សារអេឡិចត្រូនិច
តៃវ៉ាន់ ថា​ខ្លួន​មាន​សមត្ថភាព វាយប្រហារ​ដោយ​អាវុធ​មី​ស៊ី​ល ប្រឆាំង​ចិន


តៃវ៉ាន់​បាន​និយាយ​លើក​ទី​មួយ ជា​សាធារណៈ​ថា ខ្លួន​មាន​សមត្ថភាព ក្នុង​ការ​វាយប្រហារ​ដោយ​អាវុធ​មី​ស៊ី​ល​ប្រឆាំង​ចិន​ការ​លើក​ឡើង​បែប​នេះ គឺ ស្រប​ពេល​ដែល រដ្ឋាភិបាល​តៃវ៉ាន់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បញ្ចេញ​របាយការណ៍​ការពារ​ជាតិ​មួយ របស់​ខ្លួន ដោយ​ព្រមាន​អំពី​ហានិភ័យ​កើនឡើង​ខ្ពស់​អំពី​ការ​វាយប្រហារ​ឈ្លានពាន​ដោយ​ប្រទេស​ចិន​។

ក្នុងអំឡុងពេល​ផ្តល់​របាយការណ៍​ប្រចាំ​ឆ្នាំទៅ​សភា​តៃវ៉ាន់​នោះ  លោក Feng Shih-kuan រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​ឆ្លើយ​ថា "​បាទ​" នៅ​ពេល​លោក​ត្រូវ​បាន​សួរ​ដោយ​សមាជិក​សភា​ម្នាក់​ថា​តើ​តៃវ៉ាន់​មាន​សមត្ថភាព​វាយប្រហារ​ដោយ​មី​ស៊ី​ល​ទៅ​ប្រទេស​ចិន​ដែរ​ឬ​អត់​នោះ​។

សមាជិក​សភា​តៃវ៉ាន់ លោក Wang Ting-yu បាន​និយាយ​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​AFP " វា​ជា​លើក​ដំបូង​ដែល​ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​បញ្ជាក់​អះអាង​យ៉ាង​ច្បាស់លាស់ ដូចនេះ "​។

លោក Wang Ting-yu បាន​និយាយ​ថា មី​ស៊ី​ល​តៃវ៉ាន់​អាច​បាញ់​បាន​ចម្ងាយ​ជាង​១.៥០០​គីឡូម៉ែត្រ ឯណោះ​។

កាលពី​ពេល​កន្លង​មក ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយ​ថា ខ្លួន​បាន​ផលិត​អាវុធ​មី​ស៊ី​ល​ទំនើប​ឈ្មោះ​មី​ស៊ី​ល​គ្រួ​ស ប៉ុន្តែ ក្រសួងការពារជាតិ​តៃវ៉ាន់​នេះ មិន​ដែល​បាន​និយាយ​ជា​សាធារណៈ​អំពី​សមត្ថភាព​របស់​មី​ស៊ី​ល​នេះ​ទេ​។

ប្រទេស​ចិន​នៅ​តែ​មើលឃើញ​កោះ​តៃវ៉ាន់​ថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ហើយ​ចង់​យក​វា​មក​កាន់កាប់​វិញ​តាម​រយៈ​ការ​ប្រើ​កម្លាំងយោធា បើសិន​វា​ចាំបាច់​នោះ ទោះបីជា កោះ​តៃវ៉ាន់​នេះ​បាន​គ្រប់គ្រង​ដោយ​ខ្លួនឯង​គឺ​ចាប់តាំងពី​ភាគី​ទាំង​២​នេះ បាន​ផ្តាច់​ចេញ​គ្នា ក៏​ដោយ គឺ​បន្ទាប់​ពី​សង្គ្រាមស៊ីវិល​ក្នុង​ឆ្នាំ​១៩៤៩៕

ព័ត៌មានថ្មីៗ