ជប៉ុនបញ្ជូននាវាចម្បាំង ផ្ទុកឧទ្ធម្ភាគចក្រដ៏ធំបំផុត ទៅសមុទ្រចិនខាងត្បូង
ថ្ងៃ អង្គារ ទី ១៤ ខែ មីនា ឆ្នាំ ២០១៧ ម៉ោង ២០:០០
ជប៉ុន នឹងបញ្ជូននាវាចម្បាំង ធំបំផុតមួយ ដែលផ្ទុកឧទ្ធម្ភាគចក្រ ច្រើនគ្រឿងរបស់ខ្លួន ក្នុងការធ្វើនាវាចរណ៍ រយៈពេលចំនួន ៣ ខែ ដោយធ្វើដំណើរកាត់ តាមសមុទ្រចិនខាងត្បូង ដោយចាប់ផ្តើមធ្វើ នាវាចរណ៍នេះ នៅខែឧសភា។
នេះត្រូវបានគេមើលឃើញថា ជាការបង្ហាញ កងកម្លាំងទ័ពជើងទឹក ដ៏ធំបំផុតរបស់ជប៉ុននៅក្នុងតំបន់នេះ ចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។
នាវាផ្ទុកឧទ្ធម្ភាគចក្រ Izumo របស់ជប៉ុននេះ គ្រោងនឹងឈប់សំចត នៅប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន និង ស្រីលង្កា មុនពេលចូលរួមធ្វើ សមយុទ្ធជើងទឹករួមមួយ ជាមួយ
នាវាកងទ័ពជើងទឹកអាមេរិក និងឥណ្ឌា នៅមហាសមុទ្រឥណ្ឌា នៅខែកក្កដា។
ចិនបានអះអាង សិទ្ធិកាន់កាប់ទឹកដី ស្ទើរតែទាំងស្រុង នៅសមុទ្រចិនខាងត្បូង ដែលមានជម្លោះនេះ និងការកើនឡើង នៃវត្តមានយោធា របស់ខ្លួន នៅសមុទ្រនេះ បានបណ្តាលឱ្យមាន ការព្រួយបារម្ភដល់ជប៉ុន និងបណ្តាប្រទេសបស្ចិមប្រទេស។
សហរដ្ឋអាមេរិក ធ្វើការល្បាតតាមអាកាស និងនាវាជាច្រើនលើក ដើម្បីធានាបាននូវសេរីភាព នៃការធ្វើនាវាចរណ៍ នៅសមុទ្រនេះ។
ក្រុមមន្ត្រីកងទ័ព បាននិយាយថា នេះជាការសាកល្បង សមត្ថភាព នៃនាវាផ្ទុកយន្តហោះ Izumoដោយបញ្ជូនវាចេញ ក្នុងបេសកកម្មពង្រីក សមត្ថភាពរបស់ខ្លួន ហើយ វានឹងចូលរួមហ្វឹកហាត់ ជាមួយកងទ័ពជើងទឹកអាមេរិក នៅមហាសមុទ្រឥណ្ឌានេះ។ នាវាជប៉ុននេះ នឹងត្រឡប់ទៅកាន់ប្រទេសជប៉ុន នៅខែសីហា៕