សារអេឡិចត្រូនិច
រមណីយដ្ឋាន ទឹកជ្រោះ តា​តៃ នៅ​ចំ​កណ្ដាល ធម្មជាតិ​ខៀវខ្ចី ស្រស់បំព្រង ប្រទេស​កម្ពុជា


កោះកុង​៖ រមណីយដ្ឋាន ទឹកជ្រោះ តា​តៃ ស្ថិត​នៅ​ក្នុង ភូមិ​តា​តៃ ឃុំ​តា​តៃ ស្រុក ស្មាច់​មាន​ជ័យ ដែល​មាន​ចម្ងាយ ប្រហែល ២០​គីឡូម៉ែត្រ ពី​ទីរួមខេត្ដ​។ ទឹកជ្រោះ​នេះ មាន​ពីរ​ដំណាក់​គឺ ដំណាក់​ទី មួយ មាន​កម្ពស់​ប្រហែល ០៦​ម៉ែត្រ និង​ដំណាក់​ទី​ពីរ មាន​កម្ពស់​ប្រហែល ១៥​ម៉ែត្រ​។

រមណីយដ្ឋាន​នេះ ជា​តំបន់ អេកូ​ទេសចរណ៍​មួយ ដែល​មិន​អាច​រំលង​បាន និង​បាន​ទាក់ទាញ ភ្ញៀវ​ទេសចរ​យ៉ាង ច្រើន​កុះករ មក​ពី​ជុំវិញ​ពិភពលោក ឲ្យ​មក​កាន់​ខេត្ត កោះកុង​។ ទេសភាព​ទឹកធ្លាក់ សំឡេង​កងរំពង នៃ​ហ្វូង​បក្សាបក្សី និង​ព្រៃកោងកាង ដ៏​ខៀវស្រងាត់ តែងតែ ឆក់​យក អារម្មណ៍ និង​រំសាយ នូវ​ភាព​ស្មុគស្មាញ ទាំងឡាយ របស់​ភ្ញៀវ​ទេសចរ ជាមួយ​ខ្យល់ អាកាស​ដ៏​ល្អ​បរិសុទ្ធ​ពិត​ៗ​។

ភ្ញៀវ​ទេសចរ អាច​រីករាយ នឹង​ការ​ជិះទូក លេង​កម្សាន្ត ហែល​ទឹក ទស្សនា​សត្វ​បក្សី និង​ទស្សនា អំពិលអំពែក នា​ពេល​រាត្រី​។ នៅ​ទីនោះ​ក៏​មាន សេវាកម្ម​ស្នាក់​នៅ រួម​ផ្សំ​នឹង​ភេសជ្ជៈ ក៏​ដូច​ជា​អាហារ ដ៏​ឈ្ងុយ​ឆ្ងាញ់ ផង​ដែរ​។ ភ្ញៀវ​ទេសចរ​ជា ច្រើន​ដែល​បាន ទៅ​ដល់ទី​នោះ មិន​ដាច់​ចិត្ដ នឹង​ចាកចេញ​នោះ​ឡើយ ក៏​ព្រោះតែ​សម្រស់ និង​បរិយាកាស ដ៏​ស្ងប់ស្ងាត់ ដែល​ល្អ​បំផុត សម្រាប់ ការ​សម្រាកលំហែ និង​ផ្ដល់​ផាសុកភាព ថែម​ទៀត​ផង​។

ដោយឡែក ប្រជាជន ក្នុងស្រុក​គួរ ជ្រើសរើស ធ្វើ​ដំណើរ​ទេសចរណ៍ នៅ​ក្នុងស្រុក ឲ្យ​បាន​ច្រើន ជាង​ការ​ទៅ​កាន់ ប្រទេស​ដទៃ ព្រោះ​នៅ​ប្រទេស​កម្ពុជា មាន​តំបន់ ទេសចរណ៍​ល្អ​ៗ ជា​ច្រើន​តាម បណ្ដា​ខេត្ត ហើយ​មិនតែប៉ុណ្ណោះ លោក​អ្នក​ថែម​ទាំង បាន​ចូលរួម​ចំណែក​លើកកម្ពស់ សេដ្ឋកិច្ចជាតិ ក៏​ដូច​ជា​ជីវភាព​រស់ នៅ​របស់​ប្រជាជន នៅ​តាម​តំបន់ ទេសចរណ៍​ផង​ដែរ​៕