សារអេឡិចត្រូនិច
ម្ជូរ​បុ​ហ្វេ​កំពង់ចាម ឃើញ​ហើយ​ស្រក់ទឹកមាត់


ទើបតែ​បាន​ជាង​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ មុខរបរ​ថ្មី​មួយ ដែល​មានឈ្មោះ​ប្លែក និង​ដូច​ហាង​ម្ហូបអាហារ​មួយ​ក្នុង​ខេត្តកំពង់ចាម បាន​រក​ចំណូល​ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​ជាង ៣០០ ០០០ រៀល ទៅ ៤០០ ០០០ រៀល តែបើ​ចំ​ថ្ងៃ​បុណ្យ​វិញ ច្រើន​ជាង​នេះ​ទៅ​ទៀត​។ ម្ជូរ​បុ​ហ្វេ ដែល​ជា​ឈ្មោះ​ថ្មី​សម្រាប់​មុខរបរ​លក់​ម្ជូរ តែ​ឈ្មោះ​នេះ គឺ​គេ​តែងតែ​ឃើញ​ប្រើ​សម្រាប់​ហាង​លក់​អាហារ​បុ​ហ្វេ​តែ​ប៉ុណ្ណោះ ។  តើ​ម្ជូរ​បុ​ហ្វេ​មាន​អ្វី​ប្លែក ថ្ងៃនេះ សូម​នាំ​មិត្ត​អ្នក​អាន​ទៅ​មើល កន្លែង​លក់​ម្ជូរ​បុ​ហ្វេ​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​ជ្រោយ​ថ្ម ឃុំ​បឹង​កុក ស្រុក​កំពង់ចាម ខេត្តកំពង់ចាម ទល់មុខ​សាកលវិទ្យាល័យ ឯកទេស​នៃ​កម្ពុជា (CUS) ។

អ្នកស្រី ឆេ​ង​ហ៊ា​ង ដែល​មាន​បុត្រ​ពីរ​នាក់  ជា​ម្ចាស់​ហាង​លក់​ម្ជូរ​បុ​ហ្វេ បាន​ប្រាប់ ថា គាត់​លក់​ម្ជូរ​នេះ​ជា​រៀងរាល់ថ្ងៃ និង​មាន​ម្ជូរ​ដូច​ជា ម្កាក់ ស្វាយ ត្របែក ល្ហុង កន្ទួត ម្ដេ​ញ ម្នាស់ ទំពាំងបាយជូ ពុទ្រា​ត្រាំ និង​ស្រស់ ចេក​ខ្ចី កំពីងរាជ​ត្រាំ និង​ស្រស់ ព្រមទាំង​មាន​ជា​ច្រើន​មុខ​ទៀត ។