សារអេឡិចត្រូនិច
មុន​សម្រេចចិត្ត​វះកាត់​កែ​សម្ផស្ស​ត្រូវ​ចោទសួរ​ខ្លួនឯង​នូវ​១០​សំណួរ​នេះ​សិន


មនុស្ស​ភាគច្រើន​ធ្វើការ​កែ​សម្ផស្ស​ដើម្បី​ឱ្យ​ខ្លួនឯង​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន​។ តើ​វា​មាន​ប្រសិទ្ធភាព​ឬទេ? ការ​សិក្សា​បាន​បង្ហាញ​ថា ជា​ទូទៅ ពួក​គេ​ពេញចិត្ត​នឹង​លទ្ធផល​នៃ​ការ​វះកាត់​របស់​ពួក​គេ​និង​និយាយ​ថា ខ្លួន​មាន​ជំនឿ​និង​ភាព​ជឿជាក់​លើ​ខ្លួនឯង​កាន់តែ​ខ្លាំង​និង​ជីវិត​កាន់តែ​ប្រសើរ​។​ប៉ុន្តែ ការ​វះកាត់​កែ​សម្ផស្ស​មិនមែន​ល្អ​ចំពោះ​មនុស្ស​គ្រប់​គ្នា​ឬ​គ្រប់​បញ្ហា​នោះ​ទេ​។ ប្រសិនបើ​អ្នក​កំពុង​គិត​ចង់​ធ្វើការ​វះកាត់ អ្នក​គួរ​ចំណាយពេល​ដើម្បី​ពិចារណា​នូវ​ចំណុច​ខាងក្រោម​៖

១. ហេតុ​អ្វី​បានជា​ខ្ញុំ​ចង់​ធ្វើការ​វះកាត់​កែ​សម្ផស្ស?

មូលហេតុ​ដែល​ល្អ​បំផុត​សំរាប់​ការ​វះកាត់​កែ​សម្ផស្ស​គឺ​ដើម្បី​កែប្រែ​រូបរាង​ខ្លួនឯង​ឱ្យ​ប្រសើរ​ជាង​មុន ដែល​វា​ជា​អារម្មណ៍​ដែល​អ្នកមាន​ចំពោះ​ខ្លួនឯង​។ អ្នក​ដែល​មាន​រូបរាង​ស្អាត ច្រើន​តែ​មាន​ភាព​ជឿជាក់​ខ្ពស់​, មាន​ឥទ្ធិពល​លើ​ការងារ​និង​ស្ថានភាព​សង្គម​, និង​មាន​ទំនាក់ទំនង​ស្នេហា​ល្អ​។ គេ​ច្រើន​តែ​ចាត់​ទុក​ការ​វះកាត់​កែ​សម្ផស្ស​នេះ ជា​ការ​វះកាត់​ផ្នែក​ចិត្តសាស្ត្រ (psychological surgery)​។ គោលបំណង​របស់​វា​គឺ​ដើម្បី​ធ្វើ​ឱ្យ​អារម្មណ៍​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង និង​បង្កើន​សុខភាព​ផ្នែក​អារម្មណ៍​។

២. តើ​ខ្ញុំ​ធ្វើការ​វះកាត់​កែ​សម្ផស្ស​ដើម្បី​តម្រូវ​ចិត្ត​អ្នក​ដទៃ​ឬ​ខ្លួនឯង?

អ្នក​ត្រូវ​ប្រាកដ​ថា អ្នកធ្វើការ​វះកាត់​នេះ​គឺ​សំរាប់​ខ្លួនឯង មិនមែន​សំរាប់​អ្នក​ដទៃ​នោះ​ទេ​។ ការ​វះកាត់​នេះ​មិន​អាច​បញ្ឈប់​ការ​ចាកចេញ​របស់​មិត្ត​ប្រុស​អ្នក​ទេ​, វា​មិន​អាច​នាំ​ឱ្យ​អ្នក​ស្គាល់​មិត្ត​ថ្មី​, វា​មិន​អាច​ផ្តល់​ការងារ​ដែល​ល្អ​ឱ្យ​អ្នក​។ ជា​លទ្ធផល អ្នក​នឹង​អស់សង្ឃឹម​ប្រសិនបើ​អ្នកធ្វើការ​កែ​សម្ផស្ស​ដើម្បី​តម្រូវ​ចិត្ត​អ្នក​ដទៃ​។

៣. តើ​ការ​ចង់បាន​របស់ខ្ញុំ​ច្បាស់លាស់​ឬទេ?

ការ​មានការ​សង្ឃឹម​ចង់បាន​ដែល​ជាក់លាក់ អាច​ជា​កត្តា​ដែល​សំខាន់​បំផុត​ក្នុង​ការ​ទទួល​បាន​លទ្ធផល​ដែល​ជោគជ័យ​។ ការ​វះកាត់​កែ​សម្ផស្ស​អាច​ធ្វើ​ឱ្យ​រូបរាង​របស់​អ្នក​ស្អាត​បាន​យ៉ាង​លឿន ប៉ុន្តែ​វា​មាន​ដែន​កំណត់​របស់​វា​។ វា​ជា​ការ​សង្ឃឹម​ដ៏​ឆ្កួត​មួយ​ចំពោះ​អ្នក​ដែល​ចង់​មាន​របៀប​រស់នៅ​ដូច​តារា​ល្បី​ៗ ដែល​គិត​ថា​ការ​វះកាត់​អាច​ធ្វើ​ធ្វើ​ឱ្យ​ពួក​គេ​មានមុខមាត់​ដូច​តារា ឬ​ធ្វើ​ឱ្យ​ពួក​គេ​មាន​សម្រស់​ក្មេង​ជាង​វ័យ​ដូច​កាលពី​ប៉ុន្មាន​សិប​ឆ្នាំ​មុន​។

៤. តើ​ខ្ញុំ​រៀបចំ​អារម្មណ៍​បាន​ឬ​នៅ​សំរាប់​ការ​វះកាត់​កែ​សម្ផស្ស?

មាន​កាលៈទេសៈ​មួយ​ចំនួន ដែល​មិនល្អ​សំរាប់​ការ​វះកាត់ ដូច​ជា​មាន​បញ្ហា​ផ្លូវចិត្ត​ខ្លាំង រួម​មាន ការ​លែងលះ ប្តី​ឬ​ប្រពន្ធ​ទទួលមរណភាព​, ឬ​ការ​បាត់បង់​ការងារ​។ គ្រូពេទ្យ​ក៏​មានការ​ស្ទាក់ស្ទើរ​ក្នុង​ការ​វះកាត់​អ្នក​ដែល​មាន​ភាព​ក្រៀមក្រំ​ចិត្ត​, មាន​ជំងឺផ្លូវចិត្ត​, អ្នក​ដែល​មិន​អាច​តម្រូវ​ចិត្តបាន​, ឬ​អ្នក​ដែល​ងប់​នឹង​ភាពល្អ​ឥត​ខ្ចោះ​។

៥. តើ​នេះ​ជា​ពេល​ល្អ​បំផុត​សំរាប់​ការ​វះកាត់​កែ​សម្ផស្ស​ឬទេ?

ទោះជា​អ្នក​រៀបចំ​ផ្លូវចិត្ត​សំរាប់​ការ​វះកាត់​ហើយ​ក៏​ដោយ អ្នក​អាច​នឹង​ពន្យារ​ការ​វះកាត់​ប្រសិនបើ​អ្នក​ស្ថិត​ក្រោម​សំពាធ​ឬ​ភាព​ខ្វល់ខ្វាយ​ពី​បញ្ហា​មួយ​ចំនួន​។ គ្រោង​ធ្វើការ​វះកាត់​នៅ​ពេល​ដែល​អ្នកមាន​អារម្មណ៍ល្អ​និង​មាន​ពេលវេលា​សំរាប់​សំរាក​ព្យាបាល​។ បើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​ប្រឈម​មុខ​នឹង​ការ​ជា​សះស្បើយ​ក្នុង​រយៈពេល​យូរ​។

៦. តើ​ខ្ញុំ​អាច​សម្រប​ទៅ​នឹង​ការ​ប្រែប្រួល​នៃ​រូបរាង​ខ្ញុំ​ដោយ​របៀប​ណា?

អ្នក​ត្រូវការ​ពេលវេលា​ខ្លះ​ដើម្បី​សម្រប​ទៅ​នឹង​រូបរាង​ថ្មី​របស់​អ្នក ជា​ពិសេស​សំរាប់​ការ​វះកាត់​ដែល​ធ្វើ​ឱ្យ​មានការ​ប្រែប្រួល​មុខមាត់​ខ្លាំង ដូច​ជា​ការ​វះកាត់​ច្រមុះ (rhinoplasty)​។ ការ​វះកាត់​ដូច​ជា​ការ​បំបាត់​ស្នាម​ជ្រីវជ្រួញ​ដោយ​ប្រើ​ថ្នាំ Botox ដែល​ធ្វើ​ឱ្យ​អ្នក​ក្មេង​ជាង​វ័យ មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទទួលយក​ភាព​ប្រែប្រួល​នេះ​។

៧. តើ​ខ្ញុំ​រៀបចំ​ខ្លួន​សំរាប់​ទទួលយក​លទ្ធផល​ដែល​មិន​សមបំណង​បានឱ្យ​ឬ​នៅ?

ការ​វះកាត់​កែ​សម្ផស្ស ក៏​ដូច​ជា​ការ​វះកាត់​ផ្សេង​ទៀត​ដែរ មិន​អាច​ធានា​នូវ​លទ្ធផល​បាន​នោះ​ទេ​។ លទ្ធផល​ដែល​មិន​សមបំណង វា​ជា​ករណី​កម្រ ប៉ុន្តែ​ពេល​ដែល​វា​កើតឡើង វា​នឹង​បង្កើត​ភាព​មិន​សប្បាយចិត្ត​ដល់​អ្នក​វះកាត់​និង​គ្រូពេទ្យ​វះកាត់​។ អ្នក​ត្រូវ​តែ​រៀបចំ​ទទួលយក​នូវ​ករណី​អាក្រក់​និង​ត្រូវ​ដឹង​ថា វា​ត្រូវការ​ពេលវេលា​, ភាព​អត់ធ្មត់​, និង​ភាព​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​អ្នក​និង​គ្រូពេទ្យ ដើម្បី​ធ្វើ​ឱ្យ​វា​មាន​ភាព​ប្រសើរ​ឡើង​វិញ​។

៨. តើ​ខ្ញុំ​មាន​អ្នកគាំទ្រ​លើកទឹកចិត្ត​ឬទេ?

ក្នុង​កំឡុង​ពេល​ដែល​កំពុង​ជា​សះស្បើយ វា​ជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​មាន​នរណា​ម្នាក់​គាំទ្រ​ទាំង​ផ្លូវ​កាយ​និង​ចិត្ត​។ អ្នក​ត្រូវ​ដឹង​ថា អ្នក​អាច​នឹង​មាន​អារម្មណ៍​ក្រៀមក្រំ​ជា​ច្រើន​ថ្ងៃ ពេល​ដែល​អ្នក​កំពុង​ជា​សះស្បើយ​។ អ្នក​ត្រូវ​ត្រៀមខ្លួន​សំរាប់​ការ​និយាយ​មិនល្អ​អំពី​ការ​សម្រេចចិត្ត​ផ្លាស់​ប្តូរ​រូបរាង​របស់​អ្នក​ពី​មិត្ត​ឬ​សមាជិកគ្រួសារ​។ អ្នក​គួរ​បដិសេធ​នូវ​សំណើរ​ក្នុង​ការ​ជួយ​ពី​អ្នក​ដែល​អាច​នឹង​មិន​ពេញចិត្ត​នូវ​ការ​សំរេចចិត្ត​របស់​អ្នក​។

៩. តើ​ខ្ញុំ​បាន​ពិចារណា​និង​ទទួលយក​ការ​ប្រឈម​មុខ​គ្រោះថ្នាក់​ហើយ​ឬ​នៅ?

ការ​វះកាត់​គ្រប់​ប្រភេទ​តែងតែមាន​គ្រោះថ្នាក់​។ រួម​ផ្សំ​ទាំង​គ្រោះថ្នាក់​ទូទៅ​ដែល​មាន​ដូច​ជា ការ​ប្រើ​ថ្នាំ​សន្លប់​បាត់បង់​ឈាម​, និង​ការ​ឆ្លង​មេរោគ នៅ​មាន​គ្រោះថ្នាក់​មួយ​ចំនួន​ទៀត​ដូច​ជា ខូច​ស្បែក (skin loss), ភាព​មិន​ស៊ី​មេ​ទ្រី (asymmetry), ស្ពឹក និង​ស្នាម​ខូង​ឬ​ប៉ោង​។ អ្នក​ត្រូវ​ពិចារណា និង​ទទួល​នូវ​ការ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ទាំងនេះ​មុន​នឹង​សំរេចចិត្ត​ធ្វើការ​វះកាត់​។

១០. តើ​ខ្ញុំ​មាន​លទ្ធភាព​ក្នុង​ការ​បង់ថ្លៃ​វះកាត់​ឬទេ?

ប្រសិនបើ​អ្នក​មិន​មាន​លទ្ធភាព​ក្នុង​ការ​បង់ថ្លៃ​វះកាត់​ទេ ភាព​តានតឹង​នឹង​រឿង​លុយកាក់​នឹង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​កាន់តែ​មិនល្អ​ចំពោះ​ខ្លួនឯង​។

ព័ត៌មានថ្មីៗ