សារអេឡិចត្រូនិច
រឿង "​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​" បង្កប់​គ្រប់​រសជាតិ​ជីវិត របស់​អ្នក​ម្តាយ ចំណាយ​ជាង ៥០ ម៉ឺន​ដុល្លារ


ភ្នំពេញ​: ផលិតកម្ម​ថោ​ន ទីក្រុង​ភាពយន្ត​ថោ​ន បាន​ផលិត​ខ្សែភាពយន្ត​ខ្មែរ ខ្នាត​ធំ​ជា​លើក ដំបូង គឺ​រឿង "​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​" ដែល​ការ​ផលិតភាព​យន្ត​នេះ ត្រូវ​បាន​រៀបចំ​យ៉ាង សម្រិតសម្រាំង ទាំង​បច្ចេកទេស ទាំង​តួ​សម្តែង និង​ចំណាយ​ទឹកប្រាក់ ប្រមាណ​ជាង ៥០ ម៉ឺន​ដុល្លារ និង​បាន​ចាប់​បញ្ចាំង តាម​រោង​ភាពយន្ត ទូ​ទាំង​ប្រទេស ពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៧​។ 

«​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» បាន​បើក​សម្ពោធ ជា​ផ្លូវការ នៅ​ល្ងាច​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៧​នេះ នៅ​រោង​ភាពយន្ត Major ផ្សារ​ទំនើប អេ​អន ក្រោម​អធិបតីភាព លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​, អ្នកស្រី ជួប មាន ចាងហ្វាង​ផលិតកម្ម ថោ​ន និង​ពី​សំណាក់​តារា​សម្ដែង តារាចម្រៀង​ក្នុង​ផលិតកម្ម ថោ​ន និង​មហាជន យ៉ាងច្រើន​។

ទំហំ​នៃ​ទឹកចិត្ត​អ្នក​ម្តាយ ពិតជា​មិន​អាច​កាត់ថ្លៃ​បាន​មែន ម្តាយ​សុខ ចិត្ត​រែកពន់​គ្រប់យ៉ាង ម្តាយ​សុខចិត្ត ទទួល​បាប គ្រប់យ៉ាង ជំនួស​កូន អត្ថន័យ​ទាំងអស់ នឹង​ដាក់​បញ្ចាំង គ្រប់​រោងកុន នៅ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៧ ក្នុង​ខ្សែភាពយន្ត រឿង "​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​" ដោយ​ចង់​បញ្ជាក់​ពី​ក្តី​ទុក្ខ​ព្រួយ អ្នក​ម្តាយ​គ្រប់​រូប មាន​ដូច​ជា ៖ ទឹកចិត្ត​អ្នក​ម្តាយ ក្នុង​គ្រួសារ ត្រកូល​អ្នកមាន​។ ទឹកចិត្ត​អ្នក​ម្តាយ ក្នុង​គ្រួសារ​មធ្យម​។ 

ទឹកចិត្ត​អ្នក​ម្តាយ ក្នុង​គ្រួសារ ត្រកូល​អ្នកក្រ​។ ទោះបីជា​ស្ថិត​ក្នុង​ជីវភាព បែប​ណា ក៏​ដោយ ម្តាយ​សុទ្ធតែ​មាន​ទឹកចិត្ត អាណិត​ស្រឡាញ់​កូន ដូច​គ្នា​ទាំងអស់​។

អ្នកស្រី ពាន់ ភួង​បុប្ផា ដែល​ជា​អ្នកដឹកនាំ​រឿង បាន​បង្ហាញ​ពី​ក្តី​រំពឹង​ខ្ពស់​ថា ភាពយន្ត​នេះ នឹង​ទទួល​បានការ​គាំទ្រ មិន​ចាញ់​ស្នាដៃ​រឿង ”​ទឹកចិត្ត​ម្តាយ​” របស់​អ្នកស្រី កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ទេ​។ 

រំពឹង​ខ្ពស់ ព្រោះតែ​ភាពយន្ត​នេះ ត្រូវ​បាន​សម្តែង ដោយ​តារា​ក្មេង​ចាស់ ប្រុស​ស្រី ៤ ជំនាន់​ផ្សេង​គ្នា បាន​ចូលរួម​សម្តែង ដូច​ជា សិល្បករ​ល្បី​ជំនាន់​ទស្ស​វត្ស​រិ៍​ទី​៦០​អ្នកស្រី​ឌី សា​វ៉េ​ត តារា​សម្តែង​ទស​វត្ស​រិ៍​ទី​៩០ អ្នក​នាង អម្ពរ​ទេវី លោក​ទេព រិ​ន​ដា​រ៉ូ តារា​សម្តែង​ល្បីឈ្មោះ ក្នុង​ឆ្នាំ​២០០០ អ្នក​នាង ស៊ឹ​ម សូលី​កា និង​អ្នក​នាង​ស្វែង សុជាតា និង​តារា​សម្តែង​ល្បីឈ្មោះ ក្នុង​ពេល​បច្ចុប្បន្ន គឺ​អ្នក​នាង សុខ សោ​ម៉ា​វ​ត្តី កញ្ញា ឌុ​ច លី​ដា លោក យិ​តមាស ឧស្សាហ៍ និង​តារា​សម្តែង​ជា​ច្រើន​រូប​ទៀត នឹង​ចូលរួម​សម្តែង ក្នុង​ខ្សែភាពយន្ត​រឿង ”​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​” ។ 

លោកស្រី បញ្ជាក់​ដែរ​ថា ខ្សែភាពយន្ត​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ផ្ទុះ​ចេញ​នូវ​ការ​គាំទ្រ​ច្រើន ពី​ទស្សនិកជន ខណៈ​ដែល​វា គឺជា​ទស្សនីយភាព​សិល្បៈ​ពិសេស​ប្លែក​មិន​ធ្លាប់​មាន ហើយ​បច្ចេកទេស ក៏​ត្រូវ​បាន​។ កាលពី​ឆ្នាំ​២០០៣ អ្នកស្រី ធ្លាប់​បាន​ធ្វើ​ឲ្យ​កក្រើក​វិស័យ​សិល្បៈ​ភាពយន្ត តាម​រយៈ​ខ្សែភាពយន្ត​រឿង ”​ទឹកចិត្ត​ម្តាយ​” ហើយ​គ្រានេះ នឹង​កាន់តែ​ពិសេស ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង ពី​ទឹកចិត្ត​ម្តាយ នា​សម័យ​ប​ច្ចុ​ប​ប្បន្ន​។ 

អ្វី​ដែល​ពិសេស​ផង​ដែរ គឺ​ការ​បណ្តាក់ទុន​យ៉ាង​ច្រើ ជាមួយនឹង​ផលិតកម្ម​ថោ​ន ជាមួយនឹង​បច្ចេកទេស ឧបករណ៍​ផលិត មានគុណ​ភាព ដែល​ធ្វើ​ឲ្យ​អ្នកស្រី​រំពឹង​ថា វា​នឹង​ក្លាយជា​ខ្សែភាពយន្ត កម្រិតស្តង់ដា​ខ្ពស់​មួយ និង​ទទួល​បានការ​ចាប់អារម្មណ៍ ច្រើន​ពី​មហាជន​។

រឿង ទឹកចិត្ត​ម្ដាយ​សម័យ​ថ្មី  ទាំង​កំសត់ គ្រប់​រសជាតិ ដែល​កើត​មាន​ជាក់ស្តែង ក្នុង​សង្គម បាន​សម្រិតសម្រាំង ជា​ពិសេស សម្រាប់​ទស្សនិកជន ដោយ​ស្នាដៃ​ផលិតករ និង​អ្នកដឹកនាំ​រឿង ដ៏​ឆ្នើម​គឺ​អ្នកស្រី ពាន់ ភួង​បុប្ផា ដែល​ជា​ខ្សែភាពយន្ត ខ្នាត​ធំ កម្រិត 4.5K លំដាប់​អន្តរជាតិ គ្រប់​រោង​ភាពយន្ត​ទំនើប ក្នុង​រាជធានី​ភ្នំពេញ​។ 

ម្តាយ ជា​មនុស្ស មានគុណ​ដ៏​ធំធេង ហើយ​ក៏​ជា​មនុស្ស​តែ​ម្នាក់​គត់ ដែល​ស្រឡាញ់​អ្នក ពុំ​មាន​អ្វី​កាត់ថ្លៃ​បាន​។ រយៈពេល​៩​ខែ ១០​ថ្ងៃ លោក​ខិតខំ​ថែរក្សា​យើង ដោយ​ប្រយ័ត្ន​បំផុត​។ លុះដល់​ពេល​កូន ប្រ​សូត្រ​មក​ហើយ អ្នក​ម្តាយ​នៅ​តែ​មើលថែ ថ្នាក់ថ្នម ការពារ​គ្រប់យ៉ាង សូ​ម្បី​តែ​សត្វ​ស្រមោច ក៏​មិន​អោយ​ខាំ​ផង​។ លុះដល់​កូន​ពេញវ័យ នៅ​តែ​ពន្យល់​ណែនាំ ប៉ុន្តែ នៅ​ក្នុង​រឿង "​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​" កូន​ៗ ហាក់​មិន​ស្តាប់ នូវ​ការ​ទូន្មាន អប់រំ របស់​ម្តាយ ធ្វើ​អ្វី​តាមតែ​ទំនើងចិត្ត ដើរ​លេង​សប្បាយ ភ្លើតភ្លើន ភ្លេចខ្លួន រហូត​ជាប់​ពន្ធនាគារ ក៏​មាន​។

ចំណែក​ទស្ស​និ​ជន ដែល​ត្រៀម​ចូល​ទស្សនា ខ្សែរ​ភាពយន្ត​ខ្នាត​ធំ​នេះ​វិញ អ្នកខ្លះ​ថា «​ចាំ​ដាក់​កន្សែង ទៅ​តែ​ម្តង​ទៅ ខ្ជិល​ទិញ​ក្រដាស​» «​ត្រៀម​ចិត្ត​សម្រាប់​យំ​ម៉​ង​» «​មិនបាច់​ទេ ថា​តួ​មិន​ទាន់​យំ​ផង ឯង​ក្រៅ​ហូរ​ទឹកភ្នែក​បាត់​»​។ ខ្លះ​ទៀត​ថា «​សម្តែង​ល្អរ​គ្រប់​តួរ​អង្គ មើលទៅ​ទាក់ទាញ action ដូច​រឿង​ពិត​ចឹ​ង​ចង់ទៅ​មើល​ណាស់​» «​សុទ្ធតែ​កំពូល​តារា​សំដែង​» «​គ្រាន់តែ​មើល​Trailer ប៉ុនឹង​ខ្ញុំ​ចង់​យំ​ចុះបើ​មើល​ពេញ​ទៀត​ដឹង​តែ​ហើម​ភ្នែក​ម៉​ង​» «​គ្រាន់តែ​មើល trailer ចង់​យំ​បាត់​ហើយ​» ខ្លះ​ទៀត​ថា «​មើលទៅ​ទំនង​ល្អមើល​ហើយ មាន​ន័យ​ទៀត ចាំ​ឆ្លៀត​នាំ​កូន​ទៅ មើល​ដែរ​ហើយ​» «​អ្នកស្រី​ស្វែង សុជាតា សម្តែង​សម​ខ្លាំង​ណាស់ ចេញ​គាត់​មក ទឹកភ្នែក​ហូរ ទប់​មិន​ជាប់​» «​ទៅ​មើល​យក កន្សែង ទៅ​អោយ​ហើយ​» «​ដឹង​តែ​ទៅ​មើល​ហើយ​គាំទ្រ​ពេញទំហឹង​»​។

ជាមួយនឹង​ខ្សែភាពយន្ត​នេះ​ដែរ អ្នកខ្លះ​បញ្ចេញមតិ ដោយ​ដាក់​រូបភាព បែប​កំសត់ ហូរ​ទឹកភ្នែក ហើយ​ក៏​ទទឹង​រង់ចាំ​ទស្សនា ខ្សែភាពយន្ត យ៉ាង​អន្ទះសារ​ផង​ដែរ​។

ក្នុង​ខ្សែភាពយន្ត ដែល​និយាយ ពី​រឿង​មួយ​ចំនួន កើត​មាន​ជាក់ស្តែង​ក្នុង​សង្គម បច្ចុប្បន្ន មួយ​នេះ ចូលរួម​សម្ដែង​ដោយ​៖ អ្នកស្រី អម្ពរ ទេវី​,​អ្នក​នាង ស៊ឹ​ម សូលី​កា​, អ្នក​នាង ស្វែង សុជាតា​, អ្នក​នាង សុខ សុ​ម៉ា​វ​តី​, កញ្ញា ឌុ​ច លី​ដា​, លោក ទេព រិ​ន្ធ​ដា​រ៉ូ​, លោក មាស យិ​ត​ឧស្សាហ៍​, លោក​ប៊ុត សា​រ៉ា​វុ​ធ​, តារា​កិត្តិយស​៖ អ្នកស្រី ឌី សា​វ៉េ​ត និង​តារា​ប្រុស​ស្រី ជា​ច្រើន រូប​ទៀត​។

បើ​ចង់​ជ្រាប​កាន់តែ​ច្បាស់ នូវ​ដំណើររឿង ដែល​ជា​ស្នាដៃ​របស់​ខ្មែរ និង​ចូលរួម​គាំទ្រ​វិស័យ ភាពយន្ត​ខ្មែរ សូម​ទស្សនា ខ្សែភាពយន្ត​នេះ នៅ​រោង​ភាពយន្ត ម៉េ​ជើរ ស៊ី​នេ​ផ្លេ​ច បាយ​សែ​ល​ខាត​៕