សារអេឡិចត្រូនិច
អាថ៌​កំបាំង​រូងភ្នំ​ជី​សូរ្យ ធ្លាយ​ដល់​ភ្នំ​ស្រង់


រមណីយដ្ឋាន​ភ្នំ​ជី​សូរ្យ គឺជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដ៏​ពេញ​និយម​មួយ​ប្រចាំ​ខេត្តតាកែវ ស្ថិត​នៅ​ក្នុង ភូមិ​ស្លា ឃុំរ​វៀង ស្រុក​សំរោង ខេត្តតាកែវ មាន​ចម្ងាយ​ប្រហែល ៦២​គី​ទ្បូ​មែ​ត្រ​ពី​ទីក្រុង​ភ្នំពេញ និង ២​គីឡូម៉ែត្រ ហួស​ប្រាសាទនាងខ្មៅ ហើយ​បត់​ឆ្វេង​។

កន្លែង​ដែល ផ្ដល់​នូវ​បរិយាកាស​ដ៏​ល្អ ត្បិត​អី​នៅ​ទី​នេះ​មាន​សំណង់​ចាស់​ៗ ដែល​មាន​តាំងពី​ដើម​សតវត្ស​ទី​១១​។ នៅ​លើ​ភ្នំ​មួយ​មាន​ប្រាសាទ​បូរាណ​មួយ រចនាបថ​ធ្វើ​ពី​ថ្មបាយក្រៀម និង​ថ្មភក់​គួរ​ឲ្យ​ស្ញប់ស្ញែង​។ ប្រាសាទ​នៅ​លើ​កំពូលភ្នំ​នេះ​មានឈ្មោះ​ថា " ប្រាសាទភ្នំជីសូ​រ្យ​" ត្រូវ​បាន​សាងសង់​ឡើង ដោយ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១​។

ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​មាន​ជណ្ដើរ​ចំនួន​៣ ចេញពី​ទិស​ផ្សេង​ៗ​គ្នា ដែល​មាន​ប្រវែង​ស្មើ​ៗ​គ្នា ប៉ុន្តែ​កាំជណ្ដើរ​មាន​ចំនួន​ខុស​គ្នា​។ ជណ្ដើរ បុរាណ នៅ​ប៉ែក​ខាងកើត មាន​៦១០​កាំ ជណ្ដើរ​នៅ​ប៉ែក​ខាងត្បូង​មាន ៤១២​កាំ និង ជណ្ដើរ​នៅ​ប៉ែក​ខាងលិច ២៣៣​កាំ​។ នៅ​ក្បែរ​ប្រាសាទ​មាន​វត្ត​មួយ​មានឈ្មោះ​ថា "​វត្ត​ភ្នំ​គិរី​សោ​ភណ្ឌ​ភ្នំ​ជី​សូរ្យ​"​។