សារអេឡិចត្រូនិច
ប្រទេសចិនត្រៀមបង្កើតតំបន់សេដ្ឋកិច្ចសមុទ្រគំរូចំនួន១០ទៅ២០កន្លែងមុនឆ្នាំ២០២០


CRI Online៖ លោក ហ្វាង ចៀនមឹង អនុប្រធាននាយកដ្ឋានសមុទ្រជាតិចិន បានថ្លែងឱ្យដឹងកាលពីថ្ងៃទី១៥ មីនា មិ្សលមិញថា ប្រទេសចិនត្រៀមបង្កើតតំបន់សេដ្ឋកិច្ចសមុទ្រគំរូចំនួន១០ទៅ២០កន្លែងនៅមុនឆ្នាំ២០២០ ហើយតំបន់គំរូក្រុមទីមួយនឹងធ្វើការពិនិត្យដើម្បីទទួលយកនៅចុងឆ្នាំ២០១៧នេះ។

លោក ហ្វាង ចៀនមឹង បានបង្ហាញថា សេដ្ឋកិច្ចសមុទ្រគឺជាផ្នែកដ៏សំខាន់មួយនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ កាលពីឆ្នាំ២០១៦កន្លងទៅបរិមាណសរុបនៃសេដ្ឋកិច្ចសមុទ្រមានចំនួនរហូតដល់ ៧ទ្រីលានយ័នប្រាក់ចិន ពោលគឺប្រមាណ៩,៥%នៃ GDP។ ប៉ុន្មានឆ្នាំមកនេះ វិស័យឧស្សាហកម្មសមុទ្រដែលមានលក្ខណៈជាប្រពៃណីមានការអភិវឌ្ឍបានល្អប្រសើរ ហើយសេវាកម្មសមុទ្រកើតថ្មីបានអភិវឌ្ឍយ៉ាងលឿនរហ័ស។ លោកសង្ឃឹមថា ការកសាងតំបន់គំរូអាចជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រក្នុងពេលដំណាលគ្នា ហើយថែមទាំងជួយថែរក្សាអេកូបរិស្ថានអេកូសមុទ្រផងដែរ។ រដ្ឋាភិបាលចិននឹងបង្កើតវេទិកាសាធារណៈ ដើម្បីជួយក្នុងការតភ្ជាប់នូវទីផ្សារ។

អេកូបរិស្ថានសមុទ្ររបស់ប្រទេសចិនកំពុងល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ យោងតាមទិន្នន័យតាមដាន ឆ្នាំ២០១៦ ផ្ទៃដែនទឹកល្អប្រសើររបស់ប្រទេសចិនមានចំនួនរហូតដល់ ២២,៧ម៉ឺនគីឡូម៉ែត្រការ៉េ បើធៀបនឹងឆ្នាំ២០១៥ បានកើនឡើងចំនួន១,៥ម៉ឺនគីឡូម៉ែត្រការ៉េ៕