សារអេឡិចត្រូនិច
រឿង ក្មេង​ស្រី​កា​តាប​ក្រហម


រឿង​នេះ​គឺជា​រឿង​គួរ​អោយ​ព្រឺក្បាល​មួយ​ដែល​និយាយ​អំពី​ក្មេង​ស្រី​ម្នាក់​។ នាង​តែងតែ​ស្ពាយ​កា​តាប​ពណ៌​ក្រហម​ទៅ​សាលារៀន​នាង​ស្រឡាញ់​កា​តាប​នោះ​ណាស់​ព្រោះ​វា​ជា​កាដូ​ថ្ងៃ​បុណ្យ​ណូអែល​របស់​ឪពុក​នាង​។ ប៉ុន្តែ​ថ្ងៃមួយ​នៅ​ពេល​ដែល​មិត្ត​រួម​ថ្នាក់​របស់​នាង​មិន​បានឃើញ​នាង​មក​សាលារៀន​ដូច​សព្វដង ពួក​គេ​ចាប់ផ្តើម​ងឿងឆ្ងល់​ថា​តើ​មានរឿង​អ្វី​កើតឡើង​ចំពោះ​នាង?

នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ​15​ឆ្នាំ ខ្ញុំ​មាន​មិត្ត​រួម​ថ្នាក់​ឈ្មោះ​ថា ហៃ​កូ ។ នាង​គឺជា​ក្មេង​ស្រី​រួសរាយ រៀន​ពូកែ​និង​ស្នាមញញឹម​របស់​នាង​កើត​មាន​គ្រប់ពេល​ជាមួយ​មិត្ត​រួម​ថ្នាក់​។ រឿង​នេះ​ខ្ញុំ​ចាំ​បាន​ច្រើន​បំផុត​អំពី​របស់​នាង​គឺ​នាង​តែងតែ​ស្ពាយ​ពាយ​កា​តាប​ពណ៌​ក្រហម​គ្រប់ពេល​។

ថ្ងៃមួយ​ហៃ​កូ​មិន​បាន​មក​សាលារៀន​ដូច​រាល់ថ្ងៃ​មនុស្ស​គ្រប់​គ្នា​ឆ្ងល់​តើ​នាង​ទៅ​ទីណា? កំពុង​ធ្វើ​អ្វី? ចំលើយ​គឺ​គ្មាន​អ្នក​ម្នាក់​ដឹង​ហើយ​នៅ​ពេល​ដែល​សិស្ស​ឯទៀត​បាន​សួរ​គ្រូ​គាត់​ប្រាប់​ថា​គាត់​ក៏​មិន​បានដឹង​ថា​នាង​នៅ​ទីណា​ដូច​គ្នា​។ មួ​យស​ប្តា​ហ៍​ក្រោយមក​នាង​នៅ​តែ​មិន​បាន​មក​សាលារៀន​ដូច្នេះ​មិត្ត​រួម​ថ្នាក់​និង​លោកគ្រូ​អ្នកគ្រូ​គិត​ថា​នាង​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ទីលំនៅ​បាត់​ហើយ បន្ទាប់​ពី​នោះ​មក​គ្មាន​នរណា​ចង​ចាំ​នាង​ទៀត​ទេ​។

ប៉ុន្តែ​នៅ​ព្រឹក​មួយ​មុន​ពេល​ដែល​ជួង​ចូល​រៀន​បាន​បន្លឺ​ឡើង ខ្ញុំ​ឃើញ​ហៃ​កូ​ដើរ​កាត់​តាម​របង​សាលារៀន នាង​ដើរ​យឺត​ណាស់​ដូច​មនុស្ស​គ្មាន​វិញ្ញាណ​និង​ស្ពាយ​កា​តាប​ពណ៌​ក្រហម​ដែល​នាង​ស្រឡាញ់​ខ្ញុំ​បាន​ហៅ​នាង​ប៉ុន្តែ​នាង​ហាក់ដូចជា​មិន​លឺ​នរណា​ម្នាក់​និយាយ​មក​កាន់​នាង​ឡើយ​។ 

ខណៈ​ដែល​នាង​មក​កាន់តែ​ជិត​ខ្ញុំ​អាច​មើលឃើញ​មុខ​របស់​នាង​យ៉ាង​ច្បាស់ នាង​ខុស​ប្លែក​ពី​មុន មាន​សភាព​ស្លេកស្លាំង​មើល​សឹង​មិន​ស្គាល់​។ ជួង​បាន​បន្លឺ​ឡើងជា​សញ្ញា​ថា​ដល់​ម៉ោង​ចូល​រៀន​ហើយ​សិស្ស​ឯទៀត​ក៏​ប្រញាប់ប្រញាល់​ចូល​ទៅ​ក្នុង​ថ្នាក់​។ នៅ​ពេល​ដែល​គ្រូ​បាន​មក​ដល់ ហើយ​ចាប់ផ្តើម​បង្រៀន​ខ្ញុំ​នៅ​តែ​មិនឃើញ​ហៃ​កូ​ចូល​ថ្នាក់រៀន​សោះ ខ្ញុំ​គិត​ថា​ខ្ញុំ​មើល​ច្រ​លំ​មនុស្ស​ទេ​ដឹង? មិន​អាច​ទេ​សិស្ស​ឯទៀត​ក៏​បានឃើញ​នាង​និង​បាន​គិត​ថា​នាង​បាន​វិល​ត្រឡប់​មក​រៀន​វិញ​ដូច​គ្នា​។

ដល់​ម៉ោង​ចេញលេង​ជា​ពេល​សំរាក​ញាំ​អាហារ​ថ្ងៃត្រង់ ខ្ញុំ​បាន​ចេញ​ទៅ​ខាងក្រោយ​ថ្នាក់​លេង​តែ​ម្នាក់ឯង​ព្រោះ​ខ្ញុំ​ចូល​ចិត្តស្ងប់​ស្ងាត់​ស្រាប់តែ​ខ្ញុំ​ក្រឡេក​ឃើញ​កា​តាប​ពណ៌​ក្រហម​មួយ​នៅ​ក្រោម​ដើមឈើ ខ្ញុំ​ដឹង​ណាស់​ថា​វា​ពិតជា​របស់​ហៃ​កូ ។ ខ្ញុំ​បាន​ស្វែងរក​នាង​គ្រប់​ទីកន្លែង​នៅ​តែ​មិនឃើញ​ខ្ញុំ​ក៏​បាន​រើស​យក​កា​តាប​នោះ​ចូល​ក្នុង​ថ្នាក់​រហូត​ដល់​ម៉ោង​ចេញ​ទៅ​ផ្ទះ​នៅ​តែ​មិនឃើញ​នាង​មក​រួច​ខ្ញុំ​សំរេចចិត្ត​យក​កា​តាប​នោះ​នៅ​លើ​តុ​របស់​នាង​។

ស្អែក​ឡើង​ខ្ញុំ​ពេល​ដែល​ខ្ញុំ​បាន​មក​ដល់​សាលារៀន​ខ្ញុំ​ហាក់ដូចជា​មក​លឿន​ជាងគេ​ជាង​រាល់ដង ខ្ញុំ​ដើរទៅ​ក្នុង​ថ្នាក់​ម្នាក់ឯង​ស្រាប់តែ​ខ្ញុំ​ឃើញ​កា​តាប​ពណ៌​ក្រហម​នៅ​លើ​តុ​របស់​ហៃ​កូដ​ដែល​ហើយ​ដូច​ជា​ប៉ោង​ៗ​ទៀត តើ​មាន​អ្វី​នៅ​ក្នុង​នោះ? ដោយ​ការ​ចង់​ដឹង​ចង់​ឃើញ​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ថ្នាក់​ហើយ​យក​កា​តាប​នាង​មក​រូត​មើល​.......

ភ្លាម​នោះ​ខ្ញុំ​ស្រែក​ទាំង​ភ័យរន្ធត់ កា​តាប​បាន​ធ្លាក់​ពី​ដៃ​ខ្ញុំ​ហើយ​អ្វី​ម្យ៉ាង​បាន​ជ្រុះ​ទៅ​លើ​ឥដ្ឋ​ដែល​ពោរពេញ​ដោយ​ឈាម​ហូរ​ឥត​ដាច់ "​វា​គឺជា​ក្បាល​របស់​ហៃ​កូ​"

ខ្ញុំ​ស្រែកយំ សិស្ស​ឯទៀត​ក៏​រត់​មក​មើល​ហើយ​សួរ​ខ្ញុំ​ថា​តើ​មានរឿង​អ្វី​កើតឡើង? ខ្ញុំ​និយាយ​ប្រាប់​ពួក​គេ​ថា​ខ្ញុំ​ឃើញ​ក្បាល​ហៃ​កូ

អ្នកគ្រូ​ក៏​បាន​ដើរមក​ដល់ គាត់​សួរ​ខ្ញុំ​ហេតុ​អ្វី​ខ្ញុំ​ស្រែក​លឺ​ខ្លាំង​ម្ល៉េះ? ខ្ញុំ​ប្រាប់​គាត់​ថា​ខ្ញុំ​ឃើញ​ក្បាល​ហៃ​កូ អ្នកគ្រូ​គ្រវីក្បាល​ថា​គ្មាន​ក្បាល​ខ្មោច​ឯណា​នោះ​ទេ​។ 

ខ្ញុំ​មិន​អស់ចិត្ត​ខ្ញុំ​មើលចុះ​ក្រោម​ម្តងទៀត​ហើយ​បានឃើញ​ថា​ក្បាល​និង​ឈាម​បាន​បាត់​អស់​អ្វី​ៗ​ទទេរ​ស្អាត ខ្ញុំ​នៅ​តែ​ទទូច​អង្វរ​ថា​ខ្ញុំ​មិន​បាន​កុហក​គាត់​ទេ

នៅ​ពេល​ដំបូង​គ្រូ​បាន​បដិសេធ​មិន​ព្រម​ជឿ​ប៉ុន្តែ​តា​រូ​និង​យូគី​បាន​ជឿ​ខ្ញុំ​។ ដោយ​មានការ​អង្វរក​និង​ប្រាប់​ហេតុផល​មួយ​ចំនួន​ទៅ​កាន់​អ្នកគ្រូ​គាត់​ក៏​សម្រេចចិត្ត​យក​រឿង​នេះ​ទៅ​និយាយ​ជាមួយ​នាយក​សាលា​។

នៅ​ល្ងាច​នោះ​ដែរ​លោកនាយក​សាលា​បាន​ទៅ​ជួប​ម្ដាយ ហៃ​កូ​និង​សួរ​គាត់​នូវ​សំនួរ​ខ្លះ​ៗ​តែ​នៅ​តែ​មិន​អាច​ទទួល​បាន​ចម្លើយ​ណាមួយ​សម​ស្រប​ឡើយ លោកនាយក​បាន​សំរេចចិត្ត​ទំនាក់ទំនង​ទៅ​ប៉ូលិស​ស្តី​ពី​ការ​បាត់​ខ្លួន​របស់​ហៃ​កូ​។

នៅ​ថ្ងៃ​បន្ទាប់​ប៉ូលិស​ពីរ​នាក់​បាន​មក​ផ្ទះ​របស់​ហៃ​កូ​ហើយ​បង្ខំ​សួរ​រឿង​បាត់​ខ្លួន​របស់​ហៃ​កូ តែ​ម្តាយ​ហៃ​កូ​បាន​ព្យាយាម​ប្រាប់​ប៉ូលិស​ថា​គាត់​មិន​បានដឹង​ថា​ហៃ​កូ​នៅ​កន្លែង​ណា​ឡើយ​។ ទីបំផុត​អ្វី​ៗ​ត្រូវ​លាតត្រដាង​ក្រោម​ការ​សើ​ុ​ប​អង្កេត​របស់​បូ​លិ​ស ម្តាយ​ហៃ​កូ​ត្រូវ​បាន​ឃាត់ខ្លួន​។

ម្ដាយ​និង​ឪពុក ហៃ​កូ​បាន​លែងលះ​គ្នា​យូរ​មក​ហើយ ហៃ​កូ​ត្រូវ​បាន​ម្តាយ​យក​ចិញ្ចឹម ក្រោយមក​គាត់​បាន​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ស្នេហា​ថ្មី​ជាមួយ​បុរស​ម្នាក់​ទៀត​។ ប៉ុន្តែ​មិត្ត​ប្រុស​ថ្មី​របស់​គាត់​មិន​ចូល​ចិត្ត​កូនស្រី គាត់​ស្អប់​ហៃ​កូ​ជា​ពិសេស​ធុញទ្រាន់​នឹង​ឃើញ​នាង​ស្ពាយ​កា​តាប​ដដែល​ៗ​សូ​ម្បី​តែ​របស់​គាត់​ទិញ​អោយ ដូច្នេះ​គាត់​បាន​សម្លាប់​ហៃ​កូ​និង​កាត់​រាង​កាយ​របស់​នាង​ជា​កង់​ៗ​រួច​យក​ទៅ​បោះចោល​ក្បែរ​បឹង​មួយ ម្តាយ​ហៃ​កូ​ក៏​ដឹង​តែ​គាត់​បាន​លាក់​រឿង​នោះ​ជិតឈឹង​។ ប៉ូលិស​បាន​នាំ​គ្នា​ជីកដី​ជុំវិញ​បឹង​ក្បែរ​សាលារៀន​ក្រោម​ក្រសែភ្នែក​មនុស្ស​ជា​ច្រើន ឆ្អឹង​របស់​ហៃ​កូ​ត្រូវ​បាន​រក​ឃើញ​ជា​បំណែក​ៗ.......

មនុស្ស​គ្រប់​រូប​នៅ​ក្នុង​សាលារៀន​បាន​ភ្ញាក់ផ្អើល​និង​ភ័យរន្ធត់​យ៉ាង​ខ្លាំង វា​ជា​រឿង​មួយ​ដែល​មិន​គួរ​អោយ​ជឿ គ្មាន​នរណា​ម្នាក់​យល់​អំពី​រឿង​ដែល​បាន​កើតឡើង​ទៅ​លើ​មិត្ត​រួម​ថ្នាក់​របស់​យើង​ឡើយ​។

ក្រោយ​វិស្សមកាល​ជា​រៀង​រាល់​ឆ្នាំ​សិក្សា​ពួក​យើង​តែងតែមាន​បាច់ផ្កា​សំរាប់​ឧទ្ទិស​ទៅ​ដល់​ហៃ​កូ​និង​កា​តាប​ពណ៌​ក្រហម​របស់​នាង​ដែល​ដំកល់​ទុក​ក្នុង​សាលារៀន​មិន​ដែល​ខាន​ឡើយ​.....​។