ចិន និងរុស្ស៊ី បញ្ជូននាវាឈ្លបយកការណ៍ដេញតាម "កងនាវាចម្បាំង" របស់ត្រាំ មកដែនទឹកកូរ៉េខាងជើង
ថ្ងៃ អង្គារ ទី ១៨ ខែ មេសា ឆ្នាំ ២០១៧ ម៉ោង ១២:៣០
យោងតាមប្រភពព័ត៌មានដេលីមែលកាលពីថ្ងៃចន្ទ ទី១៧ មេសា បានឱ្យដឹងថា ចិន និងរុស្ស៊ីបានបញ្ជូននាវាប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ "ដេញតាម" កងនាវាចម្បាំងរបស់ដូណាល់ ត្រាំ មកដែនទឹកកូរ៉េខាងជើង។
ប្រធានាធិបតីអាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះ USS Carl Vinson ដំណើរការដោយម៉ាស៊ីនរ៉េអាកទ័រនុយក្លេអ៊ែរ ដែលផ្ទុកយន្តហោះជិត ១០០ គ្រឿង និង អមដោយនាវាពិឃាតជាច្រើនគ្រឿង នាវាល្បាតមួយគ្រឿង និង នាវាមុជទឹកមួយគ្រឿងមកកាន់ឧបទ្វីបកូរ៉េ។
ប៉ុន្តែមានរបាយការណ៍ជាច្រើនក្នុងតំបន់លើកឡើងថា កងនាវានេះកំពុងត្រូវបានតាមដានដោយនាវាដែលជាកម្មសិទ្ធិរបស់កងទ័ពជើងទឹកចិន និងរុស្ស៊ី ចំពេលមានការព្រួយបារម្ភខ្លាំងឡើងជុំវិញការបញ្ជូនកងនាវាចម្បាំងរបស់អាមេរិក។
ការអះអាងបែបនេះត្រូវបានធ្វើឡើងដោយប្រភពជាច្រើនពីរដ្ឋាភិបាលជប៉ុន។ នេះបើយោងតាមកាសែត Yomiuri Shimbun។
នាវាចិននិងរុស្ស៊ីតាមសេចក្តីរាយការណ៍ គឺបានកំពុងរៀបចំផែនការពង្រឹង "សកម្មភាពព្រមាន និង ឈ្លបយកការណ៍" នៅក្នុងតំបន់។
ដំណឹងនេះកើតឡើង ខណៈដែលរុស្ស៊ីបានព្រមានវ៉ាស៊ីនតោន ប្រឆាំងនឹងការវាយលុកជាឯកតោភាគីលើកូរ៉េខាងជើង បន្ទាប់ពីអនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ផេន និយាយថា "សម័យកាលនៃការអត់ធ្មត់ជាយុទ្ធសាស្ត្រ" ជាមួយព្យុងយ៉ាងបានចប់ហើយ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ បាននិយាយនៅសន្និសីទកាសែតក្នុងទីក្រុងមូស្គូថា "នេះជាវិថីប្រកបដោយហានិភ័យខ្លាំងណាស់"។
លោកនិយាយថា "យើងមិនទទួលយកនូវសកម្មភាពកាំជ្រួចនុយក្លេអ៊ែរមិនប្រុងប្រយ័ត្នរបស់ព្យុងយ៉ាង ដែលរំលោភសេចក្តីសម្រេចរបស់អ.ស.ប ទេ ប៉ុន្តែមិនមានន័យថា អ្នកអាចរំលោភច្បាប់អន្តរជាតិបានឡើយ។ ខ្ញុំសង្ឃឹមថា នឹងមិនមានសកម្មភាពឯកតោភាគីណាមួយដូចសកម្មភាពដែលយើងបានឃើញថ្មីៗនេះនៅក្នុងប្រទេសស៊ីរីនោះឡើយ"៕
ប្រភពរស្មីកម្ពុជា