សារអេឡិចត្រូនិច
មហា​បាតុកម្ម​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ប្រែក្លាយជា​អំពើហិង្សា​


មនុស្ស​យ៉ាងតិចណាស់​ចំនួន​២​នាក់​ត្រូវបាន​បាញ់សម្លាប់​កាលពី​ថ្ងៃ​ពុធ​ទី​១៩​មេសា​នៅ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​​នៅក្នុង​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​របស់លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ (Nicolas Maduro) ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។​

​    ​កេ្ម​ង​ជំទង់​ម្នាក់ បាន​ស្លាប់​នៅ​ទីក្រុង​កា​រ៉ា​កាស និង​ស្ត្រី​ម្នាក់ ត្រូវបាន​សម្លាប់​នៅ​ទីក្រុង​សាន់​គ្រី​ស្តូប​ល​។

​    ​ក្រុមអ្នកតវ៉ា​រាប់ម៉ឺន​នាក់ បាន​ដើរ​ដង្ហែ​តវ៉ា​នៅតាម​ផ្លូវ​ដើម្បី​ទាមទារ​ឱ្យមាន​ការបោះឆ្នោត​ប្រធានាធិបតី​ថ្មី​​និង​ការដោះលែង​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ដែល​ត្រូវបាន​ចាប់​ដាក់គុក​។​

​    ​លោក ម៉ា​ឌូ​រ៉ូ បាន​ចោទប្រកាន់​ក្រុម​អ្នកប្រឆាំង​ថា​បាន​វាយប្រហារ​ប៉ូលិស​និង​លួច​យក​អីវ៉ាន់​និង​ទំនិញ​ផ្សេង​ពី​ហាង​លក់ដូរ​ជាច្រើន​។​

​    ​លោក ម៉ា​ឌូ​រ៉ូ បាន​និយាយថា មនុស្ស​ជាង​៣០​នាក់​ត្រូវបាន​ចាប់ខ្លួន ។ ក្រុម​អ្នកគាំទ្រ​របស់​រដ្ឋាភិបាល​កំពុង​ប្រមូលផ្តុំ​ធ្វើ​ការតវ៉ា​ប្រឆាំង​វិញ​នៅ​ទីក្រុង​កា​រ៉ា​កាស​។​

​    ​បើទោះបី​ជាមាន​ប្រភព​ប្រេង​ដ៏​ធំ​បំផុត​នៅ​ពិភពលោក​ក៏ដោយ ក៏​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​ទទួលរង​ជាច្រើន​ឆ្នាំ​ពី​អតិផរណា​ខ្ពស់ អំពើ​ឧក្រិដ្ឋកម្ម និង​ការខ្វះខាត​ទំនិញ​ជា​មូលដ្ឋាន​។​

​    ​ការដាក់​សម្ពាធ​ទៅលើ​ប្រធានាធិបតី​រូបនេះ បាន​កើនឡើង បន្ទាប់ពី​ការធ្លាក់ចុះ​តម្លៃ​ប្រេង និង ការខ្វះខាត​ស្បៀងអាហារ​និង​ថ្នាំពេទ្យ​នៅ​ប្រទេស​នេះ​។​

​    ​ការតវ៉ា​ដែល​កើតឡើង​នៅ​ទូទាំងប្រទេស​នេះ ត្រូវបាន​គេ​រំពឹងថា​ជាការ​តវ៉ា​ដ៏​ធំ​បំផុត​ក្នុង​រយៈ ពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​ដាក់​សម្ពាធ​បន្ថែម​ទៅលើ ប្រធានាធិបតី ដើម្បី​ធ្វើការ​ចរចា​ជាមួយ​ក្រុមប្រឆាំង​និង​រក​វិធី​ដើម្បី​បន្ធូរបន្ថយ​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​។​

​    ​ការបោះឆ្នោត​គឺ​មិន​រំពឹង​កើតឡើង​នោះទេ​រហូតដល់​ឆ្នាំ​២០១៩ ប៉ុន្តែ ក្រុមប្រឆាំង​បាន​និយាយថា​ប្រទេស​នេះ​គឺ​ជិត​នឹង​ដួលរលំ​ហើយ​៕

ប្រភព៖រស្មីកម្ពុជា

ព័ត៌មានថ្មីៗ