សារអេឡិចត្រូនិច
ជិះ​ម៉ូតូ​បត់​អត់​មើល​ក្រោយ​ត្រូវ​រថយន្តបុក​របួសធ្ងន់​ស្ត្រី​ម្នាក់​...


កណ្តាល​៖​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ និង​ម៉ូតូ បណ្ដាល​ឲ្យ​ស្ដ្រី​ម្នាក់​រងរបួស ដោយសារតែ​ជនរងគ្រោះ​បត់​ម៉ូតូ​មិន​ប្រយ័ត្ន​ក៏ត្រូវ​រថយន្ដបុក​តែម្ដង​។ ហេតុការណ៍​កើតឡើង​កាលពី​ម៉ោង ២​និង​៥០​នាទី រសៀល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ ចំណុច​ភូមិ​ពោធិ៍​មង្គល ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្ដាល​។​

​ស្ដ្រី​រងគ្រោះ​មានឈ្មោះ សៅ តុលា អាយុ ៤៦​ឆ្នាំ ទីលំនៅ​ភូមិ​ស្លែង​ដីដុះ ឃុំ ព្រែកតាទែន​ស្រុក​ពញាឮ រងរបួស​ធ្ងន់ ជិះ​ម៉ូតូ​ម៉ាក Honda Dream ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FR 8131 ចំណែក​ភាគី​រថយន្ដ​ម៉ាក Ford ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2AF 5200 បើកប​រូ​ដោយ​ឈ្មោះ ឃុន វ៉ាត ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ​ទីលំនៅ​ភូមិ​ផ្លូវបំបែក ឃុំ​ព្រែក​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ​ខាងលើ គេ​ឃើញ​ស្ដ្រី​ម្នាក់​បើក​ម៉ូតូ​ម៉ាក Honda Dream ពណ៌​ខ្មៅ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​បើកបរ​មកដល់​កន្លែង​កើតហេតុ បាន​បត់​ឆ្វេង​បំរុង​ប្ដូរ​គន្លង​ផ្លូវ​ប្រកៀក​ប្រកិត​ពីមុខ​រថយន្ដ ដែល​កំពុង​បើកបរ​ស្រប​ទិស​ពីក្រោយ​ម៉ាក Ford ពណ៌​ខៀវ​ពាក់ បណ្តាល​ឲ្យ​រថយន្តបុក​រុញ​ពីក្រោយ​គ្រោះថ្នាក់​អ្នកបើកបរ​ម៉ូតូ បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្នំពេញ រីឯ​មធ្យោបាយ​ពាក់ព័ន្ធ​ករណី​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​បន្ត​នីតិវិធី​៕

ប្រភព៖រស្មីកម្ពុជា