សារអេឡិចត្រូនិច
កីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់​មេដាយមាស​កីឡា​ប៉េតង់​ពិភពលោក ទទួល​ប្រាក់រង្វាន់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​


​ក្នុង​ពិធី​សំណេះសំណាល នា​រសៀល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧  ប្រមុខ​រដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុនសែន បានផ្តល់​ប្រាក់​លើទឹក​ចិត្ត​ដល់​កីឡាការិនី អ៊ុក ស្រីមុំ ចំនួន ១២០ លាន​រៀល និង​ប្រាក់ឧបត្ថម្ភ ១​ម៉ឺន​ដុល្លារ ដែលជា​ថវិកា​ផ្ទាល់​របស់​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។ ក្រៅពីនោះ លោក សុខ មុំ ជា​គ្រូបង្វឹក ក៏​ទទួលបាន​ថវិកា​ពី​រដ្ឋាភិបាល ១២០​លាន​រៀល និង​ទទួលបាន​ការឧបត្ថម្ភ​ពីស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ៣​ពាន់​ដុល្លារ​ផងដែរ​។​

​ក្នុង​ពិធី​សំណេះសំណាល នា​រសៀល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ សម្តេច​ហ៊ុនសែន បាន​ថ្លែងថា កីឡាការិនី អ៊ុក ស្រីមុំ បាន​នាំយកមក​នូវ​មោទនភាព​ជាតិ​មួយ តាមរយៈ​ការដណ្តើម មេដាយមាស​កម្រិត​ពិភពលោក​នេះ​។ សម្តេច​បាន​ថ្លែងអំណរគុណ​ដល់​គ្រូបង្វឹក និង​កីឡាករ កីឡាការិនី ចំពោះ​ការប្រឹងប្រែង រហូត​នាំមក​នូវ​មោទនភាព និង​កិត្តិយស​ជូន​ជាតិ តែ​ក៏​រំពឹង​ប្រឹងប្រែង​បន្តទៀត ដើម្បី​នាំមក​នូវ​ជ័យជម្នះ​ថ្មីៗ​បន្ថែមទៀត​។​



​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​ថ្លែងថា កម្ពុជា​កំពុង​បានទទួល​ជោគជ័យ​ជា​បណ្តើរៗ និង​ឈានទៅរក​ភាព​ស្មើមុខស្មើមាត់​ជាមួយ​ប្រទេស​ដទៃ​។

​សម្តេច​តេ​ជោ បាន​គូសបញ្ជាក់ថា ការទទួលបាន​ជោគជ័យ​លើ​ផ្នែក​កីឡា​នេះ មិន​ពឹង​ផ្អែកលើ​ប្រទេស​ធំ ឬ ប្រទេស​តូច​នោះទេ តែ​គឺ​ពឹង​ផ្អែកលើ​ការខិតខំ​ដោយផ្ទាល់​របស់​កីឡាករ កីឡាការិនី​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ហៅ​ការជួបជុំ​ពិសា​អាហារ​រវាង​សម្តេច ជាមួយ​ក្រុម​កីឡាករ និង​កីឡាការិនី គឺជា​ការ​បំបែក​កំណត់ត្រា​មួយ ដែល​មិន​ធ្លាប់មាន​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​អ្នក​ធ្លាប់​ឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យ​កីឡា ឲ្យ​បន្ត​ជួយ​គាំទ្រ​ដល់​វិស័យ​កីឡា​។​

​កីឡាការិនី​ប៉េតង់ អ៊ុក ស្រីមុំ បានឈ្នះ​មេដាយមាស​កីឡា​ប៉េតង់ ពិភពលោក នៅ​ទីក្រុង Ghent ប្រទេស ប៊ែ​ល​ហ្ស៊ិ​ក ក្នុងការ​ប្រកួត កាលពី​ថ្ងៃទី​១៣-១៦ មេសា ឆ្នាំ​២០១៧ លើ​វិញ្ញាសា​ឯកត្តជន ដែលមាន​កីឡាការិនី​ជាង ៤០​នាក់ មកពី​ទូទាំង​ពិភពលោក​។

​កីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់​មេដាយមាស​កីឡា​ប៉េតង់​ពិភពលោក World Championship Petaque 2017 បាន​មកដល់​ប្រទេស​កម្ពុជា នា​រសៀល​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៧​។ ក្បួន​ម៉ូតូ​ធំ ១២ គ្រឿង បាន​ដង្ហែ​កីឡាការិនី អ៊ុក ស្រីមុំ ពី​ព្រលានយន្តហោះ បើក​តាម​មហាវិថី​នានា ក្នុង​រាជធានី​ភ្នំពេញ​។​

​កីឡាការិនី អ៊ុក ស្រីមុំ គឺជា​ស្ដ្រី​ខ្មែរ​ទី​២​ហើយ ដែល​ដណ្ដើមបាន​មេដាយមាស​កីឡា​ប៉េតង់​ពិភពលោក បន្ទាប់ពី​វីរ​កីឡាការិនី កែ ឡេង ដែល​ដណ្ដើមបាន​មេដាយមាស​លើ​វិញ្ញាសា​វាយ​ឯកត្តជន​នារី​ចំនួន ២​លើក​ជាប់​គ្នា កាលពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៥​។ លើសពីនេះ កីឡាករ សុខ ចាន់​មាន ក៏​ធ្លាប់​ដណ្ដើមបាន​មេដាយមាស​ពិភពលោក​កាលពី​ឆ្នាំ​២០១៦ កន្លងទៅ​ផងដែរ ដោយ​ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតអោយ​ជួប​សំណេះសំណាល និង​ទទួល​ការលើកទឹកចិត្ត​ដោយផ្ទាល់​រួចហើយ​៕​

ព័ត៌មានថ្មីៗ