សារអេឡិចត្រូនិច
ទឹកជ្រោះ​ព្រះ​កេស​ព្រះ ទីកន្លែង​ដែល​ភ្ញៀវ​ទេសចរ​ជាតិ​ទៅ​ដល់​មិន​ដល់


ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ១៧​គីឡូម៉ែត្រ​ពី​ក្រុង​សែន​មនោ​រម្យ​នៃ​ខេត្ត​មណ្ឌល​គី​រី និង​ត្រូវ​ដើរ​ដោយ​ថ្មើរជើង​កាត់​តាម​ព្រៃ​ភ្នំ​ប្រមាណ​ជា ៧​គីឡូម៉ែត្រ​បន្ថែម​ទៀត ទឹកជ្រោះ​ព្រះ​កេស​ព្រះ គឺជា​តំបន់​ធម្មជាតិ​ដ៏​ពិសេស​មួយ​ដែល​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​តិចតួច​ប៉ុណ្ណោះ​បាន​ទៅ​ដល់​។​លោក អាង ចំរុង អ្នកចាត់ការ​ទូទៅ​នៃ​ម៉ូ​តែ​ល អរុណ​រៈ និង​ជា​អ្នកគ្រប់គ្រង​មគ្គុទ្ទេសក៍​ទេសចរ​សម្រាប់​ភ្ញៀវ បាន​ប្រាប់​អោយ​ដឹង​ថា ទឹកជ្រោះ​ព្រះ​កេស​ព្រះ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ដំរី​ជាន់ ឃុំ​សុខដុម នៃ​ខេត្ត​មណ្ឌល​គី​រី ដែល​ជា​តំបន់​ដាច់​ស្រយាល​មួយ​។

លោក​បាន​បន្ត​ទៀត​ថា ភាគច្រើន​មិនសូវ​មាន​ភ្ញៀវ​ជាតិ​ទៅ​កាន់​តំបន់​នោះ​ទេ គឺ​មាន​តែ​អ្នក​ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​ផ្សងព្រេង អ្នក​បោះជុំរុំ អ្នក​ថតរូប​ធម្មជាតិ និង ប្រជាជន​ដែល​រុករក​ផល​ពី​ព្រៃឈើ​ប៉ុណ្ណោះ​ដែល​បាន​ទៅ​ដល់​ទឹកជ្រោះ​តំបន់​នោះ​។ នៅ​ទីនោះ គេ​អាច​ទស្សនា​ដើមឈើ​ធំ​ៗ​ដែល​ដុះ​នៅ​តាម​ផ្លូវ សត្វ​បក្សី​ព្រៃ​ស្អាត​ៗ ការ​ថតរូប​កម្សាន្ត ហើយ ជា​ពិសេស​គឺ​ងូតទឹក​ជ្រោះ​ដ៏​ថ្លា​ត្រជាក់​ផង​ដែរ​។