សារអេឡិចត្រូនិច
តើ​នៅ​កម្ពុជា​សព្វថ្ងៃ មាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប៉ុន្មាន​ហើយ​?


​របាយការណ៍​ប្រចាំឆ្នាំ​២០១៦ របស់​ធនាគារជាតិ​នៃ​កម្ពុជា បង្ហាញថា គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៦​នេះ ប្រព័ន្ធ​ធនាគារ រួមមាន ធនាគារពាណិជ្ជ ៣៧ ធនាគារ​ឯកទេស ១៥ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន ៧ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ៦៤ ប្រតិបត្តិ​ករ​ឥណទាន​ជនបទ ១៧០ ការិយាល័យ​តំណាង​ធនាគារ​បរទេស ៧ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ ១២ អ្នកដំណើរ​កា​រត​តិ​យ​ភាគី ៨ ក្រុមហ៊ុន​ក្រេ​ឌី​ត​ប្យូ​រ៉ូ ១ និង​អាជីវករ​ប្តូរប្រាក់ ២២៤៧​។​

​របាយការណ៍​បន្តថា ធនាគារពាណិជ្ជ សរុប​ចំនួន ៣៧ មាន​សាខា​ចំនួន ៧៨៣ និង​មាន​ចំនួន​ទីតាំង​ម៉ាស៊ីន ATM ចំនួន ១២៦០​។ រីឯ​ធនាគារ​ឯកទេស សរុប​ចំនួន ១៥ ( រដ្ឋ​មាន ១ គឺ​ធនាគារ​អភិវឌ្ឍន៍ជនបទ ) និង​ចំនួន​សាខា​មាន ២៩​។ រីឯ​ចំនួន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មាន ៧១ គឺមាន​បណ្តាញ​ប្រតិបត្តិការ ៤១៥៤ និង​មាន​ចំនួន​ទីតាំង​ម៉ាស៊ីន ATM ចំនួន ៣០៧​។​

​របាយការណ៍​របស់​ធ​នាគារ​ជាតិ ក៏បាន​បង្ហាញថា គិត​ត្រឹម​ដំណាច់​ខែធ្នូ ឆ្នាំ​២០១៦ ទ្រព្យសកម្ម​សរុប​រប​ស់​គ្រឹះស្ថាន​ធនាគារ បាន​កើន​ឡើងដល់ ៩៦,២១៦.៣ ប៊ី​លាន​រៀល ដែល​ស្មើនឹង ១១៨.២% នៃ​ផលិតផល​ក្នុងស្រុក​សរុប ហើយ​សំពៀត​ឥណទាន និង​ប្រាក់​បញ្ញើ​របស់​អតិថិជន បាន​កើនឡើង ២០.៥% ដល់ ៥៦,០១៩.១ ប៊ី​លាន​រៀល និង ២១.៨% ដល់ ៥៥,៦៩៩.៨ ប៊ី​លាន​រៀល ស្មើនឹង ៦៨.៨% និង ៦៨.៤% នៃ​ផលិតផល​ក្នុងស្រុក​សរុប​រៀង​គ្នា​។​

​ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​ប្រកាសថា ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នូវ​តម្រូវការ​របស់​សាធារណជន គ្រឹះស្ថាន​ធនាគារ បាន​បន្ត​យកចិត្តទុកដាក់​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​របស់ខ្លួន ដោយមាន​ការបើក​សាខា​ថ្មី ចំនួន ២០១ និង POS ចំនួន ២,១២២​។ ជាមួយគ្នានេះដែរ ម៉ាស៊ីន អេ​ធី​អ៊ឹម ( ATM ) ថ្មី ចំនួន ១៤២ ម៉ាស៊ីន ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​បន្ថែម​លើ​ម៉ាស៊ីន​អេ​ធី​អ៊ឹម ចំនួន ១,១១៨ ម៉ាស៊ីន ដែល​កំពុង​ផ្តល់នូវ​សេវាកម្ម ដូចជា ការដក​ប្រាក់ ដាក់​ប្រាក់ ផ្ទេរប្រាក់ និង​ទូទាត់​ប្រាក់​នៅ​ទូទាំងប្រទេស​។ គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៦ ប័ណ្ណឥណទាន និង​ប័ណ្ណ​ឥណ​ពន្ធ ចំនួន ៥៥,៤០២ និង ១,៥៤៨,១២០ រៀង​គ្នា ត្រូវបាន​ដាក់ចេញ​ឲ្យ​ប្រើប្រាស់ ដោយ​គ្រឹះស្ថាន​ធនាគារ​។​

​ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​ប្រកាសថា គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៦ អ្នក​ដាក់​ប្រាក់​បញ្ញើ​កើនឡើង ១២.៩% ពី ២,៦៥០,១៨៨ នាក់ ដល់ ២,៩៩៣,៣៨៦ នាក់ និង​អ្នក​ខ្ចីប្រាក់​ឡើង ៤៥.៧% ពី ៥១២,៥៨២ នាក់ ដល់ ៧៤៦,៩៣០ នាក់​។ ទន្ទឹមនេះ តាមរយៈ​ផលធៀប​ឆ្នាំ​លើ​ឆ្នាំ ប្រាក់​បញ្ញើ និង​ឥណទាន មានការ​កើនឡើង ២១.៨% និង ២០.៥% រៀង​គ្នា​។ ប្រាក់កម្ចី ឥណទាន​ទាំងនោះ សម្រាប់​វិស័យ​ពាណិជ្ជកម្ម​លក់ដុំ ១៤,២% ពាណិជ្ជកម្ម​លក់រាយ ១៧.៤% កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ១០.៨% សេវា​ផ្សេងៗ​មិនមែន​ហិរញ្ញវត្ថុ ៨% និង​អចលនទ្រព្យ ២១.៥% ( ដោយ​រួមបញ្ចូល​នូវ​វិស័យ​សំណង់ ៨.៧% សកម្មភាព​អចលនទ្រព្យ ៥% និង​ការ​ឲ្យ​ខ្ចី​ទិញ​ផ្ទះ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ៧.៨% ) ណៃ​សំពៀត​ឥណទាន​សរុប​។

​ទន្ទឹមនេះ ធនាគារជាតិ ក៏បាន​ប្រកាសថា អនុ​បាត​ឥណទាន មិន​ដំណើរការ កើនឡើង​ពី ១.៩% ក្នុង​ឆ្នាំ​២០១៥ ទៅ ២.៤% ក្នុង​ឆ្នាំ​២០១៦ ដែល​ទាមទារ​ឲ្យ​គ្រឹះស្ថាន​ធនាគារ​បង្កើន​ការយកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ចំពោះ​វិស័យ ដែល​ប្រឈម និង​មាន​ហានិភ័យ​ខ្ពស់ ក៏ដូចជា ពង្រឹង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​គុណភាព​ទ្រព្យសកម្ម​របស់ខ្លួន​។

​របាយការណ៍​របស់​ធ​នាគារ​ជាតិ​នៃ​កម្ពុជា ក៏បាន​លើកឡើងថា គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៦ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មាន​ចំនួន ៧១ ដែល​ក្នុងនោះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើ​មាន​ចំនួន ៧​។ រីឯ​ទំហំ​ប្រតិបត្តិការ​មីក្រូហិរញ្ញវត្ថុ ដែល​រួមមាន ឥណទាន បាន​កើនឡើង ៤.៧% ដល់ ១២,៦៦១.៥ ប៊ី​លាន​រៀល និង​ប្រាក់​បញ្ញើ បាន​កើន ១២.៧% ដល់ ៥,៩៥៧ ប៊ី​លាន​រៀល​។​

​ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​ប្រកាសថា ឥណទាន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ត្រូវបាន​ផ្តល់ជូន​ប្រជាពលរដ្ឋ ដែល​កំពុង​ប្រកប​អាជីវកម្ម ក្នុង​វិស័យ​សំខាន់ៗ រួមមាន​៖ វិស័យ​កសិកម្ម ៣៣.៣% ក្រុមគ្រួសារ ២៨.៤% ការជួញដូរ និង​ពាណិជ្ជកម្ម ១៨.៥% សេវាកម្ម ៩.៩% សំណង់ និង​ដឹកជញ្ជូន ៧.៥% និង​ផ្សេងៗ ២.៤% ដែល​ក្នុង​អតិថិជន​ម្នាក់ ទទួលបាន​ឥណទាន​ជា​មធ្យម ចំនួន ៦.៧ លាន​រៀល ដែល​ចំនួន​នេះ ខ្ពស់ជាង​ឆ្នាំ​២០១៥​។​

​របាយការណ៍​ក៏បាន​បញ្ជាក់ថា គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៦ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មាន​បណ្តាញ​សាខា​ចំនួន ៤,១៥៤ កំពុង​បម្រើសេវា​ជូន​អតិថិជន ជា​អ្នក​ខ្ចីប្រាក់ ចំនួន ១,៨៨៩,៩១៤ នាក់ និង​អតិថិជន​ជា​អ្នក​ដាក់​ប្រាក់​បញ្ញើ ចំនួន ១,៥០២,៤៨៨ នាក់ នៅ​គ្រប់​ខេត្ត​-​ក្រុង ក្នុង​ផ្ទៃ​ប្រទេស​។​

​ចំណែក​វិស័យ​ភតិសន្យា​ហិរញ្ញវត្ថុ ត្រូវបាន​ធនាគារជាតិ​នៃ​កម្ពុជា ប្រកាសថា មាន​សន្ទុះ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ការបន្ត​ពង្រីក​សេវា​ភតិសន្យា​ហិរញ្ញវត្ថុ លើ​ចលនទ្រព្យ ដូចជា ម៉ូតូ រថយន្ត គ្រឿងយន្ត​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម គ្រឿងចក្រ​សំណង់ គ្រឿង​អេឡិចត្រូនិក គ្រឿង​សង្ហា​រឹម និង​សម្ភារ​ប្រើប្រាស់​ក្នុង​គ្រួសារ ជាដើម​។ គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៦ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ មាន​ចំនួន ១២ ដែល​ទ្រព្យសកម្ម​សរុប​កើនឡើង ៥២.៣% ដល់ ៦២២.៨១ ប៊ី​លាន​រៀល និង​ឥណទាន​សរុប​កើនឡើង ៤១.១% ដល់ ៤៨៥.០៤ ប៊ី​លាន​រៀល​។ ឥណទាន ត្រូវបាន​បែងចែក​ទៅកាន់​វិស័យ​សំខាន់ៗ ដូចជា វិស័យ​កសិកម្ម ២៣% ក្រុមគ្រួសារ ២៨% ជួញដូរ និង​ពាណិជ្ជកម្ម ១៤% សំណង់ ១៣% វិស័យ​ផ្សេងៗ ១១% ដឹកជញ្ជូន ៦% និង​សេវាកម្ម ៥% ផ្តល់​ដល់​អតិថិជន ចំនួន ៦១,៣៧២ នាក់​។​

​របាយការណ៍ បង្ហាញថា គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បានផ្តល់​ឥណទាន​ទៅកាន់​វិស័យ​អចលនទ្រព្យ រួមមាន សកម្មភាព​អចលនទ្រព្យ ការសាងសង់ និង​ការទិញ​ផ្ទះ សម្រាប់​លំនៅឋាន ដែលមាន​ទឹកប្រាក់​ប្រមាណ​ជា ១១,៩០១ ប៊ី​លាន​រៀល ស្មើនឹង ១៨% នៃ​សំពៀត​ឥណទាន​សរុប ដែល​ក្នុងនោះ ឥណទាន​ផ្តល់​ដោយ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ចំនួន ១១,៨២៥ ប៊ី​លាន​រៀល និង ៧៦ ប៊ី​លាន​រៀល រៀង​គ្នា​។​

​ដើមទុន​ចុះបញ្ជី​អប្បបរមា​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​៖
​ក្នុង​គោលដៅ​ពង្រឹង​មូលដ្ឋាន​ដើមទុន​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ឲ្យ​កាន់តែ​រឹងមាំ កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៦ ធនាគារជាតិ​នៃ​កម្ពុជា បានធ្វើការ​កែសម្រួល និង​ដាក់​ឲ្យ​អនុវត្ត​នូវ​ប្រកាស​ថ្មី ដែល​កំណត់​ឡើងវិញ​នូវ​ដើមទុន​ចុះបញ្ជី​អប្បបរមា​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​។ គ្រឹះស្ថាន មាន​រយៈពេល ២ ឆ្នាំ​សម្រាប់​បំពេញ​ដើមទុន​ឲ្យ​បាន​គ្រប់​តាម​កម្រិត​ដើមទុន​អប្បបរមា ដូចខាងក្រោម​៖
១-​ធនាគារពាណិជ្ជ បង្កើត​ក្រោមរូបភាព​ជា​សាខា​ធនាគារ​បរទេស ដែលមាន​ធនាគារ​មេ មាន​ចំណាត់ថ្នាក់​វិនិយោគ ចំនួន ២០០,០០០,០០០,០០០ ( ពីរ​រយ​ប៊ី​លាន​រៀល )
២-​ធនាគារពាណិជ្ជ​បង្កើត​ក្រោមរូបភាព​ជា​ក្រុមហ៊ុន ក្នុងស្រុក ឬ​ជា​បុត្ត​សម្ព័ន្ធ​ធនាគារ​បរទេស ត្រូវមាន​ដើមទុន​អប្បបរមា ៣០០,០០០,០០០,០០០ រៀល ( បី​រយ​ប៊ី​លាន​រៀល )
៣-​ធនាគារ​ឯកទេស បង្កើត​ក្រោមរូបភាព​ជា​ក្រុមហ៊ុន​ក្នុងស្រុក ត្រូវមាន​ដើមទុន​អប្បបរមា ៦០,០០០,០០០,០០០ រៀល ( ហុកសិប​ប៊ី​លាន​រៀល )
៤-​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើ ត្រូវមាន​ដើមទុន​អប្បបរមា ១២០,០០០,០០០,០០០ ( មួយរយ​ម្ភៃ ប៊ី​លាន​រៀល )
៥-​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ត្រូវមាន​ដើមទុន​អប្បបរមា ៦,០០០,០០០,០០០ រៀល ( ប្រាំមួយ​ប៊ី​លាន​រៀល )៕​