សារអេឡិចត្រូនិច
ក្នុងខែមករា ភ្ញៀវអន្តរជាតិជិត ៣សែននាក់ មកទស្សនាអង្គរ បង្កើតចំណូលជាង ៨លានដុល្លារ


គិត​ត្រឹម​ដំណាច់​ខែមករា ឆ្នាំ ២០១៧​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ ប្រមាណ ២៨៧,០០០​នាក់ បាន​មក​ទស្សនា​ប្រាសាទអង្គរវត្ត និង​បង្កើត​ចំណូល​ពី​ការ​លក់​សំបុត្រ​បាន​ជាង ៨​លាន​ដុល្លារ​អា​មេ​រិ​ក​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​គ្រឹះស្ថាន​អង្គរ​។

ចំនួន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​ជិត ៣​សែន គឺ​កើនឡើង​ប្រមាណ ១៦​ភាគរយ ធៀប​នឹង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ភ្ញៀវ​ទេសចរ​ដែល​មក​ច្រើន​ជាងគេ គឺ​ជនជាតិ​ចិន មាន​ជិត ១​សែន​នាក់ បន្ទាប់​មក​គឺ ជនជាតិ​កូរ៉េ ជាង ៤​ម៉ឺន​នាក់ អា​មេ​រិ​ក​ជាង ២​ម៉ឺន​នាក់ និង​ចម្រុះ​ជាតិ​សាសន៍​ជាង ១​សែន​នាក់​។

ចាប់ពី​ថ្ងៃ​ទី ១ ខែកុម្ភ​: ឆ្នាំ ២០១៦ សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរវត្ត នឹង​កែប្រែ​តម្លៃ​ថ្មី គឺ​ឡើង​ដល់ ៣៧​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ចូល​ទស្សនា ១​ថ្ងៃ ដោយ​រាល់​ការ​ទិញ​សំបុត្រ​ទាំងអស់ គឺ​កាត់ ២​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។

រាជរដ្ឋាភិបាល បាន​ធ្វើការ​កែសម្រួល តម្លៃ​សំបុត្រ​ចូល​ទស្សនា​រម​នី​យ​ដ្ឋា​ន​អង្គរ សម្រាប់​ជនបរទេស​នេះ គឺ​ដើម្បី​រក្សា​តម្លៃ​សំបុត្រ ចូល​ទស្សនា​អង្គរ​ឲ្យ មាន​និរន្តរភាព ដោយ​ហេតុផល​ថា តម្លៃ​បណ្ណ​ថ្មី ៣៧​ដុល្លារ​អា​មេ​រិ​ក គឺ​នៅ​ទាប​ជាង តម្លៃ​សំបុត្រ ២០​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​អនុវត្តន៍ កាលពី ២០​ឆ្នាំ​មុន រហូត​មក​ដល់​ពេល​នេះ​។

មួយវិញទៀត អង្គរ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ជា​បេតិកភណ្ឌ​វប្បធម៌ ដ៏​អស្ចារ្យ​នៅ​លើ​ពិភពលោក ជា​គោលដៅ​ទេសចរណ៍​ដ៏​ធំ មាន​ប្រាង្គ​ប្រាសាទ​ជា​ច្រើន ដែល​មាន​វិសាលភាព​ធំធេង និង​មាន​តម្លៃ មហាសាល ចំពោះ​ការ​កែសម្រួល​ថ្លៃ​នេះ មិនជា​ឧបសគ្គ ឬ​ជា​កង្វល់​នោះ​ទេ ។

គួរ​បញ្ជាក់​ដែរ​ថា លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏​រំពឹង​ថា ចំនួន​ភ្ញៀវ​មក​ទស្សនា​អង្គរ មិន​ថមថយ​នោះ​ទេ បើ​ទោះជា​ឡើងថ្លៃ​ក្តី​៕

ព័ត៌មានថ្មីៗ