សារអេឡិចត្រូនិច
រឿង ល្បែង​ខ្មោច​កំប៉ុង


តើ​អ្នក​ធ្លាប់​លេង​ខ្មោច​កំប៉ុង​ដែរ​រឺទេ? ចង់​ដឹង​ថា​តើ​របៀប​លេង​ខ្មោច​កំប៉ុង​យ៉ាងដូចម្តេច​ខ្លះ? ខ្ញុំ​នឹង​បង្ហាញ​ពី​របៀប​លេងល្បែង​ខ្មោច​កំប៉ុង​ដោយ​ត្រួស​ៗ និង​សូម​អាន​បទ​ពិសោធន៍​ផ្ទាល់​របស់ខ្ញុំ​និង​មិត្ត​ទាំង​បី​នាក់​ដូច​តទៅ​៖

ក្នុង​ការ​លេងល្បែង​នេះ​ដែរ​សំភារៈ​ដែល​មិន​អាច​ខ្វះ​បាន​នោះ​គឺ កំប៉ុង (​កំប៉ុង​អ្វី​ក៏​បាន ប៉ុន្តែ​ខ្ញុំ​សូម​ណែនាំ​អោយ​អ្នក​ទាំងអស់​គ្នា​ជ្រើស​យក​កំប៉ុង​ស្រាល​ៗ​ព្រោះ​វា​នឹង​មិន​អាច​មាន​ហានិភ័យ​ខ្ពស់​ពេល​ប៉ះទង្គិច​លើ​រាង​កាយ​យើង​) ស្ករ​គ្រាប់​២​ទៅ​៣​គ្រាប់ និង​ធូប​៣​សរសៃ​សំរាប់

អញ្ជើញ​ដួងវិញាណ​មក​សណ្ឋិត​ក្នុង​កំប៉ុង​។​យើង​អាច​លេងល្បែង​នេះ​បានជា​ក្រុម និង​ភាគច្រើន​នៅ​តាម​ស្រុកស្រែ​គេ​លេង​ពេល​ល្ងាច ចាប់ពី​ម៉ោង ៥​កន្លះ​ល្ងាច​ទៅ​យប់​ព្រោះ​ម៉ោង​នេះ​វា​ស្ងាត់​ងាយស្រួល​ក្នុង​ការ​លេង​។ ត្រូវ​មាន​សមាជិក​ក្នុង​ក្រុម​ម្នាក់​អុជ​ធូប​សុំ​អញ្ជើញ​ដួង​ព្រលឹង​មក​សណ្ឋិត​ក្នុង​កំប៉ុង បន្ទាប់​ពី​អន្ទង​ហៅ​ព្រលឹង​រួច​មក​កំប៉ុង​នឹង​ហោះ​ឡើង (​ហោះ រឺ​មិន​ហោះ​គឺ​ពេល​នេះ​ហើយ​ដែល​អាច​អោយ​យើង​ដឹង​បាន​ថា​វា​អាច​មាន​ដួងវិញាណ​មក​សណ្ឋិត​ពិតមែន រឺ​ក៏​អត់​) រួច​វា​នឹង​តាម​វាយ​អ្នក​ដែល​បាន​ចូលរួម​លេង​ទាំងអស់ ដែល​ភាគច្រើន​គឺ​វាយ​នៅ​លើ​ក្បាល​របស់​អ្នក ពេល​នោះ​អ្នក​ត្រូវ​រត់​អោយ​លឿន​ទើប​អាច​រត់​រួច បើ​ពុំនោះ​ទេ​អ្នក​នឹង​ក្លាយជា​គោលដៅ​របស់​ខ្មោច​កំប៉ុង​ជាក់​ជា​មិន​ខាន​ឡើយ ហើយ​និង​បន្ត​រហូត​ដល់​អស់​ជើងធូប​ទើប​វា​ឈប់​បាន​។

បញ្ញា​មិត្ត​ខ្ញុំ​បាន​រៀបរាប់​ថា នាង​ធ្លាប់​បាន​លេង​ខ្មោច​កំប៉ុង​ដែរ និង​អះអាង​ថា​ពិតជា​បាន

ឃើញ​កំប៉ុង​ហោះ​មក​វាយ​មនុស្ស​ពិតប្រាកដ​មែន កាលនោះ​បញ្ញា ត្រូវ​បាន​ខ្មោច​វាយ​បាន​២ ៣ ដង​ដែរ​តែ​ដោយ​ខ្លួន​រត់​បាន​លឿន​ក៏​បាន​គេច​ផុត និង​រត់​ចូល​ផ្ទះ​ចោល​មិត្ត​ៗ​ដទៃ​ទៀត​។ លុះ​ព្រឹក​ឡើង នាង​បានឃើញ​មិត្ត​របស់​នាង​ម្នាក់​ត្រូវ​បាន​ខ្មោច​កំប៉ុង​តាម​វាយ​ដល់​ពក​ក្បាល​គ្រប់កន្លែង នាង​បន្ត​ថា ទោះ​ជួល​ទៀត​ក៏​នាង​មិន​លេងល្បែង​ហ្នឹង​ទៀត​ដែរ​។

ចំណែក​តារា​បាន​រៀបរាប់​ដែរ​ថា ខ្លួន​ធ្លាប់​បាន​លេង​ខ្មោច​កំប៉ុង​ជាមួយ​បញ្ញា​ដែរ កាលនោះ មិត្ត​ៗ​បាន​រត់​ចោល​គេ​អស់ ដោយ​ខ្លួន​រត់​មិន​ទាន់​គេ​ក៏​ត្រូវ​ខ្មោច​កំប៉ុង​តាម​វាយ

រ​ហួត​ដល់​ពក​ក្បាល មក​ដល់​ផ្ទះ​ត្រូវ​បាន​ម្តាយ​ស្តីបន្ទោស​ទៀត​ដែល​លេង​មិនដឹង​ស្លាប់​បែប​នេះ តារា​ថា​គេ​រាង និង​ឈប់​លេង​វា​ទៀត​ហើយ​។

ចុង​ក្រោយ​គឺ​រិ​ទ្ធ​បាន​រៀបរាប់​ផ្ទុយ​ពី​បញ្ញា និង​តារា​ថា គេ​បាន​លេង​ជាមួយ​អ្នក​ទាំង​ពីរ​ក្នុង​ថ្ងៃ​នោះ​ដែរ និង​ចង់​នៅ​មើល​ថា​តើ​ពិតជា​មាន​ខ្មោច​អាច​បញ្ជា​កំប៉ុង​មក​វាយ​មនុស្ស​ពិត​មែនរឺ​ក៏​អត់​ប៉ុន្តែ គេ​បាន​ចូល​ផ្ទះ​មុន​ដោយ​ម្តាយ​បាន​ហៅ​អោយទៅ​ញាំ​បាយ​ទើប​មិន​បានដឹង​ថា​រឿងរ៉ាវ​វា​យ៉ាងណា លុះ​ព្រឹក​ឡើង​ក៏​ឃើញ​តារា​ពក​ក្បាល​ស្ទើរ​គ្រប់កន្លែង ទោះជា​យ៉ាងណា រិ​ទ្ធ​មិន​ជឿ​ថា​ពិតជា​មាន​ខ្មោច​កំប៉ុង​មែន​នោះ​ទេ តារា​អាច​មាន​បញ្ហា​ជាមួយ​មិត្ត​ដទៃ​ក៏​ថា​បាន​។ រិ​ទ្ធ​បន្ត​ថា ទាល់តែ​ខ្លួន​បានឃើញ​ផ្ទាល់​នឹង​ភ្នែក​ទើប​ជឿ ទោះ​វាយ​ស្លាប់​ក៏​មិន​ជឿ​ដែរ​។

នេះ​ជា​ការ​រៀបរាប់​របស់​អ្នក​ទាំង​បី​ដែល​បាន​លេងល្បែង​នេះ​ជាមួយ​គ្នា តែ​មានការ​អះអាង​ផ្សេង​ៗ​គ្នា ជា​ការ​ពិត រឺ​មិន​ពិត​យ៉ាងណា ខ្ញុំ​ក៏​ធ្លាប់​បាន​លេង​ក៏​ប៉ុន្តែ​វា​ហោះ​តែ​បន្តិច​ក៏​លែង​ហោះ​មិនដឹង​មក​ពី​អ្វី​ដែរ​ហើយ​ខ្ញុំ​ក៏​មិន​បាន​អុ​ធ​ធូប​អោយ​ព្រលឹង​ខ្មោច​ត្រឡប់​ទៅ​វិញ​ដែរ​។ បន្ទាប់​ពី​លេងល្បែង​ហ្នឹងហើយ​យប់​ឡើង​ខ្ញុំ​ត្រូវ​ខ្មោចលង​ពេល​ទៅ​ងូតទឹក​ត្រពាំង​ព្រោះ​ខ្ញុំ​នៅ​ស្រុកស្រែ​តាំងពី​តូច​តែងតែ​ប្រើ​ទឹក​ត្រពាំង​បែប​នេះ​ហើយ កាលនោះ​ប្រហែលជា​ម៉ោង​៦​កន្លះ​ខ្ញុំ​ទៅ​តែ​ម្នាក់ឯង​គត់​។

លុះ​ទៅ​ដល់​ត្រពាំង​ទឹក​កំពុង​តែ​មុជ​សុខ​ៗ​ក៏​ក្រឡេក​ឃើញ​មិនដឹង​ជា​នរណា​គេ​ទេ​ស្លៀកពាក់​ខ្មៅ​មក​អង្គុយ​ចោងហោង​ច្រងុក​បែរខ្នង​មាត់​ត្រពាំង​ខ្ញុំ​ឆ្ងល់​ពេក​បំរុង​ឡើង​ទៅ​ហៅ​បែរជា​រលាយ​បាត់​រូប ខ្ញុំ​ភ័យ​ពេក​រត់​ចោល​អាវ​ចោល​ខោ​កាត់​តាម​វាលស្រែ​ដួល​ច្រ​ង៉ា​ប់​ច្រ​ងិ​ល​មិត្ត​ខ្ញុំ​ឯទៀត​ក៏​ជួប​ខ្មោចលង​ដូច​គ្នា​ដែរ​គ្រាន់តែ​លង​របៀប​ខុស​ៗ​គ្នា​។

មក​ដល់​ពេល​នេះ​វិទ្យាសាស្ត្រ​ជឿនលឿន​កម្រ​មាន​អ្នក​ជឿ​ណាស់​ទោះជា​យ៉ាងណា​សូមអ្នក​ទាំងអស់​គួរ​កុំ​ចង់​សាក​លេងល្បែង​ដែល​ទាក់ទង​នឹង​ផ្លូវ​ងងឹត​បែប​នេះ ព្រោះ​មិន​ថា​ពិត រឺ​មិន​ពិត កុំ​ប្រមាថ​វា​អោយ​សោះ​៕