រថយន្តយីឌុប បុកម៉ូតូពីក្រោយលើស្ពានអ្នកលឿង ស្លាប់ម្នាក់
ថ្ងៃ ចន្ទ ទី ២០ ខែ មីនា ឆ្នាំ ២០១៧ ម៉ោង ១១:៣០
ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តយីឌុប និងម៉ូតូ បណ្តាលឲ្យមនុស្ស ស្លាប់១នាក់ នៅព្រឹកព្រលឹម ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ៥:៣០នាទី នៅលើស្ពានត្សឹបាសា (ហៅស្ពានអ្នកលឿង) គីឡូម៉ែត្រលេខ ៥៩-៦០ ក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
បើតាមរបាយការណ៍ នគរបាលស្រុកលើកដែក បានឱ្យដឹងថា ភាគីខាងម៉ូតូ មាន២នាក់ ឈ្មោះ សូ ពុធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកំហែងរាជ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ស្លាប់នៅកន្លែងកើត និងអ្នករួមដំណើរ ឈ្មោះជៀវ ណាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ឃុ ជាមួយគ្នា បើកបរម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរី២០១០ ពាក់ស្លាកលេខតាកែវ1B-7402ទិសដៅពីអ្នកលឿងទៅភ្នំពេញ។ ចំណែកភាគីខាងរថយន្ត ក្រោយកើតហេតុបានបើករត់គេចខ្លួន (ទិសដៅពីភ្នំពេញទៅអ្នកលឿង) ហើយត្រូវនគរបាលស្ទាក់ចាប់មកវិញ។
មូលហេតុនៃគ្រោះថ្នាក់នេះ បណ្តាលមកពីរថយន្តបើកជែងគ្នា ក្នុងស្ថានភាពគ្រោះថ្នាក់ បណ្តាលឲ្យបុកម៉ូតូ ស្លាប់មនុស្ស១នាក់ នៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុរួច ផ្នែកជំនាញបានប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី។
ករណីនេះ កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវរករថយន្ត និងកសាងសំណុំរឿង បន្តចាត់ការតាមនីតិវីធី៕