សារអេឡិចត្រូនិច
ប៉ូលិស​ថៃ រឹបអូស​កុយរមាស តម្លៃ ៥​លាន​ដុល្លារ តែ​អ្នក​ជួញដូរ រត់​បាត់


ប៉ូលិស​ថៃ បាន​រឹបអូស កុយរមាស ចំនួន ២១ ដែល​មាន​តំលៃ​ប្រមាណ ៥ លាន​ដុល្លា​អា​មេ​រិ​ក ក្រោយ​ពេល​ឆែកឆេរ​ឥ​វ៉ា​ន់ ដែល​មក​ប្រទេស អេ​ត្យូ​ពី (Ethiopia)​។

ប្រទេស​ថៃ ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​គោលដៅ និង​កន្លែង​ឆ្លងកាត់ ការ​ជួញដូរ​សត្វព្រៃ ខុសច្បាប់​ជា​ច្រើន​។ កាលពី​ប៉ុន្មាន​ថ្ងៃមុន​ដែរ អាជ្ញាធរ​ថៃ ក៍បាន​ចាប់ និង​រឹបអូស​ភ្លុក​ដំរី ចំនួន ៣០០ គីឡូក្រាម ផង​ដែរ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ របស់ BBC នៅ​យប់​ថ្ងៃ​អង្គា​រ៍​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​ថៃ កុយរមាស​ទាំងនោះ បាន​មក​ដល់​ព្រ​លាន​យន្តហោះ ទីក្រុង​បាងកក ហើយនឹង​មាន​ស្ត្រី ជនជាតិ​ថៃ​ចំនួន ២​នាក់ ដែល​មក​ពី​ប្រទេស​វៀតណាម និង​កម្ពុជា ចាំ​ទ​ទូល​យក​កុយ​ទាំងនោះ ប៉ុន្តែ​ពួក​គេ​ទាំងនោះ បាន​រត់ ក្រោយ​ពេល​ឥ​វ៉ា​ន់​ទាំងនោះ គេ​បំរុង​នឹង​ធ្វើការ​ឆែកឆេរ​។

ពូជ​រមាស​ជា​ច្រើន​ប្រភេទ កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ យ៉ាង​ខ្លាំង បន្ទាប់​ពី​មានការ​បរបាញ់ ខុសច្បាប់ ដើម្បី​យក​កុយ​របស់​វា ដែល​មាន​តំលៃ ថ្លៃ​ទៅ​លក់​។ នេះ​បើ​តាម​ការ​បញ្ជាក់ របស់​អ្នក​អភិរក្ស​សត្វ ប្រភេទ​នេះ​។

រហូត​មក​ដល់​សព្វថ្ងៃ មាន​រមាស​តែ​ចំនួន ២៩.០០០ ក្បាល នៅ​សេសសល់​ប៉ុណ្ណោះ ដែល​កាលពីដើម សតវត្សរ៍​ទី ២០ សត្វ​ប្រភេទ​នេះ មាន​រហូត​ដល់​ចំនួន ៥ សែន ក្បាល​ឯណោះ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង ពី​អង្គការ​រមាស ពិភពលោក​។

កាលពី​ខែ​មុន អ្នក​លួច​បរបាញ់​សត្វ បាន​សំរុកចូល​ទៅ ក្នុង​សួនសត្វ នៅ​ក្នុង​ប្រទេស អាហ្វ្រិក​ខាងត្បូង ហើយ​បាន​បាញ់​សំលាប់សត្វ​រមាស ២ ក្បាល ដើម្បី​យក​កុយ ក្រោយ​ពេល​ពួក​គេ បាន​ចាប់​អ្នក​ថែរក្សា សួនសត្វ ជា​ចំណាប់ខ្មាំង​។

កុយរមាស មាន​តំលៃ​ខ្ពស់​ណាស់ នៅ​ក្នុង​តំបន់​អាស៊ី ដោយ​គេ​ជឿជាក់​ថា កុយ​របស់​វា ជា​គ្រឿងផ្សំ​ថ្នាំ​ដ៍​ពូកែ និង​មាន​ប្រសិទ្ធភាព ព្យាបាល​ជំងឺ​ឈឺចាប់ ដូច​ជា គ្រុន និង​មហារីក ជាដើម​៕