សារអេឡិចត្រូនិច
ជប៉ុន​ផ្តល់​ថវិកា​ចំនួន ១៦០.៨០០ ដុល្លារ ដល់​គម្រោង​ពង្រឹង សហគមន៍​កសិកម្ម និង​ផលិត​ទឹក​ស្អាត នៅ​កម្ពុជា


ភ្នំពេញ​: រាជរដ្ឋាភិបាល​ជប៉ុន តាម​រយៈ​ស្ថានទូត​ប្រចាំ​កម្ពុជា បាន​ផ្តល់​ជំនួយ​សម្រាប់ គម្រោង​ទ្រង់ទ្រាយ​តូច សន្តិសុខ​មនុស្សជាតិ នៅ​ខេត្តតាកែវ និង​ខេត្តព្រះវិហារ ដែល​គិត​ជា​ថវិកា ចំនួន ១៦០.៨០០ ដុល្លារ​អា​មេ​រិ​ក​។ លោក​ឯកអគ្គរាជទូត ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា ក៏​សង្ឃឹមថា គម្រោង​ទាំងនេះ នឹង​ជួយ​ពង្រឹង ជា​បន្ត​ទៅ​ទៀត នូវ​ទំនាក់ទំនង​មិត្តភាព រវាង​ប្រជាជន​ជប៉ុន និង​ប្រជាជន​កម្ពុជា​។

លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព របស់​ប្រទេស​ជប៉ុន ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ថ្ងៃនេះ យើង​បាន​ចុះហត្ថលេខា លើ​គម្រោង​២ ដែល​គម្រោង​ទី​១ មាន​ថវិកា ចំនួន ៨២.៩៦០ ដុល្លា​អា​មេ​រិ​ក សម្រាប់​គម្រោង​ពង្រឹង សហគមន៍​កសិកម្ម ក្នុង​ស្រុង​ត្បែងមានជ័យ និង​ស្រុក​គូ​លេ​ន ខេត្តព្រះវិហារ ។

លោក​បាន​បន្ថែម​ថា គម្រោង​នេះ នឹង​ផ្តល់​ជូន​ម៉ាស៊ីន​ច្រូតស្រូវ ចំនួន​២​គ្រឿង អគារ​មជ្ឈមណ្ឌល សហគមន៍​កសិកម្ម ចំនួន​២ ដែល​ជួយ​លើកកម្ពស់ គុណភាព​អង្ក​សិរី​រា​ង្គ សម្រាប់​នាំ​ចេញ ពិសេស​ជួយ​ធ្វើ​ឱ្យ​ជីវភាព ប្រជាពលរដ្ឋ​ជាង ៤៦០ គ្រួសារ កាន់តែ​ប្រសើរ​។

ចំណែក គម្រោង​ទី​២ មាន​ថវិកា​ចំនួន​៧៧.៨៤០ ដុល្លារ​អា​មេ​រិ​ក សម្រាប់​គម្រោង​សាងសង់ ស្ថានីយ៍​ផលិត​ទឹក​ស្អាត​ខ្នាត​តូច មាន​ម៉ាស៊ីន​ចាំបាច់ សម្រាប់​ផលិត​ទឹក​ស្អាត ក្នុង​ឃុំ​ចំនួន​៦ ក្នុង​ខេត្តតាកែវ ដែល​រំពឹង​ថា នឹង​ផ្តល់​ប្រយោជន៍ ដល់​ប្រជាជន​ជាង ១.៩០០ គ្រួសារ នៅ​ក្នុង​តំបន់​នោះ ពិសេស​រួមចំណែក កាត់​បន្ថយ​ជំងឺ ដែល​ឆ្លង​តាម​ទឹក​មិន​ស្អាត​។

តំណាង​ភាគី​អ្នក​ទទួល លោក ពឹង ទ្រី​ដា ប្រធាន​មន្ទី​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ និង​លោក ចៃ ឡូ នាយក​ប្រតិបត្តិ អង្គការ​ទឹក​ស្អាត ១០០១ បាន​អះអាង​ពី​ការ​អនុវត្ត គម្រោង​ឱ្យ​បាន​ល្អ​បំផុត ដើ​ម្បើ​បំរើ​ផលប្រយោជន៍ របស់​ប្រជាជន នៅ​ក្នុង​តំបន់ ឱ្យ​ទទួលផល​ពី​គម្រោង ដូច​ការ​រំពឹង​ទុក ចៀស​ពី​ជំងឺ​ដ​ង្កា​ត់​ផ្សេង​ៗ មាន​សុខភាព​ល្អ សន្សំ​សំចៃ​ថវិកា សម្រាប់​គ្រួសារ និង​សង្គម​ជាតិ ។ ទន្ទឹម​គ្នា​នោះ បាន​ធានា​ថា សមិទ្ធផល​ដែល​នឹង កើតឡើង​មក​នោះ នឹង​ត្រូវ​បាន​ថែទាំ និង​គ្រប់គ្រង ប្រកបដោយ ការ​ទទួលខុសត្រូវ និង​មាន​និរន្តរភាព​។

លោក​ឯកអគ្គរាជទូត​ជប៉ុន បាន​សង្ឃឹមថា គម្រោង​ទាំងនេះ នឹង​ត្រូវ​បាន​អនុវត្ត យ៉ាង​រលូន ហើយ​សំណង់ និង​សម្ភារៈ​បរិក្ខារ​ទាំងអស់ ដែល​បាន​ផ្តល់​ជូន តាម​រយៈ​គម្រោង​ទាំងនេះ នឹង​ត្រូវ​បាន​ថែទាំ អោយ​បាន​ល្អ ដើម្បី​អោយ​ប្រជាជន អាច​ប្រើប្រាស់​បាន​យូរអង្វែង និង​ផ្តល់​អត្ថប្រយោជន៍ ដល់​ប្រជាជន កាន់តែ​ច្រើន​ថែម​ទៀត​៕

ព័ត៌មានថ្មីៗ