ខែកត្តិកធ្លាក់ខ្យល់ពីជើង អ្នកនេសាទខេត្តតាកែវប្ដូរវេនគ្នាបង់សំណាញ់នៅស្ពានមួយ
ថ្ងៃ សុក្រ ទី ២០ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៥:៤៣
រៀងរាល់ឆ្នាំ អោយតែដល់ខែកត្តិក ប្រជានេសាទពីទីជិតឆ្ងាយ បានសម្រុកទៅនេសាទត្រីនៅស្ពាន ១កន្លែង ក្នុងភូមិសន្តូប ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ។ ចំណែកក្នុងឆ្នាំ២០១៦ នេះ អ្នកបង់សំណាញ់ប្រមាណជាង ២០នាក់ បានឈរចាំតាមវេនផ្លាស់គ្នាម្ដងម្នាក់ដើម្បីរកត្រីរៀងៗខ្លួន។បុរសវ័យកណ្ដាលម្នាក់ឈ្មោះ សុខា មកពីភូមិសន្តូប ឃុំអង្គកែវបានប្រាប់ថា ស្ពាននេះជាទីប្រសប់នៃខ្សែទឹកចម្រុះប្រទាក់គ្នាសំបូរដោយហ្វូងមច្ឆារួមមានត្រីក្រាញ់ ត្រីអណ្តែង ត្រីផ្ទក់ ជាពិសេសត្រីឆ្លូញតែម្តង។ លោក សុខា បន្តថារាល់ឆ្នាំ ចាប់ពីចុងខែវិច្ឆិកាដល់ពាក់កណ្តាលខែធ្នូ គាត់តែងតែមកបង់សំណាញ់នៅស្ពាននេះដោយអារម្មណ៏រីករាយជាមួយនឹងជំនោបក់យ៉ាងត្រសៀកមកពីទិសខាងជើង ដោយក្នុង ១ថ្ងៃរកត្រីបានមិនតិចជាង ៥គីឡូទេ។