សារអេឡិចត្រូនិច
សម្តេច​តេ​ជោ ហ៊ុន សែន ៖ ធនាគារ​ជប៉ុន MIZUHO ប្រចាំ​តំបន់​អាស៊ី និង​អូ​សេ​អា​នី បណ្តាក់ទុន​នៅ​កម្ពុជា


ភ្នំពេញ​: សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ជូនពរ​ឱ្យ​ធនាគារ MIZUHO ទទួល​បាន​ជោគជ័យ ក្នុង​ការ​បណ្តាក់ទុន នៅ​កម្ពុជា នឹង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ធនាគារ​នេះ នឹង​ជួយ​ទាក់ទាញ អ្នក​វិនិយោគទុន​ជប៉ុន កាន់តែ​ច្រើន​ថែម​ទៀត មក​បណ្តាក់ទុន​ធ្វើ​អាជីវកម្ម និង​វិនិយោគ នៅ​ក្នុង​ប្រទេស​កម្ពុជា​។

នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃ​ទី​២៧ ខែ កុម្ភៈ ឆ្នាំ ២០១៧​នេះ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​អោយ​លោក Imai Seiji នាយក​ប្រតិបត្តិ នៃ​ធនាគារ MIZUHO ប្រចាំ​តំបន់​អាស៊ី និង​អូ​សេ​អា​នី ចូល​ជួប​សំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​។ 

លោក Imai Seiji អរគុណ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​បាន​ផ្តល់​ពេលវេលា និង​កិត្តិយស​អោយ​ក្រុមការងារ​លោក​បាន​ចូល​ជួប​ពិភាក្សា​ការងារ​វិនិយោគ​។ ទន្ទឹម​នឹង​នេះ លោកនាយក បាន​កោតសរសើរ សម្តេច​តេ​ជោ ដែល​បាន​ខិតខំ​ដឹកនាំ ប្រទេស​កម្ពុជា រហូត​មានការ​រីក​ចម្រើន មក​ទល់​សព្វថ្ងៃ​។ ធនាគារ MIZUHO គឺជា​ធនាគារ​ខ្នាត​ធំ​ជប៉ុន លើក​ទី​១ មក​កាន់​កម្ពុជា ដែល​មាន​សាខា នៅ​ក្នុង​ប្រទេស​ចំនួន​៣០​។ តាម​រយៈ​ធនាគារ​នេះ គឺ​នឹង​សម្រួល​ដល់ ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ ទៅ​ដល់​អ្នក​វិនិយោគ ទាំង​ជនជាតិ​ជប៉ុន កម្ពុជា និង​អ្នក​វិនិយោគ​ដទៃ​ទៀត ដែល​មក​បណ្តាក់ទុន នៅ​ក្នុង​ប្រទេស​យើង ឱ្យ​កាន់តែ​ងាយស្រួល ឡើង​ថែម​ទៀត​។ ទន្ទឹម​នឹង​នេះ វត្តមាន​ធនាគារ MIZUHO នឹង​នាំ​មក​នូវ​អ្នក​វិនិយោគ​ជប៉ុន ជា​ច្រើន​មក​កម្ពុជា នៅ​ពេល​អនាគត ខាង​មុខ​នេះ​។ លោកនាយក ក៏​បាន​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ធនាគារជាតិ​កម្ពុជា និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​បាន​គាំទ្រ និង​ជំរុញ​ដល់​ការ​វិនិយោគ របស់​ធនាគារ​របស់​លោក នៅ​កម្ពុជា​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​ជួយ​កម្ពុជា កន្លង​មក រួម​ទាំង​ការ​នាំ​មក​នូវ សុខ​សន្តិភាព ការ​គៀងគរ​ជំនួយ និង​ការ​ផ្តល់​នូវ​ថវិកា​ជំនួយ ឥត​សំណង ចូលរួម​ស្តារ កសាង និង​អភិវឌ្ឍន៍​ប្រទេស ហើយ​ក្នុង​ពេល​នេះ​ទៀត​សោត គឺ​កំពុង​តែ​ជួយ​ទាក់ទាញ និង​ជំរុញ​អ្នក​វិនិយោគ​ជប៉ុន មក​កាន់​កម្ពុជា កាន់តែ​ច្រើន​ឡើង ថែម​ទៀត​ផង​។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ផង​ដែរ​ថា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ គឺ​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន ខ្នាត​ធំ Anna Air ដែល​បាន​មក​វិនិយោគ នៅ​កម្ពុជា ហើយ​នៅ​ឆ្នាំ ២០១៧ នេះ គឺ​មាន​ធនាគារ​ខ្នាត​ធំ​ជប៉ុន MIZUHO មក​កម្ពុជា​ទៀត​។ ទាំងនេះ បញ្ជាក់​ប្រាប់​ដល់​អ្នក​វិនិយោគ​ជប៉ុន អោយ​មាន​ភាព​កក់ក្តៅ និង​ជំនឿ​ទុកចិត្ត ក្នុង​ការ​វិនិយោគ នៅ​កម្ពុជា​៕

ព័ត៌មានថ្មីៗ