សារអេឡិចត្រូនិច
AFD ផ្ដល់​ថវិកា ២០០ លាន​អឺ​រ៉ូ ដល់​ក្រសួង​ធនធានទឹក អភិវឌ្ឍ​វិស័យ​ទឹក និង​កសិកម្ម


ភ្នំពេញ​:  ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​( AFD ) នឹង​ត្រូវ​ផ្តល់​នូវ​ទឹកប្រាក់ ហិរញ្ញប្បទាន ចំនួន ២០០ លាន​អឺ​រ៉ូ បន្ថែម​ដល់ ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​អនុវត្ត​គម្រោង វិស័យ​ទឹក និង​កសិកម្ម ជំហាន​ទី​២ ក្នុង​រយៈពេល ៨ ឆ្នាំ​បន្ត​ទៀត ។ 

បើ​តាម​ការ​ផ្សព្វផ្សាយ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ បាន​ឲ្យ​ដឹង​ថា លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អនុញ្ញាត​ឱ្យ​លោក Philippe STEINMETZ នាយក​ទីភ្នាក់ងារ​បារាំង សម្រាប់​ការ​អភិវឌ្ឍ (AFD) ប្រចាំ​ប្រទេស​កម្ពុជា និង​លោកស្រី Alexia HOFMANN និង​នាយក​គ្រប់គ្រង​គម្រោង AFD ប្រចាំ​ទី​ក្រុងប៉ារីស ព្រមទាំង​សហការី ចូល​ជួប​សំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នា​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅ​ទីស្តីការក្រសួង​។

លោក Philippe STEINMETZ បន្ត​ថា ក្នុង​ពេល​កន្លង​មក AFD បាន​ផ្តល់​នូវ​ហិរញ្ញប្បទាន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា សរុប​ចំនួន ២៤ លាន​អឺ​រ៉ូ ដើម្បី​អនុវត្ត​នូវ​គម្រោង​ទឹក និង​កសិកម្ម (Water and Agriculture Sector Project) ។ ហិរញ្ញប្បទាន​ទាំងនេះ ត្រូវ​បាន​យក​ទៅ​អនុវត្ត​ទៅ​លើ​ការ​ស្តារ​ព្រែក ប្រព័ន្ធ​ធារាសាស្ត្រ ការ​រៀបចំ​សហគមន៍​កសិករ ប្រើប្រាស់​ទឹក ការ​រៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ប្រព័ន្ធ​ធារាសាស្ត្រ​... ។ មក​ដល់​ពេល​នេះ គម្រោង​ការងារ​ខាងលើ ត្រូវ​បាន​អនុវត្ត​ស្ទើរនឹង​ចប់ ១០០% អស់ហើយ ។ លោក Philippe បន្ត​ថា បេសកកម្ម​របស់​លោកស្រី Alexia HOFMANN នៅ​កម្ពុ​ជានា​ពេល​នេះ គឺ​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​ទៅ​លើ​លទ្ធផល​ការងារ ក៏​ដូច​ជា​សក្តានុពល​របស់ គម្រោង​ដែល​បាន​អនុវត្ត កន្លង​មក ។

លោក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​ថ្នាក់ដឹកនាំ ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​បងប្អូន​ប្រជា​កសិករ ថ្លែងអំណរគុណ ដ៏​ជ្រាលជ្រៅ ចំពោះ AFD ដែល​បាន​ផ្តល់​ហិរញ្ញប្បទាន សម្រាប់​ការ​ស្តារ​ឡើង​វិញ នូវ​ព្រែក និង​ប្រព័ន្ធ​ធារាសាស្ត្រ មួយ​ចំនួន ដែល​តាម​រយៈ​ជំនួយ​ទាំងនេះ បាន​បង្ក​លក្ខណៈ​ឱ្យ ក្រសួង​ធនធានទឹក និង​ឧតុនិយម អាច​ដោះស្រាយ​ទឹក ជូន​ដល់​បងប្អូន​ប្រជា​កសិករ ទាំង​ក្នុង​ការ​ស្រោចស្រព ក៏​ដូច​ជា​ការ​ប្រើប្រាស់ ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ។ លោក​រដ្ឋមន្ត្រី បាន​លើក​សំណូមពរ​ដល់ AFD ឱ្យ​បន្ត​ផ្តល់​ហិរញ្ញប្បទាន សម្រាប់​ការ​អនុវត្ត​គម្រោង Water and Agriculture Sector Project បន្ថែម​ទៀត ។

លោកស្រី Alexia HOFMANN បាន​ថ្លែង​ផង​ដែរ​ថា "​ក្នុង​បេសកកម្ម​មក​កាន់​កម្ពុជា ដើម្បី​ពិនិត្យ និង​វាយតម្លៃ​លើ​ការ​អនុវត្ត​គម្រោង នា​ពេល​នេះ ពិតជា​មានការ​សប្បាយចិត្ត ដោយ​ពិនិត្យ​ឃើញ​ថា អ្វី​ដែល​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អនុវត្ត​កន្លង​មក បាន​និង​កំពុង​ផ្តល់ ផលប្រយោជន៍ ជា​បណ្តើរ​ៗ ដល់​ប្រជា​កសិករ បើ​ទោះបីជា​គម្រោង​ទាំងនោះ ពុំ​ទាន់​បាន​អនុវត្ត​រួចរាល់​ជា​ស្ថាពរ​ក្តី "​។ 

លោកស្រី​បន្ថែម​ថា ក្នុង​បរិបទ​នៃ ការ​ប្រែប្រួល​អាកាសធាតុ ទឹក គឺជា​បញ្ហា​ប្រឈម​មួយ ដែល​ត្រូវ​ទាមទារ​នូវ ការ​ដោះស្រាយ​ជា​អាទិភាព ។ ក្នុង​ន័យ​នេះ AFD បាន និង​កំពុង​រៀបចំ​ផែនការ ផ្តល់​ហិរញ្ញប្បទាន​បន្ថែម ដល់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​បន្ត​អនុវត្ត​គម្រោង Water and Agriculture Sector Project ជំហាន​ទី ២ បន្ថែម​ទៀត លើ​ទំហំ​ទឹកប្រាក់ ២០០ លាន​អឺ​រ៉ូ ក្នុង​រយៈពេល ៨ ឆ្នាំ ដោយ​ចែក​ចេញ​ជា ៤ ដំណាក់កាល ពោល​គឺ ៥០ លាន​ឣឺ​រ៉ូ ក្នុង​រយៈពេល ២ ឆ្នាំ ៕

ព័ត៌មានថ្មីៗ