សារអេឡិចត្រូនិច
ប្រកួត​បាល់ទាត់ Tiger Street ជ័យ​លា​ភី​លេខ​១ ទទួល​បាន​១៥០០០​ដុល្លារ


ភ្នំពេញ​: ការ​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2017 សម្រាប់​មណ្ឌល​ភ្នំពេញ បាន​ចាប់ផ្តើម​ចាប់​ពូ​ល​ប្រកួត​ហើយ ហើយ​កីឡាករ​គ្រប់​រូប​ទាំង​១២០​ក្រុម នឹង​ប្រកួត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៩ ទី​១០ និង​ទី​១១ ខែមីនា ឆ្នាំ​២០១៧ នៅ​មុខ​សាលសន្និសីទ​កោះ​ពេជ្រ ដើម្បី​ជ្រើសរើស​រក​ក្រុម​ដែល​មាន​ពិន្ទុ​ល្អ​ផ្តាច់​គេ ហើយ​នៅ​ពេល​ដែល​បញ្ចប់​ការ​ប្រកួត​ក្នុង​មួយ​ថ្ងៃ នៅ​ពេល​រាត្រី​នឹង​មានការ​ប្រគំ​តន្ត្រី​ខ្នាត​ធំ ដោយ​មាន​តារា ចម្រៀង​ល្បី​ៗ ចូលរួម​ច្រៀង​និង​សម្តែង​កម្សាន្ត​ជូន​ទស្សនិកជន​ទស្សនា​ផង​ដែរ​។

ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​៨​ខែមីនា​ឆ្នាំ​២០១៧​នៅ​សណ្ឋាគារ​ណា​ហ្គា​វើ​ល លោក ទុ​យ វិច្ឆិកា តំណាង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ជា​ប្រធាន​ក្រុមបច្ចេកទេស​ដឹកនាំ​ការ​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2017 បាន​ថ្លែង​ស្វាគមន៍​ទៅ​កាន់​កីឡាករ​ទាំង​១២០​ក្រុម​ថា ដើម្បី​គោរព​តាម​គោលការណ៍​និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត សូម​ឲ្យ​គ្រប់​ក្រុម​ទាំងអស់ គោរព​គូប្រកួត គោរព​មិត្ត​រួម​ក្រុម គោរព​ទស្សនិកជន គោរព​មន្ត្រី​ការ​ប្រកួត និង​ជា​ពិសេស​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ទទួល​បាន​ជ័យ​លា​ភី ។

ចំណែក​លោកស្រី Sandrine De Cara នាយក​គ្រប់គ្រង​ទីផ្សារ​នៃ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ បាន​ថ្លែង​ថា ជា​រៀង​រាល់​ឆ្នាំ​យើង​តែងតែ​កែតម្រូវ​ធ្វើ​ឲ្យ​ប្រសើរ នៃ​ការ​ប្រកួត​កីឡា​បាត់​ទាត់​នេះ ។ ឆ្នាំ​នេះ​យើង​ក្រុម​កាន់តែ​ច្រើន​និង​រង្វាន់​កាន់តែ​ច្រើន បើ​ប្រៀប​ធៀន​នឹង​មុន​ៗ​។ ក្នុង​រដូវ​កាល​ទី​៥​ឆ្នាំ​២០១៧​នេះ មាន​ក្រុម​ប្រកួត​ច្រើន​ជាង​មុន ប្រាក់​រង្វាន់​ច្រើន​ជាង​មុន​រហូត​ដល់​១៥០០០​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ជ័យ​លា​ភី​លេខ​១​។

អ្នកស្រី​ថោ​ង បវរ​ល​ក្ខិ​ណា ប្រធាន​គ្រប់គ្រង​ស្លាក​សញ្ញា​ផលិតផល​ស្រា​បៀរ​ថៃ​ហ្គ័​រ បាន​បញ្ជាក់​ថា ការ​ប្រកួត​នៅ​តាម​មណ្ឌល​ខេត្ត​នានា​នោះ គឺ​ទទួល​បាន​នូវ​ជោគជ័យ​យ៉ាង​ខ្លាំង​ដោយ​កំហុស​នៃ​ការ​ប្រកួត​មាន​តិចតួច​មែនទែន និង​ជា​ពិសេស​នោះ​កម្មវិធី​ប្រកួត​បាល់ទាត់​នេះ​នឹង​ធ្វើ​អ្វី​ៗ​ដែល​ថ្មី ប្លែក ជា​រៀង​រាល់​ឆ្នាំ សម្រាប់​ក្រុម​កីឡាករ​និង​អ្នក​ទស្សនា​ផង​ដែរ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ គឺ​នៅ​បញ្ចប់​ការ​ប្រកួត​ក្នុង​ថ្ងៃ​នីមួយ​ៗ នា​ពេល​រាត្រី នឹង​ការ​ប្រគំ​តន្ត្រី​ខ្នាត​ធំ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ដែល​មានការ​ចូលរួម​ពី​តារាចម្រៀង​ល្បី​ៗ​នៅ​ជួរ​មុខ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

សូម​បញ្ជាក់​ថា ប្រកួត​បាល់ទាត់ Tiger Street Football Festival បាន​ចេញដំណើរ​ចាប់ពី​ថ្ងៃ​ទី​១១​និង​១២​ខែកុម្ភៈ​នៅ​មណ្ឌល​ព្រះ​សីហ​នុ មាន​យុវជន​ចូលរួម​ប្រកួត​ចំនួន​៥០​ក្រុម ដោយ​ជ្រើសរើស​បាន​ចំនួន​៦​ក្រុម ។ ថ្ងៃ​ទី​១៨​និង​១៩​ខែកុម្ភៈ នៅ​មណ្ឌល​បាត់ដំបង មាន​៦៨​ក្រុម ដោយ​ជ្រើសរើស​បាន​៦​ក្រុម ។ នៅ​មណ្ឌល​ខេត្តសៀមរាប មាន​ចំនួន​១០៨​ក្រុម ដោយ​ជ្រើសរើស​បាន​១០​ក្រុម​។ នៅ​មណ្ឌល​កំពង់ចាម មាន​ចំនួន​៥៦​ក្រុម ដោយ​ប្រកួត​ជម្រុះ​យក​បាន​៦​ក្រុម ហើយ​នៅ​ថ្ងៃ​ទី​៩​ខែមីនា​នេះ នៅ​មណ្ឌល​រាជធានី​ភ្នំពេញ មាន​ចំនួន​១២០​ក្រុម ដោយ​ជ្រើសរើស​យក​តែ​១២​ក្រុម គឺ​ត្រូវ​បូក​រួម​ទាំង​៥​មណ្ឌល​មាន​៤០​ក្រុម ដោយ​ធ្វើការ​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ជ្រើសរើស​យកជ័យ​លា​ភី​លេខ​១ នៅ​ថ្ងៃ​ទី​១២​ខែមីនា ដែល​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​១៥០០០​ដុល្លារ​។

ព័ត៌មានថ្មីៗ