ភិន សុដាលីស សម្តែងរឿងភាគថ្មី ក្រោយពីផ្អាកសម្តែងមួយរយៈពេលកន្លងមក
ថ្ងៃ សៅរ៏ ទី ៤ ខែ មីនា ឆ្នាំ ២០១៧ ម៉ោង ១៧:០០
ភ្នំពេញ: ផលិតកម្មមហាហង្ស ទទួលបានសិទ្ធផលិតរឿង ឲ្យស្ថានីយ៍ទូរទស្សន៍ភីអិនអិន (TV PNN) បានសំរឹតសំរាំង និពន្ធរឿងភាគដាក់ទូរទស្សន៍ជាលើកទី២នូវរឿង “ម្ចាស់បំណុល” បន្ទាប់ពីរឿង “បំភ្លេចមិនបាន” ដែលត្រូវបញ្ចប់នៅក្នុងខែឧសភា ២០១៧ ហើយចាក់បន្តនៅរឿង “ម្ចាស់បំណុល” នៅខែមិថុនា ២០១៧ខាងមុខនេះ។
លោក អិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានឲ្យដឹងនៅក្នុងពិធីក្រុងពាលីរឿង ថា នេះជារឿងដែលលោក និពន្ធផ្ទាល់ដោយមិនចំលងពីបរទេស ជាស្នាដៃនិពន្ធថ្មីសុទ្ធសាធ ដែលភាគច្រើននៃសាច់រឿង គឺលោកផ្តោតលើស្ត្រីមេផ្ទះជាចម្បង។ សាច់រឿងដែលបង្កប់គ្រប់រសជាតិជីវិត មានឈ្នានីស ឌឺដង កាច់ កុងគ្នា ពោលគឺមានគ្រប់រសជាតិ ។ លោកបន្តថារឿងនេះ ខ្ទង់ចំណាយប្រមាណជា ១៥ម៉ឺនដុល្លារអាមេរិក ដែលមានចំនួន៥០ភាគ ហើយគ្រោងនឹងដាក់បញ្ចាំងនៅក្នុងស្ថានីយ៍ទូរទស្សន៍ភីអិនអិន នៅដើមខែ មិថុនា ២០១៧។
លោកបន្តថា ការដាក់បញ្ចូលកូនស្រីរបស់ខ្លួន ជាតួឯកក្នុងរឿង មិនមែនលោកជាអ្នកធ្វើការសម្រេចចិត្តនោះទេ ពោលការដាក់បញ្ចូលតួរប្រុស-ស្រី ត្រូវបានឆ្លងកាត់ការយល់ព្រមពី ស្ថានីយ៍ទូរទស្សន៍។ ដូច្នេះ មិនមានហេតុផលដែលលោកត្រូវ ទទួលការរិៈគន់ឡើយ ជាក់ស្តែងទីផ្សាររបស់ តារាសម្តែងអ្នកមេម៉ាយកូនមួយសាច់ខ្ចីរូបនេះ ក៏នៅមានទីផ្សារខ្ពស់ និងទទួលបានប្រជាប្រិយ៍ភាពមិនថមថយឡើយ អីចឹងហើយ បានជា ភិន ដាលិស នៅតែគ្រងតំណែងតួឯក នៅក្នុងរឿង “ម្ចាស់បំណុល”។
រឿង ភាគ “ម្ចាស់បំណុល ” ចូលរួមសម្តែងដោយតារាប្រុស-ស្រី ប្រមាណជាង ៥០នាក់ ក្នុងនោះ អ្នកនាង ភិន សុដាលីស សម្តែងជាតួឯកស្រី និង លោកភិម តារាវិបុល ជាតួឯកប្រុស និង មានតារាសម្តែងល្បីៗជា ច្រើនទៀត រួមមាន លោកហម ឈរ៉ា, កញ្ញាសឿន ផានផាភួង, លោកហង្ស សម្បើមស័ក្តិ, កញ្ញាសុវណ្ណ រ៉ាផា, កញ្ញាគីង រស្មី, អ្នកស្រីពៅ ថាវី កញ្ញា សម្ផស្ស, លោកថម មី អ្នកស្រីផល្លា និង កញ្ញាហង្ស ស្រីរ័ត្ន ជាដើម ក៏បានចូលរួម សម្តែងជាមួយគ្នានេះដែរ ។
ចំណែក អ្នកនាង ភិន សុដាលិស បានបញ្ជាក់ថា រឿងភាគ “ម្ចាស់បំណុល” ជារឿងដែលឪពុកនាង និពន្ធផ្ទាល់ ដូច្នេះរឿងនេះមានចំនុចខ្លាំងច្រើន ដែលធ្វើឲ្យនាងរំពឹងថា តាមរយៈខ្សែររឿងថ្មីនេះ នឹងធ្វើឲ្យនាងឡើងកូដ។ នាងបន្ថែមថា រឿងម្ចាស់បំណុលនេះ នាងសម្តែងជាថ្មីជាមួយនឹង តារាប្រុស លោក ភឹម តារាវិបុល ដែលធ្លាប់សម្តែងរួមគ្នាទទួលជោគជ័យក្នុងរឿងកន្លងមក៕