សារអេឡិចត្រូនិច
លោក លី ខឺឈាំង៖ អាស៊ានជាទិសដៅចម្បងនៃទំនាក់ទំនងការទូតរបស់ចិនជាមួយប្រទេសជិតខាង


ថ្ងៃទី១៥ ខែមីនា លោក លី ខឺឈាំង នាយករដ្ឋមន្ត្រីចិនបានជួបសន្ទនាជាមួយអ្នកសារព័ត៌មានចិននិងបរទេសនៅវិមានសភាប្រជាជន និងបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីបញ្ហាសេដ្ឋកិច្ចជាតិចិន ពាណិជ្ជកម្មសេរី ស្ថានការណ៍តំបន់អាស៊ីប៉ាស៊ីហ្វិក និងកម្លាំងសម្ពាធខាងការប្រកបអាជីពជាដើម។

ពេលនិយាយដល់ស្ថានកាណ៍អាស៊ីប៉ាស៊ីហ្វិក   លោក លី ខឺឈាំង នាយករដ្ឋមន្ត្រីចិនបានថ្លែងថាតំបន់អាស៊ីប៉ាស៊ីហ្វិក ជាផ្ទះរួមរបស់បណ្តាប្រទេសនានាក្នុងតំបន់។ ប្រទេសចិនមិនសង្ឃឹមហើយក៏មិនចង់ឃើញការប្រកាន់បក្សពួកកើតឡើងនោះដែរ និយាយរួមគឺត្រូវគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

នៅតំបន់អាស៊ីប៉ាស៊ីហ្វិក យើងចាត់ទុកអាស៊ានជាទិសដៅចម្បងនៃទំនាក់ទំនងការទូតរបស់ប្រទេសចិនជាមួយប្រទេសជិតខាង គាំទ្រការកសាងសហគមន៍អាស៊ាន ដើរតួនាទីដែលមានឋានៈស្នូលក្នុងកិច្ចសហប្រតិបត្តិការតំបន់។ 

យើងសង្ឃឹមថាតំបន់អាស៊ីប៉ាស៊ីហ្វិកគឺជាតំបន់មួយដែលមានស្ថិរភាពនិងមានរបៀបរៀបរយ និងជាតំបន់មួយដែលអាចធ្វើការពិគ្រោះពិភាក្សានិងដើរដល់មតិឯកភាពគ្នាបាន។ យើងសង្ឃឹមថាអាចរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពក្នុងសមុទ្រចិនខាងត្បូង ហើយភាគីពាក់ព័ន្ធនានាអាចដោះស្រាយបញ្ហាជម្លោះតាមរយៈការពិគ្រោះពិភាក្សាគ្នាដោយផ្ទាល់ ក្នុងន័យរួមគ្នាគាំពារសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់។

   លោក លី ខឺឈាំងបានថ្លែងថា ប្រទេសចិននិងអាមេរិកបានធ្វើកិច្ចសហប្រតិបត្តិការជាច្រើននៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងរយៈពេលច្រើនឆ្នាំមកម្ល៉េះ។ ក្រុមហ៊ុនអាមេរិកជាច្រើនបានបង្កើតទីចាត់ការទូទៅនៃជំនួញនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងប្រទេសចិន  ហើយប្រទេសចិនសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកមានផលប្រយោជន៍កាន់តែច្រើនឡើងៗ ដែលធ្វើឲ្យបណ្តាប្រទេសអាស៊ានអាចរកបាននូវសក្តានុពលសម្រាប់អភិវឌ្ឍន៍ ដោយមិនមានអារម្មណ៍ខ្វល់ខ្វាយ។

ពេលនិយាយដល់ពាណិជ្ជកម្មសេរី លោក លី ខឺឈាំងបានថ្លែងថា ប្រទេសចិនប្រកាន់ខ្ជាប់គោលជំហរមួយជាប់ជានិច្ច នោះគឺគាំពារសកលភាវូបនីយកម្មខាងសេដ្ឋកិច្ច គាំទ្រពាណិជ្ជកម្មសេរី ។ ឆ្នាំ២០១៦ ប្រទេសចិនបានទាក់ទាញទុនពីបរទេសចំនួន ១២៦ ពាន់ លានដុល្លារអាមេរិក ដែលជាប់លំដាប់ថ្នាក់ទី១ ក្នុងចំណោមប្រទេសកំពុងអភវិឌ្ឍន៍ ។ ប្រទេសចិនកំពុងជំរុញការកសាងតំបន់ពាណិជ្ជកម្មសេរីសាកល្បងក្រុងសៀងហៃយ៉ាងសកម្ម ។ ឆ្នាំ ២០១៧ នេះ ប្រទេសចិននឹងរៀបចំវេទិកាកំពូលកិច្ចសហប្រតិបត្តិការអន្តរជាតិក្រោមក្របខ័ណ្ឌយុទ្ធសាស្ត្រ “ខ្សែក្រវាត់មួយនិងផ្លូវមួយ “  និងបន្តដាក់ចេញវិធានការសម្រាប់ពង្រីកការបើកចំហកាន់តែធំ ។ ប្រទេសចិននិងប្រទេសជាច្រើនផ្សេងទៀតបានផ្តួចផ្តើមបង្កើតតំបន់ពាណិជ្ជកម្មសេរី ឬធ្វើការចរចារអំពីកិច្ចព្រមព្រៀងវិនិយោគនិងពាណិជ្ជកម្ម ដែលអ្វីទាំងនេះសុទ្ធតែអំណោយផលដល់ការអនុវត្តវិធានការបើកចំហទាំងសងខាង ។ ម្យ៉ាងវិញទៀត  ប្រទេសចិននឹងបន្តបង្កើនការបើកចំហ ទាក់ទាញការវិនិយោគ ដើម្បីរួមរំលែកសក្តានុពលអភិវឌ្ឍន៍លើសកលលោក៕

ព័ត៌មានថ្មីៗ