សារអេឡិចត្រូនិច
ក្រុមហ៊ុន អេស ស៊ី ជី បន្ត​គាំទ្រ​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា


ភ្នំពេញ​: ជា​ផ្នែក​នៃ​ការ​បន្ត​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​លើកកម្ពស់​វិស័យ​កីឡាបាល់ទាត់​នៅ​ប្រទេស​កម្ពុជា​ក្រុមហ៊ុន​អេស ស៊ី ជី​មាន​មោទនភាព​ដោយ​បាន​ឧបត្ថម្ភ​ពិធី​តែងតាំង​គ្រូបង្វឹក​ថ្មី សម្រាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា ។

លោក​ឡេ​អូ​ណា​ដូ ល្វី​ស ដែល​ជា​ជនជាតិ​ប្រេ​ស៊ី​ល​នឹង​កាន់​តំណែង​ជា​គ្រូបង្វឹក​ថ្មី បន្ត​ពី​លោក​លី តេ​ហ៊ូ​ន​ដែល​បាន​ធ្វើ​ការងារ​យ៉ាង​ល្អ ក្នុង​ការ​បង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា អោយ​សម្រេច​បាន​សមិទ្ធផល​គួរ​កត់សម្គាល់ និង​ជាប់​ចំណាត់ថ្នាក់​FIFA ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ កាលពី​ឆ្នាំ​២០១៦​។

ក្រុមហ៊ុន អេស​ស៊ីជី​ដែល​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​ក្នុង​តំបន់​អាស៊ាន​និង​មាន​ប្រវត្តិ​លើក​ស្ទួយ​កីឡា​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​នោះ សម្តែង​ក្តី​រីករាយ​ក្នុង​ការ​បន្ត​កិច្ចសហការ​របស់​ខ្លួន​ជាមួយនឹង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) ។​កាលពីដើម​ឆ្នាំ​២០១៦​ក្រុមហ៊ុន អេស​ស៊ីជី​និង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​រៀបចំ​ការ​ប្រកួត​មិត្តភាព​សប្បុរសធម៌ រវាង​ក្រុម​K-Cement Cambodian All Stars និង​ក្រុម​អាជីព​កំពូល​មួយ​របស់​ថៃ គឺ​SCG Muangthong United​។​ព្រឹត្តិការណ៍​ដ៏​ធំ​សំបើម​នោះ ទទួល​បាន​ជោគជ័យ និង​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា ក៏​ដូច​ជា​បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​រៀបចំ​ការ​ប្រកួត​មិត្តភាព​លំដាប់​អន្ដរជាតិ​ផ្សេង​ៗ​ពេញ​មួយ​ឆ្នាំ ។

លោក​Somwang Manpimonchai​នាយក​ប្រចាំ​ប្រទេស​កម្ពុជា ក្រុមហ៊ុន​អេស​ស៊ីជី​ស៊ីម៉ង់ត៍​-​សម្ភារៈ​សំណង់​បាន​មាន​ប្រសាសន៍​ថា​“​ជាមួយនឹង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាង​២០០ និង​បុគ្គលិក​ប្រមាណ ៥​ម៉ឺន​នាក់ ដែល​នៅ​ក្នុង​គ្រួសារ អេស ស៊ី ជី​យើង​ជឿជាក់​ថា យើង​អាច​លើកកម្ពស់​គុណភាព​ជីវិត​របស់​មនុស្ស​ដែល​រស់នៅ​ក្នុង​សហគមន៍​ទាំងឡាយ ដែល​យើង​ធ្វើ​ប្រតិបត្តិការ​។​ទស្សនវិជ្ជា​ស្នូល​មួយ​របស់​ក្រុមហ៊ុន​អេស ស៊ី ជី​គឺ​ការ​យកចិត្តទុកដាក់​ចំពោះ​ទទួលខុសត្រូវ​សង្គម​។​”

លោក​បាន​បន្ថែម​ទៀត​ថា “​កាលពី​ឆ្នាំ​មុន​ក្រុមហ៊ុន​អេស ស៊ី ជី​បាន​រៀបចំ​ព្រឹត្តិការណ៍ SCG Muangthong United ASEAN Tour ឆ្នាំ​២០១៦​និង​បាន​នាំ​ក្រុមបាល់ទាត់​SCG Muangthong United ពី​ប្រទេស​ថៃ​មក​ប្រកួត​ជាមួយ​ក្រុម​កម្ពុជា ដើម្បី​សកម្មភាព​មនុស្សធម៌ និង​ការ​រឹត​បន្តឹង​ចំណងមិត្តភាព ។​នៅ​ឆ្នាំ​នេះ​យើង​មាន​គ្រោងការ​រៀបចំ​ការ​ប្រកួត​ដែល​កាន់តែ​កក្រើក​ជាង​មុន​ទៀត រវាង​ក្រុម​SCG Muangthong United និង​ក្រុម​K-Cement Cambodian All Stars ក្នុង​អំឡុង ខែកក្កដា ឆ្នាំ​នេះ ហើយ​យើង​ក៏​បាន​ពង្រីក​វិសាលភាព​ក្នុង​ការ​ឧបត្ថម្ភ​បន្ថែម​ដល់​ក្រុម​កម្ពុជា​ផង​ដែរ​។​”

យោង​តាម​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​គ្រូបង្វឹក​ថ្មី​លោក​ឡេ​អូ​ណា​ដូ ល្វី​ស នឹង​ពង្រឹងសមត្ថភាព និង​គុណភាព​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​បន្ថែម​មួយ​កម្រិត​ទៀត ។​គាត់​នឹង​ចាប់ផ្តើម​ការងារ​ចាប់ពី​ខែ​នេះ​ទៅ ខណៈ​ក្រុម​ជម្រើសជាតិ​កម្ពុជា​កំពុង​ត្រៀមខ្លួន សម្រាប់​ប្រកួត​ទី​មួយ​ក្នុង​ដំណាក់កាល​ជម្រុះ​ជុំ​ទី​បី​សម្រាប់​ពានរង្វាន់​AFC Asian Cup ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ប្រទេស​ហ្ស៉​ដង់ នា​ថ្ងៃ​ទី​២៨ មិ​នា នេះ ។ ក្នុង​ជុំ​ទី​បី​នេះ​ផង​ដែរ ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​ប៉ះ​ជាមួយ​ក្រុម​កីឡាករ​មក​ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​វៀតណាម​។

លោក​លី តេ​ហ៊ូ​ន​ដែល​ជា​គ្រូបង្វឹក​ចាស់ បាន​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការ​ពង្រឹង និង​អភិវឌ្ឍ​ក្រុម​ជម្រើសជាតិ​កម្ពុជា​តាំងពី​គាត់​ចាប់ផ្តើម​ការងារ​នេះ​ជា​លើក​ដំបូង កាលពី​ឆ្នាំ​២០១០ ។​លោក​បាន​លើកកម្ពស់​ស្តង់ដារ​នៃ​ការ​ហ្វឹកហាត់ និង​បាន​បណ្តុះ​ស្មារតី​ខិតខំ​ព្យាយាម​ក្នុង​ចំណោម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​។​លោក​ឡេ​អូ​ណា​ដូ ល្វី​ស ដែល​បន្ត​តំណែង​ថ្មី​នេះ មានការ​ងារ​ច្រើន​ដែល​ត្រូវធ្វើ ប៉ុន្តែ​យោង​តាម​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក ឡេ​អូ​ណា​ដូ ល្វី​ស បាន​ត្រៀមខ្លួន​ជា​ស្រេច​ចំពោះ​ការងារ​នេះ និង​មានបទពិសោធន៍ និង​សមត្ថភាព​ខ្ពស់ ដែល​អាច​អភិវឌ្ឍ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ថែម​មួយ​កម្រិត​ទៀត ។

ដោយ​មានការ​បន្ត​ការ​គាំទ្រ​ខ្លាំងក្លា​ពី​សំណាក់​សាធារណជន​ទូទៅ​និង​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​ធំ​ៗ ដូច​ជា ក្រុមហ៊ុន អេស​ស៊ីជី ជាដើម​យើង​រំពឹង​ថា​វិស័យ​កីឡាបាល់ទាត់​នៅ​ប្រទេស​កម្ពុជា​នឹង​បន្ត​រីក​លូតលាស់​បន្ថែម​ទៀត ហើយ​យើង​សង្ឃឹមថា​និន្នាការ​នេះ​នឹង​ត្រួសត្រាយ​ផ្លូវ​អោយ​មានការ​លើក​ស្ទួយ​វិស័យ​កីឡា​ផ្សេង​ទៀត​នៅ​កម្ពុជា​៕

ព័ត៌មានថ្មីៗ