សារអេឡិចត្រូនិច
មួយថ្ងៃៗ កម្ពុជា នាំចូល​បន្លែ​ចន្លោះ​ពី ២០០-៣០០ តោន ពី​ប្រទេសជិតខាង​


ការស្រាវជ្រាវ​ថ្មី​មួយ បាន​បង្ហាញថា បរិមាណ​បន្លែ ដែល​កំពុង​ផ្គត់ផ្គង់​ដោយ​បណ្តា​ប្រទេសជិតខាង មកកាន់​ទីក្រុង​ភ្នំពេញ មាន​រហូតដល់​ប្រមាណ ២០០ ទៅ ៣០០ តោន ក្នុង​មួយថ្ងៃៗ​។ របាយការណ៍​ថ្មី​នេះ ត្រូវបាន​ប្រកាស​ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី “​ការលើកកម្ពស់​សុវត្ថិ​ភាព​បន្លែ សម្រាប់​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​” ដែល​បាន​ធ្វើឡើង នៅ​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី នា​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧​។

​អង្គការ​សហប្រតិបត្តិ​ការ​អន្តរជាតិ ដើម្បី​ការអភិវឌ្ឍន៍ ( អ៊ី​កូ ) បាន​លើកឡើងថា ៩៥% នៃ​អ្នកប្រើប្រាស់ មានការ​ព្រួយបារម្ភ​អំពី​កម្រិត​ជាតិគីមី នៅក្នុង​បន្លែ រាប់ទាំង​បណ្តា​បន្លែ ដែល​ផលិត​នៅក្នុង​ស្រុក និង​បន្លែ ដែល​នាំចូល​ពី​ប្រទេសជិតខាង​។ ក្នុងនោះ បរិមាណ​បន្លែ ដែល​ផ្គត់ផ្គង់​ក្នុង​ស្រុ​មនា​ត្រឹមតែ ៤៥% ខណៈ​ការ​នាំចូល​បន្លែ​មាន​រហូតដល់ ៥៦%​។​

​តាមរយៈ​បទ​បង្ហាញ​របស់​អង្គការ​ស្បៀងអាហារ​ពិភពលោក FAO បង្ហាញថា បរិមាណ​បន្លែ​ផ្គត់ផ្គង់​នៅ​ប្រទេស​កម្ពុជា ក្នុង​មួយឆ្នាំ មាន​ចំនួន ៩៣០០ តោន​។ ក្នុងនោះ មានការ​ផ្គត់ផ្គង់​បន្លែ​ក្នុងស្រុក ៤៤% និង​នាំចូល ៥៦%​។ ទន្ទឹមនឹង​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​បន្លែ មាន​អង្គការ រដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ បាន​ផ្តោតអារម្មណ៍ រៀបចំ​ផែនការ និង​វិនិយោគ​វិស័យនេះ ដើម្បី​បង្កើន​សុវត្ថិភាព ក៏ដូចជា សុខភាព​ជូន​ប្រជាជន​អ្នក​បរិភោគ ក្នុងប្រទេស​កម្ពុជា​។​

​សិក្ខាសាលា ស្តីពី ការលើក​កំពស់​សុវត្ថិភាព​បន្លែ សំរាប់​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​" រយៈពេល​ពេញ​១​ថ្ងៃ នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧ ប្រារព្ធ​ឡើង ក្នុង​គោលបំណង​៖ ១-​បង្ហាញ​ពី​ស្ថានភាព​ទូទៅ​ទីផ្សារ សក្តានុពល និង​សុវត្ថិភាព​បន្លែ ២-​យុទ្ធសាស្ត្រ បទពិសោធន៍ និង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​លើ​ការអនុវត្តន៍​កសិកម្ម​ល្អ ( GAP ) និង​៣-​កិច្ចសហប្រតិបត្តិការ​ពី​អ្នកពាក់ព័ន្ធ ដើម្បី​ជំរុញ​វិស័យ​បន្លែ​សុវត្ថិភាព​។

​សុវត្ថិភាព​ចំណីអាហារ ជា​ប្រធានបទ​មួយ​សំខាន់ ដែលមាន​ការព្រួយបារម្ភ​ក្នុងចំណោម​អតិថិជន រដ្ឋាភិបាល និង​ភ្នាក់ងារ​អភិវឌ្ឍន៍​ផ្សេងៗ ក៏ដូចជា​ផ្នែក​ឯកជន​នាៗ​។ ក្នុងនោះ ការសិក្សា​របស់ ICCO ថ្មីៗ​នេះ បាន​បង្ហាញថា អតិថិជន​ប្រមាណ​៩៥% បារម្ភ​ពី​សុវត្ថិភាព​បន្លែ​ដែលមាន​ជាតិពុល​ទាំង​បន្លែ​ក្នុងស្រុក និង​នាំចូល​ពី​ប្រទេសជិតខាង​៕

ព័ត៌មានថ្មីៗ