សារអេឡិចត្រូនិច
ភាគី​ពាក់ព័ន្ធ​វិស័យ​ស្រូវ​-​អង្ករ ទទូច​ឲ្យ​មានការ​វិនិយោគ​សង់​ឃ្លាំង​ស្តុក​ទុក​និង​ឡ​ស​ម្ងួ​ត


ភ្នំពេញ ៖ វិស័យ​ឯកជន​ដែល​វិនិយោគ​ក្នុង​វិស័យ​ស្រូវ​-​អង្ករ បាន​ទទូច​ឲ្យ​មានការ​វិនិយោគ​សង់​ឃ្លាំង​ស្តុក​ទុក​រួម​នឹង​ឡ​ស​ម្ងួ​ត​ឲ្យ​បាន​ឆាប់ ដើម្បី​កុំ​ឲ្យ​ស្រូវ​របស់​កម្ពុជា​ពេល​ប្រមូល​ផល​ខូច និង​ហៀ​ចេញ​ទៅ​ប្រទេស​ជិតខាង​។

ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​នៅ​តែ​ទទូច​ឲ្យ​មានការ​វិនិយោគ​សង់​ឃ្លាំង​ស្តុក​ទុក​រួម​នឹង​ឡ​ស​ម្ងួ​ត​ឲ្យ​បាន​ឆាប់​ទប់ស្កាត់​កុំ​ឲ្យ​ស្រូវ​កម្ពុជា​ហៀ​ចេញ​ទៅ​ប្រទេស​ជិតខាង​នឹង​ធានា​ឲ្យ​តម្លៃ​ស្រូវ​មាន​ស្ថិរភាព​ឡើង​វិញ​។ នេះ​បើ​តាម ការ​អះអាង​របស់​តំណាង​សហព័ន្ធ​ស្រូវ​អង្ករ និង​មន្ត្រីជាន់ខ្ពស់​ធនាគារ​អភិវឌ្ឍន៍ជនបទ ប្រាប់ នា​ពេល​ថ្មី​ៗ​នេះ​។

លោក កៅ ថា​ច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ បាន​មាន​ប្រសាសន៍​ថា កម្ពុជា ពិតជា​មានការ​ខ្វះខាត​រឿង​ឃ្លាំង​ស្តុក​ទុក​ស្រូវ​មែន​ដោយសារ​កន្លង​មក​ស្រូវ​សែន​ក្រអូប​របស់​កម្ពុជា ពិតជា​ជួប​បញ្ហា​មែន ដែល​បញ្ហា​នេះ ត្រូវ​តែ​មាន​ឃ្លាំង​ស្តុក​ទុក​ស្រូវ​រួម ដើម្បី​ឲ្យ​អ្នក​នាំ​ចេញ​បាន​ទុន​បង្វិល​ទៅ​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​។

លោក​បាន​បន្ត​ថា មក​ទល់​ពេល​នេះ មិន​ទាន់​មាន​កន្លែង​ទុក​ស្រូវ​រួម​ឲ្យ​បាន​ច្បាស់លាស់​នោះ​ទេ ហើយ​អ្វី ដែល​សំខាន់​មែនទែន​នោះ បើ​មាន​ឃ្លាំង​ស្តុក​ទុក​រួម​នោះ​មិន​ភ័យ រឿង​ការ​ផ្គត់ផ្គង់​នោះ​ទេ ប៉ុន្តែ សំខាន់​កិច្ចការ​នេះ​ត្រូវ​តែ​ប្រើ​ពេលវេលា​២ ឆ្នាំទៅ​មុខ​ទៀត ។

លោក​បាន​អះអាង​ទៀត​ថា  អ្វី​សំខាន់​ត្រូវ​ដោះស្រាយ​ចំពោះ​មុខ ការងារ​នេះ​ត្រូវ​ចូលរួម​ពី​វិស័យ​ឯកជន ហើយ​ការ​សង់​ឃ្លាំង​ស្តុក​ទុក​មិន​ចាំបាច់​ធ្វើ​ធំ​ទេ ហើយ​ក្នុង​តំបន់​មួយ​ត្រូវ​ផ្តើម​ចេញពី​វិស័យ​ឯកជន​ក្នុង​ការ​វិនិយោគ   ព្រោះ​រោង​ម៉ាស៊ីន​នីមួយ​ៗ​ដឹង​រឿង​នេះ ច្បាស់លាស់​។ សម្រាប់ លោក ន​ង វាសនា អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លើក​ឡើង​ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​គាំទ្រ​នូវ​គំនិត​ផ្តួចផ្តើម និង​គាំទ្រ​ការ​វិនិយោគ​ពី​វិស័យ​ឯកជន ហើយ​ទន្ទឹម​នោះ រាជរដ្ឋាភិបាល​ក៏​ត្រូវ​តែ​ធ្វើការ​វិនិយោគ​ផង​ដែរ ។

លោក បាន​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​គួរតែ​មាន​ថវិកា​ខ្លះ ដើម្បី​ផ្តល់​ឥណទាន​ដល់​វិស័យ​កសិកម្ម ហើយ​ខាង​សហព័ន្ធ​ស្រូវ​អង្ករ​ក៏​បាន​ចងក្រង​រហូត​ដល់​ថ្នាក់​ខេត្ត ដើម្បី​ឲ្យ​ការ​ប្រមូល​ផល​របស់​កសិករ​មាន​កន្លែង​ទុកដាក់​នៅ​ឃ្លាំង​ណាមួយ​បាន ។

លោក បាន​បញ្ជាក់​ទៀត​ថា  បើសិនជា​រាជរដ្ឋាភិបាល​មាន​ថវិកា​ជា​កម្ចី ដែល​មានការ​ប្រាក់​ទាប គឺជា​រឿង​ល្អ ហើយ​សម្រាប់​វិស័យ​ឯកជន​នៅ​តែ​គាំទ្រ​នូវ​ផែនការ​វិនិយោគ សង់​ឃ្លាំង​ស្តុក​ទុក​រួម និង​ឡ​ស​ម្ងួ​ត ដើម្បី​ជួយ​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​នៅ​ឆ្នាំ​បន្ទាប់​ទៀត​៕

ព័ត៌មានថ្មីៗ