សារអេឡិចត្រូនិច
អា​មេ​រិ​ក ជប៉ុន កូរ៉េ​ខាងត្បូង ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួម​គ្នា ខណៈ​កូរ៉េ​ខាងជើង គំរាម​វាយប្រហារ ប្រ​សិន​ប៉ះពាល់ ដល់​ទឹកដី​ខ្លួន សូ​ម្បី​បន្តិច


អា​មេ​រិ​ក ជប៉ុន និង​ប្រទេស​កូរ៉េ​ខាងត្បូង បាន​ចាប់ផ្តើម ធ្វើ​សមយុទ្ធ​រួម​គ្នា​មួយ កាលពី​ថ្ងៃ​អង្គា​រ៍ ដោយ​មានការ​បញ្ជូន​នាវា ដែល​មាន​សមត្ថភាព​ខ្ពស់ ក្នុង​ការ​បាញ់​ទំលាក់​មី​ស៊ី​ល ទៅ​តំបន់​ទឹក ដែល​ទីក្រុង​ព្យុ​ង​យ៉ាង បាន​បាញ់​មី​ស៊ី​ល ធ្លាក់​ចូល ៣ គ្រាប់ កាលពី​ជិត ១០ ថ្ងៃមុន​។

"​នាវាចំបាំង​របស់​អា​មេ​រិ​ក ជប៉ុន និង​កូរ៉េ​ខាងត្បូង បាន​ធ្វើ​សមយុទ្ធ​ត្រីភាគី ដើម្បី​បង្កើន​សមត្ថភាព ក្នុង​ការ​បាញ់​ទំលាក់ មី​ស៊ី​ល​របស់​សត្រូវ​។ នេះ​បើ​តាម​ការ​បញ្ជាក់ របស់​កង​នាវា របស់​អា​មេ​រិ​ក ដោយ​ចង់​សំដៅលើ ការ​បាញ់​ទំលាក់​មី​ស៊ី​ល របស់​កូរ៉េ​ខាងជើង​"​។ កង​នាវា​អា​មេ​រិ​ក បញ្ជាក់​បែប​នេះ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​។

សមយុទ្ធ​នេះ នឹង​ដាក់​ពង្រាយ​ប្រព័ន្ធ ភ្ជាប់​ទំនាក់ទំនង ដើម្បី​ផ្លាស់​ប្តូរ​ការ​ទំនាក់ទំនង ការ​សម្ងាត់ និង​ទិន្នន័យ​ផ្សេង​ៗ​ទៀត ក្នុង​ចំណោម​នាវាចំបាំង​ទាំងអស់​។

បន្ទាប់​ពី​ការ​ចាប់ផ្តើម ធ្វើ​សមយុទ្ធ​រួម​គ្នា​នេះ ក្រសួងការបរទេស​ចិន បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង នៅ​ល្ងាច​ថ្ងៃ​អង្គា​រ៍​ដដែល "​ដោយ​បាន​ស្នើ ឲ្យ​គ្រប់​ភាគី​ទាំងអស់ បញ្ឈប់​ការ​សមយុទ្ធ​នេះ ដែល​នឹង​អាច​ធ្វើ​ឲ្យ ភាព​តានតឹង​ឡើង ហួស​ពី​ការ​គ្រប់គ្រង​បាន​"​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ឈ្មោះ Hua Chunying បាន​និយាយ​ថា "​ប្រទេស​កូរ៉េ​ខាងជើង បាន​បំពាន​ការ​ដាក់​ទ័​ណ្ឌ​កម្ម របស់​ក្រុមប្រឹក្សា អង្គការសហប្រជាជាតិ ដោយ​បាន​បាញ់​មី​ស៊ី​ល ម្យ៉ាងវិញទៀត កូរ៉េ​ខាងត្បូង អា​មេ​រិ​ក ហើយ​ឥឡូវ មាន​ជប៉ុន បាន​ទ​ទួ​ច​ធ្វើ​សមយុទ្ធ យោធា​ទ្រង់ទ្រាយ​ធំ​"​។

ជា​ការ​ឆ្លើយ​តប ទៅ​នឹង​សមយុទ្ធ​រួម​គ្នា​នេះ ទីក្រុង​ព្យុ​ង​យ៉ាង បាន​ចោទប្រកាន់​អា​មេ​រិ​កថា កំពុង​រៀបចំ​ការ​វាយប្រហារ ទុកជា​មុន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ របស់​សារព័ត៌មាន​រដ្ឋ របស់​កូរ៉េ​ខាងជើង KCNA​។

"​ប្រ​សិន​ពួក​គេ ប៉ះពាល់​អធិបតេយ្យភាព និង​សេចក្តី​ថ្លៃថ្នូ របស់​ពួក​យើង តែ​បន្តិច កងទ័ព​របស់​ពួក​យើង នឹង​ធ្វើការ​វាយប្រហារ ដោយ​គ្មាន​ការ​ប្រណី ពី​ដី ពី​អាកាស សមុទ្រ និង​ក្រោម​ទឹក​"​។ សេចក្តីថ្លែងការណ៍ របស់​កូរ៉េ​ខាងជើង បញ្ជាក់​បន្ថែម​បែប​នេះ​។

បើ​ទោះបីជា ចិន​ខឹង​ទៅ​នឹង​សមយុទ្ធ​នេះ ដែល​អាច​នឹង​ធ្វើ​ឲ្យ​មាន​សង្គ្រាម អ្នកវិភាគ​យល់​ឃើញ​ថា កិច្ច​សហប្រតិបត្តិការ រ​វាយ​ជប៉ុន និង​កូរ៉េ​ខាងត្បូង គឺ​មាន​សារៈសំខាន់​។

ប្រទេស​ចិន មានការ​ខឹងសម្បារ រួច​មក​ហើយ ទៅ​នឹង​គំរោង​ចាប់ផ្តើម ដាក់​ពង្រាយ​ខែល ការ​ពាល​មី​ស៊ី​ល របស់​អា​មេ​រិ​ក (THAAD) នៅ​ក្នុង​ទឹកដី​កូរ៉េ​ខាងត្បូង កាលពី​ស​ប្តា​ហ៍​មុន ដើម្បី​ការពារ​ពី​ការ​វាយប្រហារ របស់​កូរ៉េ​ខាងជើង​។

អ្នកវិភាគ បាន​និយាយ​ថា ប្រទេស​ចិន ព្រួយបារម្ភ​ថា រ៉ា​ដា​របស់​ខែល​ការពារ​មី​ស៊ី​ល THAAD អាច​នឹង​ធ្វើ​ឲ្យ​អា​មេ​រិ​ក មើលឃើញ​ដី​របស់​ចិន បន្ថែម​ទៅ ហើយនឹង​អាច​គ្រប់គ្រង ចលនា​របស់​យោធា​ចិន​បាន​៕