សារអេឡិចត្រូនិច
ឆ្នាំ​២០១៦ រក​ចំណូល​បាន​ជាង ៦២​លាន​ដុល្លារ ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរវត្ត


ភ្នំពេញ​: កាលពី​ឆ្នាំ​២០១៦ នៅ​ពេល​រាជរដ្ឋាភិបាល ដក​យក​ការ​លក់​សំបុត្រ​ចូល ទស្សនា​ប្រាសាទអង្គរវត្ត ពី​ក្រុមហ៊ុន​សុខា គឺ​គ្រឹះស្ថាន​អង្គរ បាន​លក់​ប័ណ្ណ ដល់​អ្នកទេសចរ​បរទេស តំបន់​អង្គរ ចំនួន ២.១៩៧.២៥៤ នាក់ កើនឡើង ៤,៦៣ ភាគរយ និង​ប្រមូល​ចំណូល​បាន ៦២.៥៨២.២០០ ដុល្លារ កើនឡើង ៤,២១ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥​។

ដូច្នេះ​ចាប់ពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៧ តទៅ គ្រឹះស្ថាន​អង្គរ ដែល​ជា​អ្នកគ្រប់គ្រង លក់​សំបុត្រ សម្រាប់​ជនបរទេស ចូល​ទស្សនា​ប្រាសាទអង្គរវត្ត បាន​ចាប់ផ្តើម​អនុវត្ត​តម្លៃ​ថ្មី នៃ​ការ​លក់​ប័ណ្ណ​ចូល ទស្សនា​រមណីយដ្ឋាន​អង្គរ ក្នុង​ខេត្តសៀមរាប​។

តម្លៃ​ថ្មី​នោះ បាន​ឡើង​ជិត ១០០ ភាគរយ តែ​រាជរដ្ឋាភិបាល បាន​ដក ២ ដុល្លារ សម្រាប់​តម្លៃ​សំបុត្រ​១ ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។ តម្លៃ​ថ្មី​នៃ​ប័ណ្ណ​ចូល ទស្សនា​អង្គរ​នោះ ត្រូវ​បាន​បែងចែក​ជា ៣ ប្រភេទ រួម​មាន​៖ ១-​ប្រភេទ​ប័ណ្ណ​ចូល​ទស្សនា ១​ថ្ងៃ មាន​តម្លៃ ៣៧ ដុល្លារ​។ ២-​ប្រភេទ​ប័ណ្ណ ចូល​ទស្សនា ៣​ថ្ងៃ មាន​តម្លៃ ៦២ ដុល្លារ ដោយ​មាន​សុពលភាព ១០​ថ្ងៃ និង​៣-​ប្រភេទ​ប័ណ្ណ ចូល​ទស្សនា ៧​ថ្ងៃ មាន​តម្លៃ ៧២ ដុល្លារ និង​មាន​សុពលភាព ១​ខែ​។

គ្រឹះស្ថាន​អង្គរ ក៏​បាន​បញ្ជាក់​ថា តម្លៃ​ថ្មី​នៃ​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​នេះ ត្រូវ​ដក ២​ដុល្លារ បញ្ចូល​ក្នុង​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដើម្បី​ព្យាបាល​ជំងឺ​កុមារ​ក្រីក្រ​។

ការ​តម្លើង​ថ្លៃ​លក់​សំបុត្រ ចូល​ទស្សនា​អង្គរ​នេះ មិន​ប៉ះពាល់​ដល់​អារម្មណ៍ ភ្ញៀវ​ទេសចរ​បរទេស​ទេ ហើយ​ក៏​ជា​មោទនភាព ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​យើង ដែល​បាន​តំឡើង​ថ្លៃ​សំបុត្រ ចូល​ទស្សនា​អង្គរ ព្រោះ ២០ ឆ្នាំ​ហើយ ដែល​យើង​រក្សា​តំលៃ​ទាប​។ បើ​ប្រៀបធៀប​នឹង​តំបន់​កំសាន្ត ប្រទេស​ផ្សេង ក៏​តំលៃ​ថ្មី​នេះ នៅ​តែ​សម​ស្រប​ដែរ​។

គួរ​បញ្ជាក់​ដែរ​ថា ពី​មុន​តម្លៃ​ប័ណ្ណ​ចូល ទស្សនា​រមណីយដ្ឋាន​អង្គរ ក្នុង​ខេត្តសៀមរាប មាន ៣ ប្រភេទ រួម​មាន​៖ ១-​តម្លៃ ២០​ដុល្លារ ចូល​ទស្សនា បាន ១​ថ្ងៃ ២-​តម្លៃ ៤០​ដុល្លារ ចូល​ទស្សនា ៣​ដង មាន​សុពលភាព រយៈពេល ១​ស​ប្តា​ហ៍ និង​៣-​ប័ណ្ណ​តម្លៃ ៦០​ដុល្លារ ចូល​ទស្សនា​បាន ៧​ដង ដោយ​មាន​សុពលភាព រយៈពេល ១​ខែ​៕

ព័ត៌មានថ្មីៗ