សារអេឡិចត្រូនិច
ម៉ា​ឡេ​ស៊ី​គ្រោង​បោះទុន​វិនិយោគ​៥០​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​កសិដ្ឋាន សម្លាប់ សត្វ​គោ​ខេត្ត​ព្រះ​សីហ​នុ


ព្រះ​សីហ​នុ ៖ ក្រុមហ៊ុន​អភិវឌ្ឍន៍​ហា​ឡា​ល់​ម៉ា​ឡេ​ស៊ី ឈ្មោះ​ថា​ហា​ឡា​ល ឌី​វី​ឡុ​ប​ម៉ែ​ន ខូ​ភើ​រ៉េ​សិន (Halal Development Corporation) មាន​គម្រោង​បោះទុន​វិនិយោគ ទឹកប្រាក់​ប្រមាណ​៥០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​កាប់​គោ​យក​សាច់​នៅ​ខេត្ត​ព្រះ​សីហ​នុ​។

ក្រុមហ៊ុន Halal Development Corporation គ្រោង​សហការ​ជាមួយ​ក្រុមហ៊ុន អេស​អិន​អិ​ល មី​ត សាប់​ផ្លា​យ ភី​ធី​វ៉ា​យ អិ​ល​ធី​ឌី​(SNL Meat Supplies Pty Ltd) ដែល​មាន​កសិដ្ឋាន​សំឡេះ​គោ​អូស្ត្រាលី​ធំ​ជាងគេ នៅ​អាស៊ី និង​ធំ​ទី​២ លើ​ពិភពលោក បន្ទាប់​ពី​ប្រទេស​អូស្ត្រាលី និង​មា​នទី​តាំងនៅ​ខេត្ត​ព្រះ​សីហ​នុ​។  ក្នុង​១​ម៉ោង​កសិដ្ឋាន​នេះ អាច​សំលាប់សត្វ​គោ​បាន​ចន្លោះ​ពី​៤០ ទៅ​៥០​ក្បាល ដែល​គោ​១​ក្បាល​ៗ មាន​ទម្ងន់​ពី ៦០០​ទៅ​១០០០​គីឡូក្រាម សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ ជា​ពិសេស​នៅ​លើ​ទីផ្សារ​នៅ​អា​រ៉ាប់ និង​អឺរ៉ុប​។

ឯកឧត្តម អូ​ស្មាន ហា​ស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ក្រុមការងារ​បច្ចេកទេស​ហា​ឡា​ល​កម្ពុជា មាន​ប្រសាសន៍​ឲ្យ​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​ហា​ឡា​ល ម៉ា​ឡេ​ស៊ី​ឈ្មោះ​ថា ហា​ឡា​ល ឌី​វី​ឡុ​ប​ម៉ែ​ន ខូ​ភើ​រ៉េ​សិន បាន​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​កសិដ្ឋាន សំឡេះ​គោ​អូស្ត្រាលី ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដោយ​មាន​គម្រោង​ដាក់​ទុន​វិនិយោគ ជាមួយ​ម្ចាស់​កសិដ្ឋាន​មួយ​នេះ​នូវ​ទំហំ​ទឹកប្រាក់​ប្រមាណ​៥០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​បង្កើន​សមត្ថភាព​ក្នុង​ការ​ផលិត​សាច់​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅប្រទេស​។

ឯកឧត្តម បាន​បន្ថែម​ថា បន្ទាប់​ពី​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​ចេញ​នូវ​អនុក្រឹត្យ​ស្ដី​ពី ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នូវ​គណៈកម្មាធិការ​ត្រួតពិនិត្យ​ផលិតផល​ហា​ឡា​ល​កម្ពុជា កាលពី ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៦​រួច​មក បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ច្រើន ពី​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ​លើ​ការងារ​ផលិត​អាហារ​ហា​ឡា​ល​នេះ ដោយ​ពាក្យ​ថា​អាហារ “​ហា​ឡា​ល​” ចេញ​មក​ពី​ពាក្យ​ឥ​ស្លា​ម​ដែល​មាន​ន័យ​ថា​ជា​អាហារ​ដែល​ស្អាត និង​ប្រកបដោយ​អនាម័យ ដោយ​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ទៅ​លើ​ការ​ផលិត​និង​វេច​ខ្ចប់​។

ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា នា​ពេល​នេះ គណៈប្រតិភូ​ម៉ា​ឡេ​ស៊ី​ក្រៅពី​បាន​ប្រកាស​នូវ​បំណង ចង់​វិនិយោគទុន នៅ​កសិដ្ឋាន​សំលាប់សត្វ​គោ​យក​សាច់ នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ហើយ​នោះ ក្រុមហ៊ុន​នេះ​ក៏​បាន​ជួយ​បណ្តុះបណ្តាល​ដល់​សហគមន៍​ឥ​ស្លា​ម​កម្ពុជា លើ​ការ​គ្រប់គ្រង​វិស័យ​ហា​ឡា​ល​នេះ​ផង​ដែរ​៕