សារអេឡិចត្រូនិច
ការវាយប្រហារ​ដោយ​គ្រាប់បែក​និង​បាញ់ប្រហារ​កើតឡើង​នៅ​ខេត្ត​៣​នៅ​តំបន់​ភាគខាងត្បូង​ថៃ


 ​អ្នកនាំពាក្យ​កងទ័ព​ថៃ​បាន​និយាយថា ការវាយប្រហារ​ជា​បន្តបន្ទាប់​ដោយ​គ្រាប់បែក​និង​បាញ់ប្រហារ​បាន សម្លាប់​មនុស្ស​ចំនួន​២​នាក់​និង​៣​នាក់​បាន​រងរបួស​នៅ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ កាលពី​ថ្ងៃ​ពុធ​ទី​១៩​មេសា​។​

​    ​ការវាយប្រហារ​ទាំងនេះ​បានកើត​ឡើង​នៅ​ស្រុក​ចំនួន​១១​នៅ​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់ ខេត្ត​ប៉ា​តានី និង ខេត្ត​សុង​ក្លា នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​ម៉ាឡេស៊ី ។​

​    ​លោក យុ​ត្ថា​ណា​ម ពេជ្រ​មួង អ្នកនាំពាក្យ​កងទ័ព​ថៃ​រូបនេះ បាន​និយាយថា ការវាយប្រហារ​កាលពី​ថ្ងៃ​ពុធ​នោះ គឺ​បាន​តម្រង់​គោលដៅ​វាយប្រហារ​លើ​កងកម្លាំង​សន្តិសុខ ដោយ​រួមទាំង​ប៉ូលិស​និង​កងទ័ព ព្រមទាំង​ជន​ស៊ីវិល​។​

​    ​លោក​បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា "​នេះ​ជា​ស្នាដៃ​របស់​ក្រុម​អ្នក​ដែល​ចង់​បង្ក​ភាពចលាចល ។  បំណង​របស់​ពួកគេ​នោះ​គឺ​ទំនងជា​មិន​ចង់​សម្លាប់​មនុស្ស​ទេ ប៉ុន្តែ​ចង់​បង្ក​ភាពវឹកវរ​និង​ភាព​គ្មាន​សណ្តាប់​ធ្លាប់​ជាជាង​"​។

​    ​រហូតមកដល់​ល្ងាច​កាលពី​ថ្ងៃ​ពុធ មិនមាន​ក្រុម​ណាមួយ​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ទាំងនេះ​ទេ​។​

​    ​ការចរចា​រវាង​រដ្ឋា​ភិ​បាល​ថៃ​និង​ក្រុម​បះបោរ​មួយចំនួន​តូច ដែល​បានចាប់ផ្តើម​កាលពី​ឆ្នាំ​២០១៣ នៅក្រោម​រដ្ឋាភិបាល​ស៊ីវិល​របស់លោក​ស្រី​យី​ង​ឡាក់​ស៊ីណា​វ៉ា​ត់ នាយករដ្ឋមន្ត្រី ប៉ុន្តែ បាន​ជាប់គាំង​ចាប់តាំងពី​យោធា​បាន​ផ្តួលរំលំ​លោកស្រី​កាលពី​ឆ្នាំ​២០១៤៕

ប្រភព៖រស្មីកម្ពុជា

ព័ត៌មានថ្មីៗ