ល្អ​ដែល​អាច​ផ្ទុក​ទឹក បាន​ពេញ​។ ក្នុង​ពេល​រែក​ទឹក​ចម្ងាយ​ឆ្ងាយ​ពី​អូរ​មក​ដល់​ផ្ទះ​វិញ ថូ​ដែល​ប្រេះស្រាំ​អាច​នៅ​សេសសល់​ទឹកតែ​ពាក់កណ្តាល ប៉ុណ្ណោះ​។

បុរស​ចំណាស់​រែក​ទឹក​បែប​នេះ​ជា​រៀងរាល់ថ្ងៃ​រយៈពេល ២​ឆ្នាំ ដោយ​យក​ទឹក​មក​ដល់​ផ្ទះ​តែ​មួយ​ថូ​កន្លះ​ប៉ុណ្ណោះ​។

ជា​ការ​ពិត ថូ​ល្អ​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​របស់​ខ្លួន​។ ប៉ុន្តែ ថូ​ប្រេះស្រាំ​មានការ​អៀនខ្មាស់​ចំពោះ​ភាព​មិនល្អ ឥត​ខ្ចោះ​របស់​ខ្លួន ហើយ​មាន​អារម្មណ៍​អាណិតអាសូរ​ខ្លួនឯង ដែល​អាច​យក​ទឹកបាន​តែ​ពាក់កណ្តាល​។ បន្ទាប់​ពី​រយៈពេល ២​ឆ្នាំ​នេះ ថូ​ប្រេះស្រាំ​ចាត់​ទុក​ថា​ជា​ការ​បរាជ័យ​ដ៏​ជូរ​ចត់​របស់​ខ្លួន ហើយ​បាន​និយាយ​ទៅ​កាន់​បុរស​ចំណាស់​ថា «​ខ្ញុំ​មានការ​អៀនខ្មាស់ ដោយហេតុ​ថា​ស្នាម​ប្រេះ​ផ្នែក​ខាង​ខ្ញុំ​ធ្វើ​ឱ្យ​ទឹក ជ្រាប​ចេញ នៅ​ពេល​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ​»​។

បុរស​ចំណាស់​ញញឹម​រួច​និយាយ​ថា «​តើ​ឯង​បាន​សង្កេត ឃើញ​ទេ​ថា មាន​ផ្កា​នៅ​តាម​ដងផ្លូវ​ផ្នែក​ខាង​ឯង ប៉ុន្តែ​គ្មាន​ផ្កា​ទេ នៅ​តាម​ដងផ្លូវ​ផ្នែក​ខាង​ថូ​មួយទៀត?​»​។ «​នេះ​ក៏​ព្រោះតែ​ខ្ញុំ ដឹង​ថា​ថូ​ឯង​មាន​ស្នាម​ប្រេះ ដូច្នេះ​ខ្ញុំ​ព្រួស​ពូជ​ផ្កា​នៅ​តាម​ដងផ្លូវ ផ្នែក​ខាង​ថូ​ឯង ហើយ​ជា​រៀងរាល់ថ្ងៃ​នៅ​ពេល​ខ្ញុំ​រែក​ទឹក​ត្រឡប់​មក​ផ្ទះ​វិញ ថូ​ឯង​បាន​ស្រោច​លើ​ផ្កា​ទាំងនោះ​ជា​រៀងរាល់ថ្ងៃ​»​។ «​រយៈពេល​២​ឆ្នាំ​នេះ ខ្ញុំ​បាន​បេះ​ផ្កា​ដ៏​ស្រស់​ស្អាត​ទាំងនោះ​មក​តែង​លម្អ​លើ​តុ​។ បើ​គ្មាន​ថូ​ប្រេះស្រាំ​ដូច​ជា​ឯង​ទេ ក៏​គ្មាន​ភាព​ស្រស់​ស្អាត ដើម្បី​លម្អ​ផ្ទះ​នោះ​ទេ​»​។

យើង​ម្នាក់​ៗ​មាន​ចំណុច​ខ្វះខាត​ដោយឡែក​ពី​គ្នា​រៀង​ៗ​ខ្លួន​។ ប៉ុន្តែ គឺ​ចំណុច​ខ្វះខាត​ទាំងអស់​ដែល​យើង​រាល់គ្នា​មាន​នោះ ហើយ​ដែល​ធ្វើ​ឱ្យ​ជីវិត​យើង​ទាំងអស់​គ្នា​រស់នៅ​ជុំ​គ្នា គួរ​ឱ្យ​ចាប់អារម្មណ៍ និង​រីក​ចម្រើន​បែប​នេះ​។ អ្នក​ត្រូវ​តែ​ទទួលយក មនុស្ស​ម្នាក់ ក្នុង​នាម​គេ​ជា​ខ្លួន​គេ ហើយ​ស្វែងរក​ចំណុច​ល្អ ដែល​គេ​ទាំងនោះ​មាន​។