សារអេឡិចត្រូនិច
រុស្ស៊ី​ព្រមាន​ប្រឆាំង​ការវាយប្រហារ​ឯកតោភាគី​របស់​អាមេរិក​លើ​កូរ៉េខាងជើង​


​រុស្ស៊ី កាលពី​ថ្ងៃ​ចន្ទ ទី​១៧ មេសា បាន​ព្រមាន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ប្រឆាំង​ការវាយប្រហារ​ជា​ឯកតោភាគី​លើ ប្រទេស​កូរ៉េខាងជើង បន្ទាប់ពី លោក ម៉ៃ ផេ​ន អនុ​ប្រធានាធិបតី​អាមេរិក​បាន​និយាយថា "​សម័យកាល​នៃ​ការអត់ធ្មត់​ជា​យុទ្ធសាស្ត្រ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាងនោះ គឺ ចប់ ហើយ​" ។​

​    ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី លោក សឺ​ហ្គេ ឡាវ​រ៉ូ​វ បាន​និយាយ​នៅឯ​សន្និសីទកាសែត​មួយ នៅ​ទីក្រុង​មូ​ស្គូ​ថា "​នេះ​ជា​ផ្លូវ​គ្រោះថ្នាក់​ខ្លាំងណាស់ "​។​

​    ​លោក​បាន​និយាយថា "​យើង​មិន​ទទួលយក​សកម្មភាព​នៃ​កម្មវិធី​មី​ស៊ី​ល​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង ដែល​រំលោភ​លើ​សេចក្តីសម្រេចចិត្ត​របស់​អង្គការសហប្រជាជាតិ​នោះទេ ប៉ុន្តែ​នោះ​មិនមែន​មានន័យថា អ្នក​អាច​រំលោភច្បាប់​អន្តរជាតិ​បាន​នោះទេ ។ ខ្ញុំ​សង្ឃឹមថានឹង​មិនមាន​ស​កម្ម​ភាពជា​ឯកតោភាគី​ណាមួយ  ដូចជា​សកម្មភាព​មួយ​ដែល​យើង​បានឃើញ​កាលពីពេល​ថ្មីៗ​នេះ​នៅ​ប្រទេស​ស៊ី​រី​នោះទេ​"​។

​    ​កាលពី​ថ្ងៃ​ចន្ទ លោក ម៉ៃ ផេ​ន បាន​ព្រមាន កូរ៉េខាងជើង កុំឱ្យ​សាកល្បង​មើល​ការតាំង​ចិត្ត​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ប្រកាសថា "​ជម្រើស​ទាំងអស់ ត្រូវបាន​ដាក់​នៅលើ​តុ​ដើម្បី​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់ខ្លួន​នោះ "​។​

​    ​ដោយ​ផ្គើន​ទៅនឹង​ការដាក់​សម្ពាធ​ជា​អន្តរជាតិ​នោះ កូរ៉េខាងជើង​កាលពី​ថ្ងៃ​អាទិត្យ​នេះ បាន​ព្យាយាម​សាកល្បង​មី​ស៊ី​ល​មួយទៀត ប៉ុន្តែ បាន​បរាជ័យ ដែល​បាន​បង្ក​ការភ័យខ្លាច​ខ្លាំង​ឡើង​ថា​កូរ៉េខាងជើង​អាច​រៀបចំ​សម្រាប់​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​ទី​៦​របស់​ខ្លូន​។​

​    ​លោក ម៉ៃ ផេ​ន បាន​និយាយថា សម័យកាល​នៃ "​ការអត់ធ្មត់​ជា​យុទ្ធសាស្ត្រ​" របស់​អាមេរិក នៅក្នុង​ការដោះស្រាយ​ជាមួយ​កូរ៉េខាងជើង​នេះ បានបញ្ចប់​ទៅជា​ង​២​ទសវត្សរ៍​មកហើយ​។​

​    ​លោក ផេ​ន បាន​និយាយថា "​កាលពី​២​សប្តាហ៍​មុន ពិភពលោក​បាន​ធ្វើជា​សាក្សី​និង​
​បានឃើញ​ភាពខ្លាំង​ក្លា និង​ការតាំង​ចិត្ត​របស់​ប្រធានាធិបតី​ថ្មី​របស់​យើង​ក្នុង​ចំណាត់​ការដែល​បានធ្វើ​ឡើង​នៅ​ប្រទេស​ស៊ី​រី​និង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​"៕

ប្រភពរស្មីកម្ពុជា

ព័ត៌មានថ្មីៗ