សារអេឡិចត្រូនិច
ផលិតករ​សង្ឃឹម​បានការ​ចាប់អារម្មណ៍​ខ្លាំង រឿង «​ផ្ទះ​សរសរ​កណ្ដាល​»


ភ្នំពេញ​: រឿង «​ផ្ទះ​សរសរ​កណ្ដាល​» បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ កាលពី​ល្ងាច​ថ្ងៃ​ទី​៦ មីនា ២០១៧ នៅ​រោង​ភាពយន្ត ផ្សារ​ស្ទឹង​មាន​ជ័យ ក្រោយ​ចំណាយពេល​ថត ប្រមាណ​ជាង ៣ ខែ​។ ចំណែក​ការ​ចំណាយ អស់​ទឹកប្រាក់​ប្រហែល ជាង​បី​ម៉ឺន​ដុល្លារ ប៉ុន្តែ​គុណភាព នៃ​សាច់​រឿង ព្រមទាំង​បច្ចេកទេស​ថត គឺ​មានគុណ​ភាពល្អ នឹង​មាន​ភាព​ទាក់ទាញ​។ 

នេះ​បើ​តាម​ការ​អះអាង របស់​ផលិតករ បាន​ឲ្យ​ដឹង​ក្នុង​ថ្ងៃ សម្ពោធ​ដាក់​បញ្ចាំងភាពយន្ត រឿង «​ផ្ទះ​សរសរ​កណ្ដាល​»​។ 

លោក ឌៀប សុវណ្ណ​រ៉ា ចាងហ្វាង​ផលិតកម្ម Red Picture បាន​អះអាង​ថា លោក​មិន​ចូល​ចិត្ត បំប៉ោង​តួលេខ ផលិត​រឿង​នោះ​ទេ ទើប​រាល់​ខ្សែ​រឿង ដែល​លោក​ផលិត​ឡើង មិន​មានការ​ចំណាយ​ណាមួយ លើ​ពី ៣-៤ ម៉ឺន​ដុល្លារ​នោះ​ទេ​។ 

លោក​បាន​និយាយ​ថា រឿង «​ផ្ទះ​សរសរ​កណ្ដាល​» លោក​ចំណាយ មិន​ច្រើន​នោះ​ទេ ប៉ុន្តែ​ចំពោះ​គុណភាព គឺ​ហ៊ាន​ធានា​ថា ទទួលយក​បាន ដោយសារ​តែ​បទ​ពិសោធន៍ បាន​បង្រៀន​ឲ្យ​លោក អាច​ផលិតភាព​យន្ត បាន​កាន់តែ​ល្អ ដើម្បី​ប្រជែង​ទីផ្សារ​។ 

លោក​បាន​បន្ត​ថា ដោយសារ​តែ​មាន ស្ទី​ឌី​យោ​ផ្ទាល់ខ្លួន មាន​សម្ភារ​:​ថត​គ្រប់គ្រាន់ និង​មាន​ក្រុមការងារ​ខ្លួនឯង ទើប​ការ​ចំណាយ ក្នុង​ការ​ផលិត​រឿង កន្លង​មក មិន​ខ្ពស់​។ 

លោក​និយាយ​ថា «​ការ​ពិត ការ​ផលិត​រឿង ខ្ញុំ​ថា អស់​ត្រឹមតែ ៣-៤ ម៉ឺន​អីហ្នឹង​ទេ ប៉ុន្តែ​មក​ពី​ខ្ញុំ​អត់​ចេះ​កុហក​ដូច​គេ ទើប​គេ​ថា រឿង​ខ្ញុំ​ចំណាយ​តិច​ជាងគេ​!»​។ 

ចំណូល​ផលិត​មិន​ដល់ ៤ ម៉ឺន​ដុល្លារ​នោះ លោក​និយាយ​ថា ក៏​ទាក់ទាញ​បាន​តារា​សម្ដែង​ល្បី ដូច​ជា ពែ​ក​មី លោក​ប៉ែន ចំ​រ៉ុ​ង និង​លោក ជា សុវណ្ណ​ន​រា​ហ៍ ជាដើម ឲ្យ​សម្ដែង​ផង​ដែរ​។

លោក ឌៀប សុវណ្ណ​រ៉ា បន្ត​រឿង​ដែល​លោក​ផលិត​ឡើង ដ្បិតថា​ចំណាយ​ត្រឹម តែ​ក្រោម ៤ ម៉ឺន តែ​សម្រាប់​គុណភាព គឺ​ធានា ១០០ ភាគរយ មិន​ចាញ់​ភាពយន្ត ដែល​អះអាង​ថា ចំណាយ​ដល់ ៦ ទៅ ៨ ម៉ឺន​ដុល្លារ នោះ​ទេ​។ 

លោក​និយាយ​ថា ភាពយន្ត​រឿង «​ផ្ទះ​សរសរ​កណ្ដាល​» ជា​រឿង​ពាក់ព័ន្ធ​នឹង​ឈុត​ឆាក ភ័យរន្ធត់ ដោយ​បាន​ចំណាយ ពេល​ថត​ប្រមាណ​ជាង ៣ ខែ ដោយ​មិន​ទាន់​រាប់​បញ្ចូល ពេលវេលា​និពន្ធ​រឿង និង​កាត់ត​។ រឿង​នេះ នឹង​ដំណើរការ​បញ្ចាំង នៅ​ថ្ងៃ​ទី​៨ មីនា ខាង​មុខ ដោយ​លោក​រំពឹង យ៉ាង​ខ្លាំង​ថា នឹង​នឹង​ជោគជ័យ មិន​ចាញ់​រឿង «​ទង់ព្រលឹង​» និង​រឿង «​ភូមិ​អត់​មនុស្ស​» នោះ​ឡើយ​។ 

សូម​រំលឹក​ថា រឿង ដែល​ផលិត​ឡើង ដោយ​ផលិតកម្ម  Red Picture ធ្លាប់​បាន​ទទួល ជោគជ័យ មាន​ដូច​ជា រឿង «​ទង់ព្រលឹង​» និង​រឿង​«​ភូមិ​អត់​មនុស្ស​» ប៉ុន្តែ​សាច់​រឿង​ទាំង​ពីរ រឿងលើក​មុន នឹង​បច្ចេកទេស នៅ​ចាញ់​រឿង “​ផ្ទះ​សសរ​កណ្តាល​” ។ 

ផលិតករ រូប​នេះ បញ្ជាក់​ថា ទាំង​៣​រឿង ចំណាយ​ទុន មិនសូវ​លើស​គ្នា​នោះ​ទេ ប៉ុន្តែ​សម្រាប់​គុណភាព គឺ​រឿង «​ផ្ទះ​សរសរ​កណ្ដាល​» មាន​កម្រិត​គុណភាព​ល្អ​ជាង ទើប​លោក​រំពឹង​ខ្ពស់ សម្រាប់​ការ​បើក​សម្ពោធ ដាក់​បញ្ចាំង​៕

ព័ត៌មានថ្មីៗ