សារអេឡិចត្រូនិច
ម៉ា​ឡេ​ស៊ី នឹង​បណ្តេញ​ជនជាតិ​កូរ៉េ​ខាងជើង ៥០ នាក់​ចេញ ទោះបី​មាន​បម្រាម មិន​ឲ្យ​ជនជាតិ​កូរ៉េ​ខាងជើង​ចាកចេញ


ប្រទេស​ម៉ា​ឡេ​ស៊ី បាន​និយាយ​ថា ខ្លួន​នឹង​បណ្តេញចេញ ជនជាតិ​កូរ៉េ​ខាងជើង ចំនួន ៥០ នាក់ ដោយសារ​តែ​ទិ​ដ្ឋ​ការ របស់​ពួក​គេ អស់​សុពលភាព បើ​ទោះបីជា ប្រទេស​នេះ បាន​ដាក់​បំរាម មិន​ឲ្យ​ប្រជាជន​កូរ៉េ​ខាងជើង ចាក​ចេញពី​ប្រទេស​ខ្លួន ក្រោយ​ពេល​មាន​ជំ​លោះ ការទូត​ជាមួយនឹង​ប្រទេស កូរ៉េ​ខាងជើង​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ របស់ BBC នៅ​យប់​ថ្ងៃ​អង្គា​រ៍​។

ម៉ា​ឡេ​ស៊ី បាន​និយាយ​ថា ប្រជាជន​កូរ៉េ​ខាងជើង ទាំងនោះ កំពុងធ្វើការ​នៅ​តំបន់ Sarawak នៅ​លើ​កោះ Borneo​។

ទោះជា​យ៉ាងណា​ក្តី ប្រទេស​នេះ មិន​បាន​បញ្ជាក់​ថា ហេតុ​អ្វី​ខ្លួន សំរេចចិត្ត បណ្តេញ​ជនជាតិ​កូរ៉េ​ខាងជើង ទាំង ៥០​នាក់​នោះ ចេញ ខណៈ​ដែល​ខ្លួន កំពុង​ដាក់​បំរាម មិន​ឲ្យ​ប្រជាជន កូរ៉េ​ខាងជើង ចាក​ចេញពី​ប្រទេស​ខ្លួន ដើម្បី​ឆ្លើយ​តប ទៅ​នឹង​បំរាម​ដូច​គ្នា ដែល​ដាក់​ចេញ ដោយ​ប្រទេស​កូរ៉េ​ខាងជើង​។

ទំនាក់ទំនង​ការទូត របស់​ប្រទេស​ម៉ា​ឡេ​ស៊ី និង​កូរ៉េ​ខាងជើង បាន​ធ្លាក់​មក​ដល់ ចំណុច​ដុប​ដាប​ខ្លាំង រហូត​ដល់​មានការ​ហៅ ឯកអគ្គរដ្ឋទូត​រៀង​ៗ​ខ្លួន ត្រឡប់​មក​ប្រទេស​វិញ ក្រោយ​ពេល​មាន​ជំ​លោះ​គ្នា ទាក់ទង​ទៅ​នឹង​ការ​ស្លាប់ របស់​លោក គី​ម ជុង​ណា​ម ដែល​ត្រូវជា​បងប្រុស ម្តាយ​ទីទៃ​របស់ មេដឹកនាំ​ផ្តាច់​ការ កូរ៉េ​ខាងជើង គី​ម ជុង​អ៊ុ​ន​។

គី​ម ជុង​ណា​ម ត្រូវ​បាន​គេ​សំលាប់ កាលពី​ខែ​មុន ខណៈ​ពេល​លោក កំពុង​អង្គុយ​រង់ចាំ ជើងហោះហើរ នៅ​ព្រ​លាន​យន្តហោះ ទីក្រុង​កូ​ឡា​ឡាំ​ពួរ​។ គាត់​ត្រូវ​បាន​ស្ត្រី​ពីរ​នាក់ ប្រើប្រាស់​សារធាតុ VX ដើម្បី​ធ្វើឃាត​រូប​លោក​។

ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ចោទ​ថា កូរ៉េ​ខាងជើង គឺជា​អ្នក​នៅ​ពីក្រោយ ការ​ស្លាប់​របស់​លោក គី​ម ជុង​ណា​ម ប៉ុន្តែ​ប្រទេស​កុម្មុយនីស្ត ដ៏​ឯកោ​មួយ​នេះ បាន​បដិសេធ​ថា មិន​បាន​ជាប់​ទាក់ទង​ឡើយ​៕

ព័ត៌មានថ្មីៗ