សារអេឡិចត្រូនិច
ផលិតករ​រឿង "​កំពូល​ស៊យ​ឆ្លង​ភព​" លាតត្រដាង​ពី ការ​តស៊ូ​ផលិតភាព​យន្ត​(​មាន​វី​ដេ​អូ​)


ភ្នំពេញ​: យុវវ័យ​ជា​ច្រើន បង្ហាញ​ទាំង​កាយវិការ និង​ពាក្យ​សម្ដី រួម​គ្នា​ជួយ​គាំទ្រ​ភាពយន្ត​ខ្មែរ ក្នុង​គោលបំណង ជួយ​លើក​ស្ទួយ​វិស័យ ភាពយន្ត​ជាតិ​ឯង ឲ្យ​ប្រសើរ​ឡើង ដើម្បី​ប្រកួតប្រជែង និង​ភាពយន្ត​បរទេស​។

លោក តន់ វុ​ទ្ធី ផលិតករ​រឿង "​កំពូល​ស៊យ​ឆ្លង​ភព​" បាន​លាតត្រដាង ពី​ការ​តស៊ូ​ផលិតភាព​យន្ត​ដែល​ប្រឈម​នឹង​បញ្ហា​ខ្វះខាត រហូត​ត្រូវ​បាន បណ្ដា​សារព័ត៌មាន​ក្នុងស្រុក ចុះ​ផ្សាយ​ព្រោងព្រាត​បង្ហាញ​ពី​ទុក្ខ​លំបាក របស់​លោក​។ ការ​លះបង់​នេះ បានអោយ​កូន​ខ្មែរ កាន់តែ​ច្រើន​ឡើង​គាំទ្រ និង​អំពាវនាវ​ឲ្យ​មាន ការ​ជួយ​លើកទឹកចិត្ត ផលិតករ​ខ្មែរ​។

លោក តន់ វុ​ទ្ធី បាន​បង្ហាញ​ប្រាប់​ពី​ការ​តស៊ូ និង​ការ​លះបង់​របស់​ខ្លួន ដើម្បី​ភាពយន្ត​ខ្មែរ​មានគុណ​ភាព តែ​លោក​កំពុង​ជួប បញ្ហា​សេដ្ឋកិច្ច យ៉ាងធ្ងន់ធ្ងរ​នោះ ធ្វើ​ឲ្យ​យុវវ័យ​ជា​ច្រើន មិន​ត្រឹមតែ​ត្រៀមខ្លួន ទៅ​ទិញ​សំបុត្រ​ទស្សនា​ទេ ពូក​គេ​ថែម​ទាំង ចំណាយ​ពេលវេលា ចេញ​វី​ដេ​អូ​អំពាវនាវ ដល់​មិត្ត​ភ័ក្ដិ និង​កូន​ខ្មែរ គ្រប់​មជ្ឈដ្ឋាន ក្រោក​ឡើង​ជួយ​គាំទ្រ ភាពយន្ត​របស់​លោក ដើម្បី​ជួយ​លើកទឹកចិត្ត ផលិតករ​រូប​នេះ ឲ្យ​លោក​អាច​ប្រមូល​បាន​ថវិកា សងបំណុល​គេ​។

លោក តន់ វុ​ទ្ធី បាន​ប្រាប់​ថា លោក​ពិតជា​មានចិត្ត​រំភើប រក​អ្វី​ប្រៀប​មិន​បាន​ទេ នៅ​ពេល​បានឃើញ​កូន​ខ្មែរ បង្ហាញ​ចំណាប់អារម្មណ៍​គាំទ្រ និង​រង់ចាំ​ទិញ​សំបុត្រ ទស្សនា​ភាពយន្ត​រឿង "​កំពូល​ស៊យ​ឆ្លង​ភព​" របស់​លោក​។ ក្នុង​នាម​ផលិតករ​ម្នាក់ ដែល​បាន​លះបង់ គ្រប់​បែប​យ៉ាង ដើម្បី​លើក​ស្ទួយ​ភាពយន្ត​ខ្មែរ នៅ​ពេល​ទទួល​បាន ការ​ឆ្លើយ​តប​ពី​បងប្អូន​ខ្មែរ បែប​នេះ គឺ​ធ្វើ​ឲ្យ​លោក​មាន​ទឹកចិត្ត​តស៊ូ កាន់តែ​ខ្លាំង​។

ផលិតករ​រូប​នេះ បន្ត​ថា មក​ដល់​ថ្ងៃនេះ លោក​នៅ​តែ​មាន​សង្ឃឹម ជាប់​ក្នុង​ចិត្ត​ថា កូន​ខ្មែរ​នឹង​ជួយ​ឲ្យ​រូប​លោក​មានឱកាស ក៏​ដូច​ជា​មាន​ទុន បន្ត​ផលិតភាព​យន្ត ក្រោយ​ៗ​បន្ថែម​ទៀត ដើម្បី​លើក​ស្ទួយ​ភាពយន្ត​ខ្មែរ​យើង ប្រកបដោយ​គុណភាព​។

គួរ​បញ្ជាក់​ដែរ​ថា ខ្សែភាពយន្ត​រឿង "​កំពូល​ស៊យ​ឆ្លង​ភព​" ផលិតករ មិន​មាន​លទ្ធភាព​ធ្វើ​ពិធី​សម្ពោធ មុន​ថ្ងៃ​ចាក់​បញ្ចាំង​ទេ ហើយ​ភាពយន្ត​មួយ​នេះ​ក៏​ចាប់ផ្ដើម​ចាក់​បញ្ចាំង នៅ​គ្រប់​រោងកុន​ចាប់ពី​ថ្ងៃ​ទី​១៦​មីនា​នេះ តទៅ​៕

ព័ត៌មានថ្មីៗ