វឌ្ឍនភាព នៃការត្រួតពិនិត្យ ផលិតផលថ្នាំជក់ នៅកម្ពុជា
ថ្ងៃ សុក្រ ទី ១៧ ខែ មីនា ឆ្នាំ ២០១៧ ម៉ោង ១០:០០
ភ្នំពេញ: បច្ចុប្បន្ននេះការអនុវត្តន៍ការបោះពុម្ពសារព្រមានសុខភាពជារូបភាពនិងជាអក្សរនៅនៅលើកញ្ចប់បារី នៃប្រទេសកម្ពុជានៅតែមានកម្រិតនៅឡើយ ដែលមានន័យថាក្រុមហ៊ុនថ្នាំជក់នៅក្នុងស្រុកខ្មែរនៅតែអនុវត្តន៍មិនបានត្រឹមត្រូវ ទៅតាមច្បាប់របស់ប្រទេសកម្ពុជាយើង។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) នៅថ្ងៃទី១៧ខែមីនានេះ បានលើកឡើងថា ការកាត់បន្ថយគ្រោះថ្នាក់ដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់ជានិន្នាការសកល។ មួយក្នុងចំណោមប្រទេសដទៃទៀតលើពិភពលោក រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់សច្ចាប័នចូលជាសមាជិក នៃអនុញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់របស់អង្គការសុខភាពពិភពលោក តាំងពីឆ្នាំ២០០៥ ក្នុងទិសដៅកាត់បន្ថយការស្លាប់ ការកើតជំងឺ និង ពិការភាពដែលបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមពលរដ្ឋកម្ពុជា។
ដោយអនុលោមតាមអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងបញ្ជូនទៅកាន់សភាជាតិ។ បន្ទាប់មកច្បាប់នេះ ក៏ត្រូវបានអនុម័តដោយរដ្ឋសភានិងព្រឹទ្ធសភា ព្រមទាំងត្រូវបានឡាយព្រះហស្ដលេខា ដាក់ឲ្យអនុវត្តនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ ដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
យើងឃើញថា រដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ទៅលើកិច្ចការត្រួតពិនិត្យផលិតផលថ្នាំជក់។
ក្រោមកិច្ចផ្ដួចផ្ដើមរបស់ក្រសួងសុខាភិបាល អនុក្រឹត្យពីរត្រូវបានអនុម័តទៅតាមការចង្អុលបង្ហាញក្នុងច្បាប់រួមមាន អនុក្រឹត្យស្ដីពីវិធានការហាមការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ និង អនុក្រឹត្យស្ដីពីការបោះពុម្ពសារព្រមានសុខភាព ជាភាសាខ្មែរ និងជារូបភាព លើកញ្ចប់ផលិតផលថ្នាំជក់។ បន្ថែមពីនេះ កម្ពុជាក៏មានប្រកាសស្ដីពីវិធានការចំពោះការដាក់តាំងបង្ហាញ កញ្ចប់ផលិតផលថ្នាំជក់ ដែលចេញដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ក្រៅពីក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានយកចិត្តទុកដាក់ក្នុងការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ តាមរយៈការអនុវត្តវិធានការដំឡើងពន្ធពីរដងបន្តបន្ទាប់គ្នាផងដែរ។
យ៉ាងណាមិញ ការបោះពុម្ពសារព្រមានសុខភាព ជារូបភាពលើកញ្ចប់បារី មានសារៈសំខាន់ក្នុងការបង្ការកុមារ និងយុវជន ពីការចាប់ផ្ដើមប្រើប្រាស់ផលិតផលថ្នាំជក់ ក៏ដូចជាវិធានការអប់រំផ្សព្វផ្សាយ អំពីផលវិបាកនិងគ្រោះថ្នាក់ នៃការប្រើប្រាស់ថ្នាំជក់ផងដែរ។ អ្វីដែលសំខាន់ វិធានការនេះត្រូវបានប្រជាពលរដ្ឋកម្ពុជា ៩៥% ជឿជាក់ថាពិតជាមានប្រសិទ្ធភាពបង្ការពលរដ្ឋ ពីការចាប់ផ្ដើមជក់បារី ក៏ដូចជាជំរុញឲ្យអ្នកជក់ផ្ដាច់បារី (ស្ថិតិរបស់ក្រសួងផែនការចេញឆ្នាំ២០១៤)។ ថ្វីបើទំហំសារព្រមានជារូបភាពកម្ពុជា នៅតូចជាងសារនៃប្រទេសភាគច្រើន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តែវាការចាប់ផ្ដើមដ៏ល្អមួយ។
ប្រទសអាស៊ានទាំងដប់ សុទ្ធតែបានដាក់សារព្រមានសុខភាពជារូបភាពធំៗ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ យើងឃើញថាអនុក្រឹត្យ ស្ដីពីការបោះពុម្ពសារព្រមានជាភាសាខ្មែរ និងជារូបភាពនៅលើកញ្ចប់ផលិតផលថ្នាំជក់ បានចូលជាធរមាននៃការអនុវត្តតាំងពីខែកក្កដាឆ្នាំ ២០១៦ មកម្ល៉េះ តែមកទល់ពេលនេះ យើងនៅតែឃើញមានផលិតផលថ្នាំជក់មួយចំនួន ដែលគ្មានសារព្រមានសុខភាពត្រឹមត្រូវ ចរាចរនៅលើទីផ្សារ ដដែល។
គួររំលឹកថា រៀងរាល់ឆ្នាំប្រជាពលរដ្ឋកម្ពុជា ១ម៉ឺននាក់ស្លាប់ ដោយសារការប្រើប្រាស់ថ្នាំជក់។ ចំណាយទៅលើការទិញបារីនៅកម្ពុជាមួយឆ្នាំៗអស់ប្រមាណ ២០០ លានដុលា្លរអាមេរិក ដែលតម្លៃនេះ អាចធៀបបាននឹងការសង់ផ្ទះឈើចំនួនជាង ៤ម៉ឺនខ្នង សម្រាប់ប្រជាពលរដ្ឋកម្ពុជានៅជនបទ។ នៅក្នុងឆ្នាំ២០១៣ កម្ពុជាខាត ៣៤,៥ លានដុល្លារអាមេរិក ទៅលើការព្យាបាលជំងឺ៥មុខ ដែលទាក់ទងនឹងការប្រើប្រាស់ថ្នាំជក់។ យើងសង្ឃឹមថា រដ្ឋាភិបាលក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ នឹងរឹតបន្តឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានក្រោមច្បាប់ស្ដីពីការត្រួតពិនិត្យថ្នាំជក់ ដើម្បីបង្ការនិងកាត់បន្ថយផលប៉ះពាល់ពីការប្រើប្រាស់ថ្នាំជក់លើប្រជាពលរដ្ឋកម្ពុជា៕