សារអេឡិចត្រូនិច
ឥណ្ឌា​មាន​គម្រោង​បង្ហោះ​ផ្កាយរណប​ឱ្យ​បណ្តា​ប្រទេស​នៅ​អាស៊ី​ខាងត្បូង​, ប៉ា​គី​ស្ថាន​ថា​មិនបាច់​ទេ អរគុណ​ច្រើន​


ទីភ្នាក់ងារ​អវកាស​ឥណ្ឌា​មាន​គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប​នៅ​ថ្ងៃ​សុក្រ​ទី ៥ ឧសភា​នេះ ដើម្បី​ផ្តល់​សេវា​ទូរគមនាគមន៍​ដល់​បណ្តា​ប្រទេសជិតខាង​ខ្លួន​។

​ផ្កាយរណប​អាស៊ី​ខាងត្បូង ដែល​ផ្តល់​មូលនិធិ​ដោយ​ឥណ្ឌា​ទាំងស្រុង ត្រូវបាន​ប្រកាស​ច្រើន​ឆ្នាំ​មកហើយ ជាមួយ​គោលបំណង​បម្រើសេវា​កម្ម​ដល់​សមាជិក​ទាំង ៨ នៃ​សមាគម​អាស៊ី​ខាងត្បូង​សម្រាប់​សហប្រតិបត្តិការ​តំបន់ (SAARC)​។

យោងតាម​លោក អូ​ដេ បាស្កា នាយក​នៃ​មណ្ឌល​ផ្តល់​គំនិត​យោបល់​នៅ​ក្រុង​ដេលី ឈ្មោះថា សង្គម​សិក្សា​គោលនយោបាយ ផ្កាយរណប​នេះ​គឺ​តំណាងឱ្យ "​ទម្រង់​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​តំបន់​" ហើយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិន​ដ្រា ម៉ូ​ឌី ហៅ​ផ្កាយរណប​នេះ​ថា "​កាដូ​ដល់​តំបន់ SAARC"​។​

​ប៉ុន្តែ គម្រោង​តម្លៃ​ជាង ៣៦ លាន​ដុល្លារ​នេះ​មិនបាន​ចូលរួម​ពាក់ព័ន្ធ​ជាមួយ​ប៉ា​គី​ស្ថាន​ទេ ព្រោះ​ប្រទេស​នេះ​បាន​ដកខ្លួន​ចេញពី​គម្រោង​នេះ​ទៅហើយ​។

គម្រោង​ផ្កាយរណប​នេះ​កើតឡើង​នៅ​គ្រា​ដែល​ប្រទេស​ទាំងពីរ​កំពុងមាន​ភា​ព​តានតឹង​ខ្លាំង​។ សប្តាហ៍​នេះ ឥណ្ឌា​បាន​ចោទ​ប៉ា​គី​ស្ថាន បំផ្លាញ​សាកសព​ទាហាន​ឥណ្ឌា​ពីរ​នាក់ ក្នុង​ទឹកដី​ជម្លោះ​កា​ស្មៀ ដែលជា​ទីតាំង​នៃ​ការប៉ះទង្គិច​ដ៏​បង្ហូរឈាម​រវាង​ជន​សកម្មប្រយុទ្ធ​មកពី​ប៉ា​គី​ស្ថាន និង កងកម្លាំង​យោធា​ឥណ្ឌា​កាលពី​ឆ្នាំមុន​៕

អត្ថបទ៖ រស្មីកម្ពុជា